នៅក្នុងប្រទេសឥណ្ឌាពាក់កណ្តាលនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងអស់ត្រូវបានពន្យារពេល ហើយមួយក្នុងចំណោមបួនគម្រោង បានចាយប្រាក់លើសពីគម្រោងថវិកា។ នាយករដ្ឋមន្ត្រីឥណ្ឌា ណារីនដ្រា ម៉ូឌី ជឿជាក់ថាការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា គឺជាដំណោះស្រាយចំពោះបញ្ហារាំងស្ទះ ដែលកើតមានក្នុងប្រទេសឥណ្ឌាអស់ពេលជាច្រើនឆ្នាំមកហើយមួយនេះ។ ហេតុនេះហើយ ទើបរដ្ឋាភិបាលឥណ្ឌាបានបង្កើគម្រោងវេទិកាឌីជីថលនេះឡើង។
តាមរយៈគម្រោងយក្សមួយនេះរដ្ឋបាលឥណ្ឌានឹងបង្កើតវេទិកាឌីជីថលមួយ រួមបញ្ចូលគ្នារវាងក្រសួងសំខាន់ៗចំនួន១៦។ វេទិកានេះនឹងបើកផ្លូវឱ្យវិនិយោគិន និងក្រុមហ៊ុននានា បង្កើតគម្រោងវិនិយោគ ទទួលបានការអនុម័តគម្រោង និងការប៉ាន់ប្រមាណតម្លៃកាន់តែងាយស្រួល និងនៅក្នុងកន្លែងតែមួយ។
មន្ត្រីជំនាញមកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌាឱ្យដឹងថា គោលបំណងមួយក្នុងចំណោមបំណងច្រើនទៀតរបស់ញូដេលី គឺការអភិវឌ្ឍដោយមិនចំណាយពេលហួសការកំណត់ និងចំណាយប្រាក់លើសគម្រោងត្រូវការ។ មួយវិញទៀត រដ្ឋាភិបាលចង់ប្រែក្លាយឥណ្ឌាមកជាជម្រើសទី១សម្រាប់ក្រុមហ៊ុនបរទេស ក្នុងផលិតកម្មរបស់ពួគេ។
ការអនុម័តគម្រោងវិនិយោគលឿនជាងមុន ជួយឱ្យឥណ្ឌាទទួលបានប្រយោជន៍ច្រើនជាងមុន ពិសេសក្នុងពេលដែលចិនមិនទាន់បោះបង់ចោលគោលនយោបាយគ្មានកូវីដ១៩ដ៏តឹងរ៉ឹង ហើយក្រុមហ៊ុនបរទេសកាន់តែច្រើនកំពុងតែអនុវត្តតាមគោលនយោបាយចិនបូកមួយ (China Plus one Policy) ដែលតម្រូវឱ្យក្រុមហ៊ុននានា ជៀសវៀងការវិនិយោគនៅតែមួយប្រទេស ហើយត្រូវពង្រីកការវិនិយោគទៅប្រទេសផ្សេងទៀត ក្រៅពីចិន។
គួរកត់សម្គាល់ថា ប្រទេសសេដ្ឋកិច្ចធំលំដាប់ទី៣របស់អាស៊ីមួយនេះ មិនត្រឹមតែផ្តល់កម្លាំងពលកម្មតម្លៃថោកប៉ុណ្ណោះទេ តែថែមទាំងជាប្រទេសមានពលរដ្ឋមានទេសកោសល្យ និងនិយាយភាសាអង់គ្លេសភាគច្រើនផងដែរ បើទោះបីជាឥណ្ឌាមានហេដ្ឋារចនាសម្ព័ន្ធមិនសូវល្អ ដែលធ្វើឱ្យអ្នកវិនិយោគជាច្រើនស្ទាក់ស្ទើរក៏ដោយបណ្ដាក់ទុនចូលក៏ដោយ។
ប៉ុន្តែចាប់តាំងពីការឡើងកាន់តំណែងរបស់លោក ណារីនដ្រា ម៉ូឌី កាលពីឆ្នាំ២០១៤នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ បាននិងកំពុងបង្កើនការចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ដើម្បីបង្កើតការងារថ្មី និងជំរុញសេដ្ឋកិច្ច ដែលត្រូវបានវាយប្រហារដោយរលកដ៏ខ្លាំងក្លានៃការឆ្លងមេរោគកូវីដ១៩។
ជាក់ស្តែង បច្ចុប្បន្ននេះក្រុមហ៊ុនយក្សអាមេរិក Apple គ្រោងនឹងចាប់ផ្តើមផលិត iPhone14 នៅក្នុងប្រទេសឥណ្ឌាវិញ ជំនួសឱ្យផលិតកម្មនៅក្នុងប្រទេសចិន ពោលគឺនៅ២ខែបន្ទាប់ពីម៉ូឌែល iPhone14 ចេញលក់លើទីផ្សារ។ ចំណែកក្រុមហ៊ុន Samsung ក៏មានរោងចក្រផលិតទូរស័ព្ទដ៏ធំបំផុតរបស់ពិភពលោកនៅឥណ្ឌាផងដែរ តាំងតែពីឆ្នាំ២០១៨មក៕