កញ្ញា ម៉ែ ស្រីពិ ជាចុងភៅជនជាតិដើមភាគតិចទំពួនអស់រយៈពេល៥ឆ្នាំមកហើយ និងកំពុងបម្រើការងារនៅផ្ទះបាយជនជាតិដើមភាគតិច ក្នុងរាជធានីភ្នំពេញ បានឲ្យដឹងថា សម្លនេះត្រូវបានពលរដ្ឋជនជាតិទំពួនពេញនិយមខ្លាំង ពីព្រោះ ពួកគេមិនចាំបាច់ស្ពាយឆ្នាំងសម្លចូលព្រៃនោះទេ គឺមានតែបំពង់ឫស្សីមួយថ្នាំង ពួកគេអាចចម្អិនអាហារដ៏មានរសជាតិឈ្ងុយឆ្ងាញ់បានយ៉ាងងាយស្រួល។
កញ្ញា ម៉ែ ស្រពិ បញ្ជាក់យ៉ាងដូច្នេះថា៖ «ពីបុរាណមក ជនជាតិភាគតិចច្រើនរស់នៅក្នុងព្រៃ ដែលមិនសូវមានឆ្នាំងដូចឥឡូវនោះទេ ដូច្នេះ ទើបពួកគាត់យកបំពង់ឫស្សីមកដុតចម្អិន។ ម្យ៉ាង បំពង់ឫស្សី វាមានក្លិនឈ្ងុយផង»។
កន្លងមក គេអាចភ្លក្សសម្លប្រភេទនេះ នៅខេត្តមណ្ឌលគិរី រតនគិរី ឬខេត្តដទៃទៀត ដែលមានជនជាតិដើមភាគតិចទំពួនរស់នៅ ប៉ុន្តែ បច្ចុប្បន្ន សម្ល«ប្រូង»នេះ បង្ហាញវត្តមានជាលើកដំបូងនៅ «ផ្ទះបាយជនជាតិដើមភាគតិច» នៅម្តុំផ្សារទួលទំពូង រាជធានីភ្នំពេញ។
ដ្បិតតែជាអាហារជនជាតិដើមភាគតិចពិតមែន ប៉ុន្តែ តម្លៃរបស់វាមិនចាញ់ម្ហូបខ្លះក្នុងហាងដែលមានប្រ៊េនល្បីៗប៉ុន្មានឡើយ។ សម្ល«ប្រូង»មួយបំពង់ឫស្សី មានតម្លៃ ៤ម៉ឺនរៀល។
តាមពិតទៅ តម្លៃនេះមិនខ្ពស់ឡើយ ព្រោះថា ទម្រាំបានសម្លមួយបំពង់ឫស្សី ចុងភៅត្រូវស្វែងរកទិញបន្លែជាច្រើនមុខ និងគ្រឿងផ្សំជាច្រើនប្រភេទ ព្រមទាំងចំណាយពេលចម្អិនប្រហែលកន្លះម៉ោងឯណោះ។
សម្រាប់ឫស្សីមួយថ្នាំង គេអាចចម្អិនបានត្រឹមតែ២ដងប៉ុណ្ណោះ បើសិនចង់ចម្អិនបន្តទៀត ទាល់តែប្រើឫស្សីថ្មីទៀត។
តើសម្លប្រូងមានគ្រឿងផ្សំអ្វីខ្លះ និងត្រូវចម្អិនយ៉ាងដូចម្តេច?
បើតាមចុងភៅខាងលើ សម្លនេះ គេចម្អិនដោយមានដាក់បន្លែច្រើនមុខ និងគ្រឿងផ្សំច្រើនប្រភេទចូលក្នុងបំពង់ឫស្សី រួចបុកបន្លែ និងគ្រឿងចូលគ្នាឲ្យបានម៉ត់ បន្ទាប់មក គេយកទៅដុតតែម្តង ដោយប្រើរយៈពេលប្រហែល ២០ ទៅ ៣០នាទី ទើបឆ្អិនល្អ។
កញ្ញា ម៉ែ ស្រីពិ បន្តថា សម្លនេះមានប្រភេទបន្លែ ដូចជា ផ្លែចេក ត្រួយល្ពៅ ផ្លែល្ពៅ សណ្តែកកួរ ត្រប់ ទំពាំង… និងបន្លែព្រៃ ជាដើម។ ដោយឡែក ប្រភេទសាច់វិញ គេអាចប្រើសាច់ជ្រូក ត្រី និងសាច់ដទៃទៀតតាមការចូលចិត្ត។ រីឯគ្រឿងផ្សំវិញ គឺមានម្ទេស ប្រហុក អំបិល និងស្ករស៕