ប្រភពព័ត៌មានដដែលនេះបានឲ្យដឹងថា ក្រុមហ៊ុនប្រេងឥណ្ឌាទាំងរដ្ឋ និងឯកជន បានទិញប្រេងឆៅបញ្ចុះតម្លៃប្រហែល៤០លានបារ៉ែលហើយពីរុស្ស៊ី គិតចាប់តាំងពីលោកវ្ល៉ាល់ឌីមៀ ពូទីន បានបញ្ជាឲ្យមានការបើកប្រត្តិបត្តិយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤កុម្ភៈ។ ប្រភពពី Bloomberg បានឲ្យដឹងទៀតថា កាលពីខែមុន រុស្ស៊ី ក៏បានលក់ប្រេងបញ្ចុះតម្លៃឲ្យឥណ្ឌា ក្នុងកិច្ចសន្យាទិញម្ដង ១៥លានបារ៉ែលផងដែរ។ គិតនៅត្រឹមតែប៉ុន្មានខែនេះប៉ុណ្ណោះ ទំហំនៃការទិញប្រេងឆៅរបស់ឥណ្ឌាពីរុស្ស៊ី គឺមានច្រើនជាងការទិញពេញមួយឆ្នាំ២០២១ ដល់ទៅជាង ២០%ឯណោះ។
ការបញ្ជាទិញប្រេងរបស់ឥណ្ឌាពីរុស្ស៊ីដ៏សម្បើមនេះ ក៏ត្រូវបានប្រទេសលោកខាងលិច រួមមានអាមេរិក និងសហភាពអឺរ៉ុប និយាយទិតៀនឥណ្ឌាផងដែរ ប៉ុន្ដែ ក៏ត្រូវបានរដ្ឋាភិបាលឥណ្ឌា ឆ្លើយតបទៅវិញថា សហភាពអឺរ៉ុបកន្លងមកក៏នៅបន្ដទិញប្រេងពីរុស្ស៊ីដូចតែគ្នាដែរ ហើយរដ្ឋាភិបាលក្រុងញ៉ូដេលី ក៏បានសង្កត់ធ្ងន់ដែរថា ខ្លួនស្វាគមន៍នូវការផ្ដល់ការប្រកួតប្រជែងចំពោះតម្លៃប្រេងនេះ ដើម្បីបំពេញតម្រូវការក្នុងស្រុករបស់ខ្លួន។
យ៉ាងណាក៏ដោយចុះ ប្រធានសហភាពអឺរ៉ុប លោកស្រី អ៊ូសុឡា វ័នឌ័រ លីយិន នៅថ្ងៃទី ០៤ ឧសភា បានប្រាប់សភាអឺរ៉ុបអំពីសំណើកាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ីទៅកាន់អឺរ៉ុប ដើម្បីជាការបញ្ចប់ទាំងស្រុងនូវការពឹងផ្អែករបស់អឺរ៉ុបទៅលើប្រេងឆៅ និងការចម្រាញ់ប្រេងពីប្រទេសរុស្ស៊ីត ហើយវិធានការនេះ គឺជាស្ថិតនៅក្នុងទណ្ឌកម្មលើកទី៦ ដែលសហភាពអឺរ៉ុបត្រៀមដាក់លើទីក្រុងម៉ូស្គូ ឆ្លើយតបនឹងសកម្មភាពសង្គ្រាមឈ្លានពាននៅអ៊ុយក្រែន។
ប្រទេសឥណ្ឌាត្រូវបានគេប៉ាន់ប្រមាណថា នឹងក្លាយជាប្រទេសអ្នកប្រើប្រាស់ប្រេងឥន្ធនៈធំបំផុតទី៣ក្នុងពិភពលោក ដែលមានត្រូវការប្រេងប្រហែល៥លានបារ៉ែលជារៀងរាល់ថ្ងៃ ហើយប្រហែល៨៥% នៃតម្រូវការប្រើប្រាស់សរុប គឺជាប្រេងនាំចូល។ ប៉ុន្ដែ កន្លងមក ឥណ្ឌា គ្រាន់តែជាទីផ្សារបន្ទាប់បន្សំប៉ុណ្ណោះ សម្រាប់ការនាំចេញប្រេងរបស់រុស្ស៊ី។ ទើបតែ អំឡុងសង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើងនេះទេ ដែលឥណ្ឌាងាកមកទិញប្រេងច្រើនពីរុស្ស៊ី ដោយសារតែរុស្ស៊ីឲ្យជូនក្នុងតម្លៃទាបជាងទីផ្សារ៕