សេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌា បានស្រុតចុះខ្លាំងដោយសារតែមានវិបត្តិកូវីដ-១៩ផ្ទុះរាលដាលខ្លាំង ហើយនៅឆ្នាំសារពើពន្ធដែលបានបិទបញ្ចប់កាលពីខែមីនាកន្លងទៅនេះ សេដ្ឋកិច្ចឥណ្ឌាបានធ្លាក់ចុះជាង៧,៣% ខណៈដែលក្រុមអ្នកសេដ្ឋកិច្ចកំពុងមានក្ដីបារម្ភថា សេដ្ឋកិច្ចនឹងមិនមានការងើបឡើងវិញលឿននោះទេ។
ទោះយ៉ាងណា បើតាមនាយករដ្ឋមន្ត្រីឥណ្ឌា ការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួននេះ តម្លៃ ជាង ១,៣ទ្រីលានដុល្លារ ដែលគ្រោងដាក់ចេញ គឺជាចំណុចស្នូលមួយនៃផែនការ ក្នុងការទាញសេដ្ឋកិច្ចឥណ្ឌាដែលបានកប់ផុងក្នុងវិបត្តិកូវីដ-១៩ឲ្យស្ទុះងើបឡើងវិញ។
ឥណ្ឌាជាប្រទេសមួយដែលមានការផ្ទុះរាតត្បាតកូវីដ១៩យ៉ាងខ្លាំងក្លាកាលពីប៉ុន្មានខែមុននេះ ប៉ុន្ដែមកទល់ពេលនេះ តួលេខឆ្លងប្រចាំថ្ងៃហាក់មានការថយចុះច្រើនគួរឲ្យកត់សម្គាល់។
ជុំវិញនឹងស្ថានភាពកូវីដ-១៩ លោក ណារិនដ្រា ម៉ូឌី ក៏បានថ្លែងអួតសរសើរប្រទេសរបស់ខ្លួនថា ប្រទេសឥណ្ឌាមានមោទនភាព ដែលមិនបានពឹងផ្អែកលើវ៉ាក់សាំងកូវីដ-១៩ពីប្រទេសណាទាំងអស់។ លោកបន្ថែមថា បើកុំតែឥណ្ឌាមានការផលិតវ៉ាក់សាំងដោយខ្លួនឯង ម្ល៉េះ ស្ថានភាពឥណ្ឌាមិនដឹងជាទៅដល់ណាហើយទេ។
ឥណ្ឌា បានបញ្ចេញវ៉ាក់សាំងជាង៥០០លានដូសហើយ ប៉ុន្ដែ ដំណើរការចាក់វ៉ាក់សាំងគឺមានសភាពយឺតយ៉ាវ តួយ៉ាង ពលរដ្ឋឥណ្ឌាពេញវ័យដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន២ដូសមកទល់ពេលនេះ ទើបតែមានប្រហែល១១%ប៉ុណ្ណោះ។
សូមបញ្ជាក់ថា បច្ចុប្បន្នករណីឆ្លងកូវីដ-១៩ប្រចាំថ្ងៃនៅឥណ្ឌាមានក្នុងរង្វង់ជាង៣ម៉ឺននាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ខណៈដែលកាលពីអំឡុងមានការរាតត្បាតខ្លាំង ឥណ្ឌាធ្លាប់មានអ្នកឆ្លងក្នុងមួយថ្ងៃជាង៣០ម៉ឺននាក់ឯណោះក្នុងមួយថ្ងៃ។ មកទល់ពេលនេះ ឥណ្ឌាមានអ្នកឆ្លងកូវីដ១៩សរុបជាង៣២លាននាក់ និងអ្នកស្លាប់សរុបមានជាង៤៣ម៉ឺននាក់៕