ការប្រណាំងប្រជែងទៅកាន់ភពព្រះចន្ទរវាងអាម៉េរិក និងចិន កំពុងឈានដល់ដំណាក់កាលក្ដៅគគុក ។ ខណៈដែលសហរដ្ឋអាម៉េរិក កំពុងសម្រុកពន្លឿនកម្មវិធី Artemis ដើម្បីបញ្ជូនអវកាសយានិកទៅជាន់ផ្ទៃព្រះចន្ទឱ្យបាននៅត្រឹមឆ្នាំ២០២៨ ទីក្រុងប៉េកាំង ក៏កំពុងដេញតាមយ៉ាងប្រកៀកប្រកិត ជាមួយនឹងគោលដៅចុះចតឱ្យបាននៅឆ្នាំ២០៣០។
មហិច្ឆតានេះមិនមែនត្រឹមតែជាការបោះជំហានលើភពព្រះចន្ទនោះទេ ប៉ុន្តែគឺជាការប្រកួតប្រជែងដើម្បី បោះទីតាំងឈរជើងរយៈពេលវែង និងការទាញយកធនធានធម្មជាតិនៅទីនោះ។ ក្រុមអ្នកជំនាញបានប្រាប់សភាអាម៉េរិកថា ប្រទេសណាដែលឈានមុខគេក្នុងវិស័យអវកាស នឹងមានសិទ្ធិកំណត់ស្ដង់ដា បច្ចេកវិទ្យា គ្រប់គ្រងប្រព័ន្ធសារគមនាគមន៍ និងរំហូរព័ត៌មានទូទាំងសកលលោក។
អ្វីដែលគួរឱ្យបារម្ភបំផុតសម្រាប់សមាជិកសភាអាម៉េរិក គឺយុទ្ធសាស្ត្ររបស់ចិន ដែលអាចនឹងចាត់ទុកការប្រកួតប្រជែងអវកាសនេះ ជាផ្នែកមួយនៃ «ជម្លោះយុទ្ធសាស្ត្រ» ដើម្បីដណ្ដើមមកុដមហាអំណាចលេខ១ ពីសហរដ្ឋអាម៉េរិក។ អ្នកនយោបាយអាម៉េរិកមួយចំនួនបានសង្កត់ធ្ងន់ថា បើទោះបីជាវ៉ាស៊ីនតោនចាត់ទុកការរុករកអវកាសជារឿងធម្មតាក៏ដោយ ប៉ុន្តែសម្រាប់ចិន វាអាចជាសមរភូមិថ្មីមួយដែលអាម៉េរិកមិនអាចមើលស្រាលបានឡើយ៕
ដោយ: តែម សុខុម