រដ្ឋមន្ត្រីសម្របសម្រួលផ្នែកស្បៀងអាហារឥណ្ឌូនេស៊ី លោក ហ្សុលគីភ្លី ហាសាន ( Zulkifli Hasan) បានអះអាងថា រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងបញ្ឈប់ការនាំចូលអំបិលម៉ត់ ចាប់ពីឆ្នាំក្រោយ ហើយចាប់ផ្តើមផ្តោតលើការបង្កើនផលិតកម្មក្នុងស្រុក។ លោកបានបន្តថា ការសម្រេចចិត្តនេះធ្វើឡើងដោយផ្អែកលើបទបញ្ជារបស់ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជំរុញឱ្យពន្លឿនការអភិវឌ្ឍន៍ផលិតកម្មអំបិលនៅក្នុងប្រទេសនៅក្នុងឆ្នាំ២០២៥ ខាងមុខ។
នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន លោក ហាសាន បានជំរុញឲ្យក្រសួងកិច្ចការសមុទ្រ និងជលផលពង្រឹងសមត្ថភាពផលិតអំបិល ដើម្បីបំពេញតម្រូវការក្នុងស្រុក។ មកដល់ពេលនេះគេដឹងថា ឥណ្ឌូនេស៊ី មានតម្រូវការអំបិលសរុបប្រមាណជិត៥លានតោន ប៉ុន្តែផលិតករអំបិលនៅក្នុងប្រទេសនេះអាចផ្គត់ផ្គង់បានត្រឹមតែ២,៥លានតោនប៉ុណ្ណោះ។
ក្រៅពីអំបិល ប្រទេសដែលមានប្រជាជនប្រមាណ២៧០លាននាក់នេះ ក៏មានគម្រោងបញ្ឈប់ការនាំចូលអង្ករផងដែរ ខណៈដែលគេដឹងថា មកដល់ខែសីហា ឆ្នាំ២០២៤ នេះ ឥណ្ឌូណេស៊ី បាននាំចូលអង្ករលើសពី៣៥ម៉ឺនតោនពីវៀតណាម ថៃ កម្ពុជា មីយ៉ាន់ម៉ា និងប៉ាគីស្ថាន។
រដ្ឋមន្ត្រីក្រសួងកសិកម្មឥណ្ឌូនេស៊ី លោក អេនឌី អាមរ៉េន សូឡៃមេន (Andi Amran Sulaiman) បានលើកឡើងថា នៅក្នុងឆ្នាំ២០២៥ ខាងមុខ ឥណ្ឌូនេស៊ី មានទំនុចចិត្តថា នឹងអាចបញ្ឈប់ការនាំចូលអង្ករពីក្រៅប្រទេសបាន ដោយសារផលិតកម្មស្រូវនៅក្នុងប្រទេសអាចនឹងសម្រេចបានគោលដៅ៣២លានតោន ដែលអាចគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការក្នុងស្រុកដោយមិនចាំបាច់នាំចូល៕
ដោយៈ សរ សុជាតិ