នាវាផ្ទុកប្រេងនោះ ត្រូវបានឥណ្ដូនេស៊ីយកមករក្សាទុកនៅឆ្នេរសមុទ្រ ស៊ូម៉ាត្រា នៅថ្ងៃទី ២៧ខែកក្កដា បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីជូនដំណឹងមួយ ទៅកាន់ប៉ូលិសអន្តរជាតិ (Interpol) ដើម្បីចាប់រឹបអូសនាវាផ្ទូកប្រេងនោះ ដ្បិតថាវាបានលួចយកប្រេងឆៅដែលបូមបាន បើករត់គេចចេញពីប្រទេសកម្ពុជា។
អាជ្ញាធរឥណ្ឌូនេស៊ីឲ្យដឹងថា នាវាផ្ទុកប្រេងនេះ គឺត្រូវបានជួលដោយក្រុមហ៊ុនសិង្ហបុរី KrisEnergy ដែលជាក្រុមហ៊ុនបូមប្រេងនៅកម្ពុជា។
សូមបញ្ជាក់ថា បើតាមឯកឧត្តម ជៀប សួរ អគ្គនាយកនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពលធ្លាប់បានប្រាប់ខេមបូណូមីស នាពេលថ្មីៗនេះថា កប៉ាល់ផ្ទុកប្រេងដែលបូមបានពីអណ្ដូងប្រេងនៅកម្ពុជាជិត៣០ម៉ឺនបារ៉ែលត្រូវបានលួចដឹកប្រេងចេញពីកម្ពុជា ខណៈដែលខាងអាជ្ញាធរកំពុងចាត់ការតាមនីតិវិធីច្បាប់ចំពោះក្រុមហ៊ុនដែលលួចដឹកប្រេងចេញពីកម្ពុជាខុសច្បាប់នេះ។
ក្រុមហ៊ុន KrisEnergy គឺជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិរុករកប្រេង និងបានបូមប្រេងនៅកម្ពុជា ប៉ុន្ដែ ដោយសារតែក្រុមហ៊ុនមានជួបវិបត្តិហិរញ្ញវត្ថុ និងការបូមប្រេងបានតិចជាងការរំពឹងទុកធ្វើឲ្យក្រុមហ៊ុនធ្លាក់ខ្លួនកាន់តែខ្លាំងក្នុងវិបត្តិបំណុលនេះ និងបានជំពាក់លុយម្ចាស់នាវាផ្ទុកប្រេងគ្មានលទ្ធភាពសង ទើបម្ចាស់នាវាផ្ទុកប្រេងនេះ លួចដឹកប្រេងរត់បែបនេះ។
កងកម្លាំងជើងទឹកឥណ្ឌូនេស៊ីបាននិយាយថា ពួកគេកំពុងសួរចម្លើយនាវិកជនជាតិឥណ្ឌាចំនួន១៣នាក់ ជនជាតិបង់ក្លាដេស៣នាក់ និង ៣នាក់ទៀតជាជនជាតិមីយ៉ាន់ម៉ា នៅឯមូលដ្ឋានរបស់ខ្លួនក្បែរនឹងប្រទេសសិង្ហបុរី។
កប៉ាល់ដឹកប្រេងនេះ មានប្រវែង១៨៣ម៉ែត្រ ដែលធ្វើដំណើរពីប្រទេសថៃ ទៅកាន់កោះ Batam ហើយបានបិទប្រព័ន្ធកំណត់អត្តសញ្ញាណរបស់ខ្លួននិងបានបោះយុទ្ធការសំចតខុសច្បាប់ នៅក្នុងដែនទឹកនៃប្រជុំកោះ ដែលគ្រប់គ្រងដោយឥណ្ឌូនេស៊ី។
ប្រធានក្រុមនាវា ឬហៅថា កាប់ពីតែន ជនជាតិបង់ក្លាដេស អាចនឹងត្រូវប្រឈមនឹងការដាក់ពន្ធធនាគាររយៈពេល១ឆ្នាំ និងពិន័យជាប្រាក់១ម៉ឺន៤ពាន់ដុល្លារអាមេរិក ប្រសិនបើត្រូវបានផ្ដន្ទាទោសពីបទរំលោភលើដែនសមុទ្រ។
បច្ចុប្បន្ន ប្រទេសឥណ្ឌូនេស៊ី និងកម្ពុជាកំពុងធ្វើកិច្ចការងារដើម្បីបញ្ជូនប្រេងដែលរឹបអូសបាននោះ មកឲ្យកម្ពុជាវិញ៕