ទស្សនកិច្ចនេះ ត្រូវបានគេរំពឹងថា សំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន គឺជាកម្មវត្ថុចម្បងដែលបណ្តាប្រទេសនៅអឺរ៉ុប នឹងយកមកដាក់លើតុពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីឥណ្ឌា ខណៈដែលឥណ្ឌាមកទល់នឹងពេលនេះ មិនត្រឹមតែមិនបានចូលរួមជាមួយប្រទេសលោកខាងលិច ដាក់ទណ្ឌកម្មរុស្ស៊ីនោះទេ រិតតែបានសម្រុកបញ្ជាទិញប្រេងឆៅពីរុស្ស៊ីច្រើនជាងមុនថែមទៀតផង។ មិនតែប៉ុណ្ណោះ ឥណ្ឌា ក៏ជាអ្នកនាំចូលសម្ភារៈយោធាជាច្រើនពីរុស្ស៊ីផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបារាំង AFP។
ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទទី០២ឧសភា មុនពេលចេញដំណើរមក អាល្លឺម៉ង់ជាទីដែលបានបំពេញទស្សនកិច្ចមុនគេ លោកណារិនដ្រា មូឌីគូសបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចរបស់លោកទៅអឺរ៉ុបកើតឡើងនៅពេលដែលតំបន់នេះ ជួបបញ្ហាប្រឈមនិងតម្រូវឲ្យមានជម្រើសច្រើន។ លោកម៉ូឌី បន្ថែមថា ទស្សនកិច្ចរបស់លោកលើកនេះ នឹងពង្រឹងស្មារតីនៃកិច្ចសហប្រតិបត្តិការ ជាមួយដៃគូអឺរ៉ុប ដែលជាដៃគូដ៏សំខាន់ក្នុងការស្វែងរកសន្តិភាព និងវិបុលភាពសម្រាប់ប្រទេសឥណ្ឌា។
ក្នុងថ្ងៃដំបូងនៃបេសសកម្មរបស់លោកមូឌី នៅប្រទេសអាល្លឺម៉ង់ មេដឹកនាំឥណ្ឌារូបនេះបានជួបជាមួយនឹងអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ ស្ហុលស៍ (Olaf Scholz)។ ជាមួយគ្នានោះ ភាគីអាល្លឺម៉ង់បានសន្យាផ្តល់ថវិកាជាង ១០ពាន់លានដុល្លារ ដើម្បីជួយប្រទេសឥណ្ឌាសម្រេចបាននូវគោលដៅអាកាសធាតុរបស់ខ្លួនផងដែរ។
ចំពោះសំណុំរឿងនៅអ៊ុយក្រែនវិញ គេសង្កេតឃើញមេដឹកនាំទាំងពីរហាក់នៅមានគម្លាតឆ្ងាយពីគ្នានៅឡើយ ក្នុងជំហររបស់ពួកគេ ចំពោះសង្គ្រាមអ៊ុយក្រែន។ ជាក់ស្តែង សេចក្តីថ្លែងការណ៍ក្រោយជំនួប របស់មេដឹកនាំអាល្លឺម៉ង់ ហាក់មានភាពផ្ទុយគ្នាពីសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីឥណ្ឌា។
លោកមូឌី បានអំពាវនាវឱ្យមានបទឈប់បាញ់គ្នាពិតប្រាកដមួយ ប៉ុន្តែហាក់ជំទាស់នឹងការអំពាវនាវរបស់លោកខាងលិច ឲ្យថ្កោលទោសសកម្មភាពរបស់វិមានក្រឹមឡាំង ដែលពួកគេពណ៌នាថាជា ប្រតិបត្តិការយោធាពិសេស។ មេដឹកនាំក្រុងញូដេលី អះអាងថា មានតែការចរចាគ្នាតែមួយគត់ ជាវិធីឆ្ពោះទៅរកច្រកចេញនៃបញ្ហា។
គួរបញ្ជាក់ថា លោកណារិនដ្រា ម៉ូឌី នឹងបន្តដំណើរទៅកាន់ទីក្រុង កូប៉េនហេចេន(Copenhagen) ដើម្បីចូលរួមជាមួយនាយករដ្ឋមន្ត្រីនៃប្រទេសដាណឺម៉ាក អ៊ីស្លង់ ហ្វាំងឡង់ ស៊ុយអែត និងន័រវេស ក្នុងកិច្ចប្រជុំកំពូលឥណ្ឌា-អឺរ៉ុបខាងជើង រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ៣ខែឧសភាតទៅ។ លោកនឹងបញ្ចប់ដំណើរទស្សនកិច្ចនៅទីក្រុងប៉ារីស ដែលជាទីដែលលោកម៉ូឌី នឹងជួបជាមួយលោក ម៉ាក្រុង ប្រធានាធិបតីបារាំងនៅថ្ងៃទី៤ឧសភា។
គួរជម្រាបថា នៅមួយរយៈចុងក្រោយនេះ ឥណ្ឌាបានដើរតួម៉ត់ចត់ណាស់ ខាងផ្នែកការទូត រវាងលោកខាងលិច និងទីក្រុងម៉ូស្គូ។ ឥណ្ឌាកំពុងស្ថិតនៅ ក្នុងកាលៈទេសៈមួយដ៏លំបាក, លំបាកក៏ដោយសារឥណ្ឌាត្រូវរែកពុន រវាងរុស្ស៊ីដែលជាមិត្តដ៏សំខាន់ និងក្រុមប្រទេសលោកខាងលិច រួមមានអាមេរិក អឺរ៉ុបជាដើម ដែលក៏គឺជាសម្ព័ន្ធមិត្តសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ សម្រាប់ឥណ្ឌាដែរ។
ឥណ្ឌា មិនបានថ្កោលទោសប្រតិបត្តិការយោធារបស់រុស្ស៊ីនោះទេ ទាំងលក្ខណៈទ្វេភាគី និងក្នុងមហាសន្និបាតអង្គសហប្រជាជាតិ។ រដ្ឋាភិបាលក្រុងញូដេលី គ្រាន់តែបានបានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ចំពោះអរិភាពនៅអ៊ុយក្រែនប៉ុណ្ណោះ។ គេត្រូវដឹងដែរថា ឥណ្ឌាជាអ្នកនាំចូលសម្ភារៈយោធាច្រើនណាស់ពីប្រទេសរុស្ស៊ី ពោលបើទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌាបានបែរទៅរកទិញសព្វាវុធពីលោកខាងលិចខ្លះក្តី ប៉ុន្តែជាង៨០% នៃអាវុធរបស់ឥណ្ឌា គឺត្រូវបានផ្គត់ផ្គង់ដោយរុស្ស៊ី។
បន្ថែមពីលើនេះ ឥណ្ឌាក៏ទទួលបានប្រយោជន៍មិនតិចដែរពីរុស្ស៊ីនៅមួយរយៈចុងក្រោយ ពោលកាលពីដើមខែមីនា គ្រាដែលរុស្ស៊ីចាប់ផ្តើមរងទណ្ឌកម្មសេដ្ឋកិច្ចពីលោខាងលិច ពិបាកក្នុងការលក់ប្រេងឆៅ ឥណ្ឌាបានបញ្ជាទិញប្រេងរុស្ស៊ីភ្លាមៗចំនួន៥លានធុងបារីល ក្នុងតម្លៃដែលរុស្ស៊ីលក់បញ្ចុះតម្លៃ។ គិតពីចុងខែកុម្ភៈត្រឹមខែមេសាឆ្នាំនេះ ឥណ្ឌា បានទិញប្រេងពីរុស្ស៊ី យ៉ាងហោចណាស់ ១៣ លានបារ៉ែល ហើយ ដែលវាជិតស្មើទៅនឹងការទិញប្រេងពេញមួយ ឆ្នាំ ២០២១ កន្លងទៅ ដែលកាលនោះឥណ្ឌានាំចូលប្រេងត្រឹម ១៦លាន បារ៉ែលប៉ុណ្ណោះ ពីរុស្ស៊ី។
ទីភ្នាក់ងារសារព័ត៌មានបារាំង AFP បានចុះផ្សាយដោយយោងប្រភពពីកាសែតក្នុងស្រុកឥណ្ឌាថា ក្នុងពេលដែលរុស្ស៊ីស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់លោកខាងលិច អ្នកនាំចេញចំណីអាហារ គ្រឿងសេរ៉ាមិច និងសារធាតុគីមីចំនួន៥០ក្រុមហ៊ុនរបស់ឥណ្ឌា នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនៅចុងខែនេះ បន្ទាប់ពីមានដំណឹងថាក្រុមហ៊ុនរុស្ស៊ីចង់នាំចូលផលិតផលទាំងនេះពីឥណ្ឌា៕