លោក អូរូរ៉ា (Aurora) ប្រធានក្រុមប្រឹក្សាបច្ចេកទេសជាតិឥណ្ឌាស្តីពីការចាក់ថ្នាំបង្ការ បានលើកឡើងនៅដើមសប្តាហ៍នេះថា «រហូតមកទល់ពេលនេះ មានប្រទេសជិត ៦០ឯណោះនៅលើពិភពលោក ដែលមិនមានលទ្ធភាពទទួលបានវ៉ាក់សាំងយកទៅប្រើប្រាស់ ហើយឥណ្ឌានឹងក្លាយជាអ្នកដែលអាចបំពេញចំណែកខ្វះខាតវ៉ាក់សាំងយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ ក្នុងឆ្នាំ២០២២» ។
ត្រូវបានស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ លោក អារ៉ូរ៉ា បានបន្តទៀតថា ដរាបណាឥណ្ឌាសម្រេចការចាក់វ៉ាក់សាំងដល់មនុស្សពេញវ័យបានគ្រប់ចំនួន នោះយើងនឹងអាចមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ផ្តល់ឲ្យប្រទេសដទៃទៀតក្នុងពិភពលោក ដូចអ្វីដែលឥណ្ឌាធ្លាប់បានធ្វើពីមុនមក។
មន្ត្រីជាន់ខ្ពស់ឥណ្ឌារូបនេះបានឲ្យដឹងថា យ៉ាងយូរត្រឹមចុងឆ្នាំ២០២១នេះ ឥណ្ឌាអាចផលិតបានវ៉ាក់សាំងនៅក្នុងស្រុកដល់ទៅ ៦ប្រភេទផ្សេងៗគ្នា។ យ៉ាងណាមិញ វ៉ាក់សាំងដែលឥណ្ឌាផលិតបាន ហើយត្រូវបានទទួលស្គាល់និងប្រើប្រាស់ដោយយន្តការ COVAX របស់អង្គការសុខភាពពិភពលោក គឺមានតែវ៉ាក់សាំង AstraZeneca ដែលផលិតដោយវិទ្យាស្ថានសេរ៉ូមរបស់ឥណ្ឌា (Serum Institute of India) ឬអាចហៅបានថា Covishield តែប៉ុណ្ណោះ។
គួរជម្រាបថា ឥណ្ឌាកាលពីដើមឆ្នាំ២០២១ ធ្លាប់ជាប្រទេសអ្នកផលិត និងផ្គត់ផ្គង់វ៉ាក់សាំងធំជាងគេមួយរបស់ពិភពលោក។ ជាមួយនឹងនយោបាយការទូតវ៉ាក់សាំងរបស់លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារីនដ្រា ម៉ូឌី បានផ្តើមនាំចេញវ៉ាក់សាំងទៅប្រទេសក្រីក្រមួយចំនួន បូករួមនឹងប្រទេសក្បែរខាងឥណ្ឌាផងដែរ។ ប៉ុន្តែជាអកុសល រលកឆ្លងលើកទី២ដ៏កាចសាហាវនៅឥណ្ឌា បានមកកាត់ផ្តាច់ខ្សែសង្វាក់ផលិត និងផ្គត់ផ្គង់វ៉ាក់សាំង ពិសេសធ្វើឲ្យរង្គោះរង្គើដល់ការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់យន្តការ COVAX របស់អង្គការសុខភាពពិភពលោកផងដែរ។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលឥណ្ឌាបានបង្វែរមកផ្តល់ការយកចិត្តទុកដាក់ដល់ការចាក់វ៉ាក់សាំងសម្រាប់ពលរដ្ឋខ្លួនជាមុនសិន។
សូមបញ្ជាក់ថា បច្ចុប្បន្នឥណ្ឌាជាប្រទេសមានអ្នកឆ្លងកូវីដ១៩ច្រើនជាងគេលំដាប់ទី២ក្នុងលោក ជាមួយនឹងចំនួនអ្នកវិជ្ជមានកូវីដសរុបជិត ៣៣លាននាក់ ស្លាប់ជាង ៤៣ម៉ឺននាក់ ខណៈយុទ្ធនាការចាក់វ៉ាក់សាំងបង្ការសម្រេចបានចំនួនជិត ៦០០លានដូសហើយ៕