ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេមើលឃើញថា ហាក់កំពុងប្រឈមមុខខ្លាំងជាងគេ ជាមួយប្រទេសចិន នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង។ ជាក់ស្ដែង រដ្ឋាភិបាលចិន បានគូសបញ្ជាក់ប្រាប់ឥណ្ឌូនេស៊ីម្តងហើយម្តងទៀតថា ឲ្យផ្អាកសកម្មភាពរបស់ខ្លួន រួមមាន យោធា ការបូមប្រេង និងគម្រោងអភិវឌ្ឍថាមពលឧស្ម័នធម្មជាតិ ក្នុងតំបន់សមុទ្រចិនខាងត្បូង ដោយអះអាងថា សកម្មភាពទាំងអស់នេះជាការរំលោភលើដែនទឹករបស់ចិនហើយ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
កាលពីខែកក្កដាឆ្នាំនេះ ឥណ្ឌូនេស៊ីបានចាប់ផ្តើមសកម្មភាព ខួងយករ៉ែ នៅជិតកោះ ណាទូណា(Natuna) ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសឥណ្ឌូនេស៊ី ហើយដែលជាតំបន់ត្រួតស៊ីគ្នាក្នុងការទាមទារដែនទឹករបស់ប្រទេសចិន ដែលគ្របដណ្តប់ស្ទើរពេញតំបន់សមុទ្រចិនខាងត្បូងតែម្តង។
រដ្ឋាភិបាលឥណ្ឌូណេស៊ីបាននិយាយថា ចិនបានប្រតិកម្មនឹងសកម្មភាពនេះ ហើយបានផ្តើមបញ្ចូននាវាឆ្មាំសមុទ្រ ចូលទៅក្នុងតំបន់ដើម្បីបង្កើនសម្ពាធលើឥណ្ឌូនេស៊ី។ យ៉ាងណាមិញ ទីក្រុងហ្សាការតា ដែលតែងតែច្រានចោលថាគ្មានឡើយជម្លោះដែនទឹកដីជាមួយចិននោះ មិនបានបង្ហាញការតវ៉ាទៅកាន់ក្រុងប៉េកាំងវិញទេ។ ហេតុអ្វី? ឥណ្ឌូនេស៊ីមិនឆ្លើយតប ក៏ដោយសារតែ ប្រទេសឥណ្ឌូនេស៊ីចាត់ទុកការឆ្លើយតបជាសាធារណៈណាមួយ ចំពោះការមិនពេញចិត្តរបស់ចិន ថាស្មើនឹងការទទួលស្គាល់ថាខ្លួនកំពុងមានជម្លោះ។ យ៉ាងណាមិញ សកម្មភាពខួងយករ៉ែ និងប្រេងនេះ បានបិទបញ្ចប់កាលពីចុងខែវិច្ឆិការួចទៅហើយ។ នេះបើតាមការអះអាងពីមន្ត្រីជាន់ខ្ពស់ ទីភ្នាក់ងារសន្តិសុខដែនសមុទ្រឥណ្ឌូនេស៊ី។នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
គេនៅចាំបានថា កាលពីខែឧសភាឆ្នាំ២០២០ ឥណ្ឌូនេស៊ីផ្ញើរលិខិតមួយច្បាប់ទៅអង្គការសហប្រជាជាតិបដិសេដការទាមទាររបស់ចិន នៅសមុទ្រចិនខាងត្បូង។ ក្រោយមកចិនផ្ញើរលិខិតមួយច្បាប់ដែរទៅកាន់ UN ដោយអះអាងថា ខ្លួនចង់ធ្វើការទាមទារដោយចរចារគ្នា ហើយសំណូមពរឲ្យឥណ្ឌូនេស៊ីចូលតុពិភាក្សា តែត្រូវ ក្រុងហ្សាកាតាបដិសេធ។
បច្ចុប្បន្ន ឥណ្ឌូណេស៊ីកំពុងបង្កើនខែលការពារ តាមរយៈការសហការជាមួយអាមេរិក សាងសង់កន្លែងហ្វឹកហាត់រួមគ្នាមួយសម្រាប់ ឆ្មាំសមុទ្រនៅជិតកោះ Natuna។ ប្រទេសទាំងពីរបានធ្វើសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតផងដែរ កាលពីខែសីហាឆ្នាំនេះ ដោយលាតសន្ធឹងលើដែនទឹកសំខាន់ៗចំនួនបីក្នុងប្រទេសឥណ្ឌូនេស៊ី ដែលសុទ្ធសឹងជាសមយុទ្ធការពារដែនកោះ។
គួរជម្រាបថា ចិនមានជម្លោះដែនទឹកស្ទើរតែ នៅទូទាំងតំបន់សមុទ្រចិនទៅហើយពោលគឺមានជម្លោះជាមួយ ប្រទេសហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ និងតៃវ៉ាន់ ដែលសុទ្ធសឹងតែបានធ្វើការទាមទារចំណែករៀងៗខ្លួន។ ប៉ុន្តែទីក្រុងប៉េកាំងបានបង្កើនសកម្មភាព នៅជិតប្រជុំកោះ Natuna របស់ឥណ្ឌូនេស៊ីច្រើនជាងគេ ចាប់តាំងពីឆ្នាំ ២០១៩មក ប្រការនេះកំពុងបង្កើនភាពតានតឹងរវាងក្រុងប៉េកាំងនិងក្រុងហ្សាកាតា។
យ៉ាងណាក៏ដោយ ឥណ្ឌូនេស៊ីនៅតែចង់ចៀសឲ្យបាន ពីការផ្ទុះអាវុធដោយចៃដន្យ ជាមួយចិនដែលជាដៃគូពាណិជ្ជកម្មកំពូលរបស់ប្រទេសខ្លួន។ រដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៊ី ប្រា បូវូ ស៊ូបៀនតូ(Prabowo Subianto) បានជួបពិភាក្សាតាមប្រព័ន្ធអ៊ីនធឺណែតជាមួយសមភាគីចិនកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ហើយបានសង្កត់ធ្ងន់លើបំណងក្នុងការកសាងទំនុកចិត្តរវាងគ្នានឹងគ្នាឡើងវិញ៕