ឥណ្ឌូនេស៊ី-វៀតណាម

ឥណ្ឌូនេស៊ី ដាក់គោលដៅនាំចេញឧស្ម័នធម្មជាតិទៅកាន់វៀតណាមនៅឆ្នាំ២០២៦


ប្រទេសឥណ្ឌូនេស៊ី ដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅអាស៊ាន បានដាក់គោលដៅនឹងនាំចេញឧស្ម័នធម្មជាតិទៅកាន់ប្រទេសវៀតណាមនៅឆ្នាំ២០២៦ខាងមុខ ពីប្លុកឈូងសមុទ្រ Tuna ដែលមានទីតាំងស្ថិតនៅជិតព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌូនេស៊ី ដែលត្រូវបានស្រង់សម្ដីដោយសារព័ត៌មានអន្តរជាតិជាច្រើន។
ឥណ្ឌូនេស៊ី ដាក់គោលដៅនាំចេញឧស្ម័នធម្មជាតិទៅកាន់វៀតណាមនៅឆ្នាំ២០២៦

រដ្ឋមន្ត្រីថាមពលឥណ្ឌូនេស៊ី លោក Arifin Tasrif បានអះអាងថា ប្រទេសឥណ្ឌូនេស៊ី អាចនឹងបញ្ជូនឧស្ម័នធម្មជាតិ ជិត៣លានម៉ែតគូប ទៅដល់ជាង៤លានម៉ែត្រគូប ក្នុងមួយថ្ងៃ តាមរយៈបំពង់បង្ហូរឧស្ម័ន ពីប្លុកឈូងសមុទ្រ Tuna ដែលគ្រប់គ្រងដោយក្រុមហ៊ុន Harbor Energy របស់ឥណ្ឌូនេស៊ី។ ក្នុងនោះ ឥណ្ឌូនេស៊ីក៏មានផែនការនឹងនាំចេញឧស្ម័នធម្មជាតិទាំងនេះ ទៅកាន់វៀតណាមនៅឆ្នាំ២០២៦ផងដែរ ខណៈបច្ចុប្បន្នវៀតណាម កំពុងមានតម្រូវការប្រើប្រាស់ថាមពល ដែលបំប្លែងពីឧស្ម័នកាន់តែច្រើនឡើង ដើម្បីកាត់បន្ថយការពឹងផ្អែកលើការប្រើប្រាស់ធ្យូងថ្ម។

អណ្ដូងប្រេង នៃប្លុកឈូងសមុទ្រTuna ក៏មានការផលិតប្រេងបានប្រមាណ ១០០លានបារ៉ែលផងដែរ ហើយវាត្រូវបានរុករកឃើញនៅក្នុងខែមេសា កាលពីឆ្នាំ២០១៤។

ប្រទេសវៀតណាមកំពុងមានតម្រូវការប្រើប្រាស់ឧស្ម័នកើនឡើង ក៏ដោយសារតែប្រទេសនេះ កំពុងព្យាយាមកាត់បន្ថយការប្រើប្រាស់ធ្យូងថ្មសម្រាប់វិស័យថាមពល ដែលបង្កឲ្យមានការប្រែប្រួលអាកាសធាតុ។ ថ្មីៗនេះ ប្រទេសវៀតណាមក៏ទទួលការសន្យាផ្ដល់កញ្ចប់ថវិការាប់ពាន់លានដុល្លារពីប្រទេសឧស្សាហកម្មជឿនលឿនទាំង៧ ឬហៅថា G7 ក្នុងការកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម ដោយងាកមកប្រើប្រាស់ថាមពលស្អាតជំនួសវិញផងដែរ។

មែនទែនទៅ វៀតណាមមានផែនការនឹងនាំចូលឧស្ម័នធម្មជាតិរាវ សម្រាប់ប្រើប្រាស់នៅក្នុងរោងចក្របំប្លែងថាមពលពីឧស្ម័នធម្មជាតិជាលើកដំបូងរបស់ខ្លួន នៅឆ្នាំ២០២២នេះ ប៉ុន្ដែ គម្រោងនេះ ហាក់ដូចជាស្ងប់ស្ងាត់ទៅវិញ ដ្បិតថា បច្ចុប្បន្ន តម្លៃឧស្ម័នធម្មជាតិរាវនេះ កំពុងកើនឡើងខ្ពស់ខ្លាំង ចាប់តាំងពីមានសង្គ្រាមនៅអ៊ុយក្រែនមក។

បើតាមអង្គការតាមដានអាកាសធាតុ (Climatetracker) បានឲ្យដឹងថា តាំងពីឆ្នាំ២០២០មក គេមើលឃើញពីការកើនឡើងនូវចំនួនក្រុមហ៊ុនធំៗក្នុងឧស្សាហកម្មថាមពលទាំងក្នុងស្រុក និងអន្តរជាតិ បានជំរុញការវិនិយោគរបស់ពួកគេនៅក្នុងផ្នែកថាមពលកម្ដៅឧស្ម័នធម្មជាតិរាវ LNG នៅក្នុងប្រទេសវៀតណាម។ ក៏ប៉ុន្ដែ វៀតណាមការផ្លាស់ប្ដូរមករកការប្រើប្រាស់ឧស្ម័នធម្មជាតិរាវ LNG របស់វៀតណាមនោះ ទំនងជាមិនផុសផុលខ្លាំងនោះទេ នៅក្នុងទសវត្សរ៍នេះ។

បើតាមអ្នកជំនាញ វាជាការលំបាកមួយសម្រាប់វៀតណាម ក្នុងការប្ដូរមកប្រើប្រាស់ឧស្ម័នធម្មជាតិរាវ ក្នុងកម្រិតច្រើន ដ្បិតថា ប្រទេសនេះ មានការនាំចូលប្រភពថាមពលនេះទាំងស្រុងពីក្រៅប្រទេស ដូច្នេះ វាអាចនឹងប៉ះពាល់លើតម្លៃ និងទីផ្សារយ៉ាងងាយ ប្រសិនបើមានការផ្លាស់ប្ដូរនៅស្ថានការណ៍ភូមិសាស្ត្រនយោបាយ ដែលគេមិនអាចដឹងមុននោះ។

ប្រទេសវៀតណាម គឺមានផែនការដើរតាមប្រទេសនៅក្នុងតំបន់អាស៊ានផ្សេងទៀតក្នុងការនាំចូលឧស្ម័នធម្មជាតិរាវ ដើម្បីបំពេញតាមការសន្យាកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ ដោយកន្លងមក ប្រទេសថៃបានចាប់ផ្ដើមនាំចូលឧស្ម័នធម្មជាតិនេះមុនគេកាលពីឆ្នាំ២០១១ ខណៈដែលឥណ្ឌូនេស៊ី គឺជាអ្នកនាំចេញឧស្ម័នធម្មជាតិដ៏ធំមួយនៅក្នុងតំបន់ផងដែរ។

ប្រទេសវៀតណាម ត្រូវការបង្កើនកញ្ចប់ថវិកា ១៥០ពាន់លានដុល្លារ នៅឆ្នាំ២០៣០ ដើម្បីអភិវឌ្ឍវិស័យថាមពលរបស់ខ្លួន ខណៈតម្រូវការក្នុងស្រុកមានកំណើនប្រមាណ ៨%នៅក្នុងមួយឆ្នាំ សម្រាប់រយៈពេល១ទសវត្សរ៍ខាងមុខនេះ។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក៕




អត្ថបទបន្ទាប់


លេចធ្លាយរបាយការណ៍សុខាភិបាលចិន៖ ត្រឹម២០ថ្ងៃនៃខែធ្នូ ពលរដ្ឋចិន២៥០លាននាក់ឆ្លងកូវីដ១៩

ពលរដ្ឋចិនប្រមាណ ២៥០លាននាក់ទូទាំងប្រទេសទំនងជាបានឆ្លងជំងឺផ្លូវដង្ហើមកូវីដ១៩ នៅត្រឹមរយៈពេល២០ថ្ងៃនៃខែធ្នូឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍សុ…

ថៃរំពឹងការចំណាយ ឱកាសឈប់សម្រាកឆ្នាំថ្មីនេះនឹងឡើងដល់ជិត ៣ ពាន់លានដុលា្លរ

ការចំណាយរបស់អ្នកប្រើប្រាស់ក្នុងរដូវកាលថ្ងៃឈប់សម្រាកឆ្នាំថ្មី ឆ្នាំសាកល២០២៣ខាងមុខនេះ នៅក្នុងប្រទសថៃ ត្រូវគេរំពឹងថានឹងឈានដល់ជិត ៣ ពាន់លានដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ