ឥណ្ឌូនេស៊ីផ្អាកនាំចេញប្រេងដូង

ឥណ្ឌូនេស៊ីផ្អាកនាំចេញប្រេងដូង ចំពេលអតិផរណាស្បៀងអាហារពិភពលោកកើនឡើង


ឥណ្ឌូនេស៊ីដែលជាប្រទេសផលិតប្រេងដូងឈានមុខគេក្នុងពិភពលោកនោះ ថ្មីៗនេះ បានប្រកាសអំពីផែនការហាមឃាត់ការនាំចេញប្រេងបន្លែមានការពេញនិយមប្រើប្រាស់ច្រើននៅក្នុងប្រទេសនេះ ដើម្បីធ្វើយ៉ាងណារក្សាទុកបំពេញតម្រូវការប្រើប្រាស់ក្នុងស្រុក។ ប៉ុន្ដែ វិធានការនេះ ក៏ត្រូវបានគេមើលឃើញថា អាចនឹងរុញច្រានឲ្យអតិផរណាស្បៀងអាហារពិភពលោកដែលកំពុងកើនខ្ពស់ស្រាប់ទៅហើយនោះ នឹងហក់ឡើងកាន់តែខ្ពស់ថែមមួយកម្រិតទៀត។ នេះបើតាមការរាយការណ៍ដោយរ៉យទ័រ។
ឥណ្ឌូនេស៊ីផ្អាកនាំចេញប្រេងដូង

ការ​ដែល​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ផ្អាក​នាំ​ចេញ​ប្រេងឆា និង​វត្ថុធាតុដើម​ដែល​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​ផលិតផល​រាប់​ចាប់ពី​នំ​ខេ​ករ​ហូត​ដល់​គ្រឿងសម្អាង​ផ្សេង​ទៀត​នោះ អាច​បង្កើន​ថ្លៃដើម​សម្រាប់​អ្នក​ផលិត​អាហារ​វេច​ខ្ចប់​នៅ​ទូ​ទាំង​ពិភពលោក និង​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ជា​ច្រើន​នឹង​ត្រូវ​ជ្រើសរើស​ប្រើប្រាស់​ប្រេង​បន្លែ ឬ​ក៏​ប្រើ​ជីវ​ឥន្ធនៈ​។ ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ត្រូវ​បាន​គេ​ដឹង​ថា គឺ​មាន​ផ្គត់ផ្គង់​ប្រេងដូង​ជាង​ពាក់កណ្តាល​នៅ​ក្នុង​ទីផ្សារ​ពិភពលោក​។

ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី​លោក Joko Widodo បាន​និយាយ​ថា លោក​ចង់​ធានា​ឱ្យ​បាន​នូវ​ផលិតផល​ម្ហូបអាហារ​នៅ​ក្នុងស្រុក​បន្ទាប់​ពី​អតិផរណា​ស្បៀងអាហារ​សកលលោក​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត បន្ទាប់​ពី​ប្រទេស​រុ​ស្ស៊ី​លុកលុយ​អ៊ុយ​ក្រែ​ន​ដែល​ជា​ប្រទេស​ផលិត​ស្បៀងអាហារ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ពិភពលោក​។

លោក វី​ដូ​ដូ បាន​បន្ត​ថា លោក​នឹង​តាមដាន​និង​វាយតម្លៃ​លើ​ការ​អនុវត្ត​គោលការណ៍​នេះ​ដើម្បី​ឱ្យ​លទ្ធភាព​រក​ទិញ​ប្រេងឆា​នៅ​តាម​ទីផ្សារ​ក្នុងស្រុក​មាន​ច្រើន និង​មាន​តម្លៃ​សមរម្យ​។

មន្ត្រីជាន់ខ្ពស់​ឥណ្ឌា​បាន​និយាយ​ដែរ​ថា ការ​ប្រកាស​របស់​ឥណ្ឌូ​នេ​ស៊ី​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ច្រើន​បំផុត​នៅ​ប្រទេស​ឥណ្ឌា និង​នៅ​ទូ​ទាំង​ពិភពលោក ដោយ​គេ​ចាត់​ទុក​ថា វិធានការ​នេះ​គឺជា​រឿង​អកុសល និង​មិន​នឹក​ស្មាន​ដល់​ទាល់តែ​សោះ​។

តម្លៃ​ប្រេង​បន្លែ​ជំនួស បាន​កើន​ឡើងជា​ការ​ឆ្លើយ​តប​ទៅ​នឹង​វិធានការ ដែល​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​២៨ ខែមេសា​ខាង​មុខ​នេះ​។ ប្រេង​សណ្តែកសៀង​ដែល​ជា​ប្រេងឆា​ប្រើប្រាស់​ច្រើន​បំផុត​ទី​២​នោះ​បាន​កើនឡើង ៤,៥% ដល់​កម្រិត​ខ្ពស់​បំផុត​មួយ​។ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សា​ពាណិជ្ជកម្ម​ទីក្រុង​ឈី​កា​ហ្គោ​។

តម្លៃ​ប្រេងដូង​ឆៅ​ជាស​កល​ដែល​ឥណ្ឌូ​នេ​ស៊ី​ប្រើ​សម្រាប់​ផលិត​ប្រេងឆា​នោះ បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ​នៅ​ឆ្នាំ​នេះ នៅ​ចំ​ពេល​មាន​តម្រូវការ​កើនឡើង និង​ទិន្នផល​ធ្លាក់​ចុះ​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​និង​ម៉ា​ឡេ​ស៊ី បូក​ផ្សំ​ទាំង​វិធានការ​របស់​ឥណ្ឌូ​ណេ​ស៊ីក្នុង​ការ​រឹត​បន្តឹង​ការ​នាំ​ចេញ​ប្រេងដូង​នៅ​ក្នុង​ខែមករា ដែល​ត្រូវ​បាន​ដក​ចេញ​វិញ​កាលពី​ខែមីនា​។

ឥណ្ឌូ​នេ​ស៊ី ប្រេងឆា ជា​មធ្យម​មាន​តម្លៃ​ជាង​១​ដុល្លារ​៨៤​សេន​ក្នុង​មួយ​លី​ត្រ ហើយ​គិត​មក​ទល់​ពេល​នេះ វា​បាន​កើនឡើង​ថ្លៃ​ជាង​៤០%​។ នៅ​ក្នុង​ខេត្ត​មួយ​ចំនួន តម្លៃ​ប្រេងឆា​បាន​ហក់​ឡើងថ្លៃ​ទ្វេ​ដង​ផង​ដែរ​។ ជុំវិញ​តម្លៃ​ប្រេងឆា​ឡើងថ្លៃ​នេះ រដ្ឋាភិបាល​ឥណ្ឌូ​នេ​ស៊ី ក៏​បាន​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ពុក​រលួយ​ទាក់ទង​នឹង​ការ​អនុញ្ញាត​ឲ្យ​មានការ​នាំ​ចេញ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ផង​ដែរ ដែល​វា​ត្រូវ​បាន​គេ​សង្ស័យ​ថា ជា​កត្តា​មួយ​ធ្វើ​ឲ្យ​តម្លៃ​ប្រេងឆា​ក្នុងស្រុក​ឡើងថ្លៃ​ខ្ពស់​។

ប្រទេស​ផ្សេង​ៗ​ទៀត​បាន​បង្កើត​គោលនយោបាយ​ការពារ​ដំណាំ​និយម ដើម្បី​ព្យាយាម​ទប់​តម្លៃ​ក្នុងស្រុក​កុំឱ្យ​ឡើងថ្លៃ​។ អា​ហ្ស​ង់​ទី​ន ដែល​ជា​ប្រទេស​នាំ​ចេញ​សណ្តែកសៀង​កែ​ច្នៃ​លំដាប់​កំពូល​ក្នុង​ពិភពលោក​មួយ​ដែរ​នោះ បាន​ផ្អាក​ការ​លក់​ប្រេង​សណ្តែកសៀង និង​អាហារ​ទៅ​ក្រៅប្រទេស​មួយ​រយៈពេល​ខ្លី​នៅ​ពាក់កណ្តាល​ខែមីនា​មក បន្ទាប់​មក​បាន​ដំឡើង​អត្រាពន្ធ​នាំ​ចេញ​លើ​ផលិតផល​ទាំងនេះ​ពី ៣១% ទៅ ៣៣%​ផង​ដែរ​៕

សូម​ជម្រាប​ថា ការ​ទូទាត់​សំណង​ធានា​រ៉ាប់រង​កូ​វី​ដ​នៅ​ថៃ បាន​កើនឡើង​យ៉ាង​គំហុក​ពី​ត្រឹមតែ​ជាង​៣៤​ម៉ឺន​ដុល្លារ​ក្នុង​ឆ្នាំ ២០២០ មក​ដល់​ដល់ ជាង ២២០​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១ ហើយ​បាន​កើនឡើង​យ៉ាង​គំហុក​នៅ​ដើមឆ្នាំ​២០២២​នេះ​៕

អត្ថបទ៖ សុខ ជា

None



អត្ថបទបន្ទាប់


ដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន ទៅប្រទេសជប៉ុនទទួលបានលទ្ធផលផ្លែផ្កាអ្វីខ្លះ?

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាកចេញពីប្រទេសកម្ពុជា ទៅប្រទេសជប៉ុន ដើម្បីចូលរួមកិច្ចប្រជុ…

ក្រុមហ៊ុនអចលនទ្រព្យ GC Property បង្ហាញវត្តមាននៅកម្ពុជា ជាមួយចក្ខុវិស័យក្នុងការពង្រឹងវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុនអចលនទ្រព្យ GC Property បាន ប្រកាស បើកដំណើរការសាកល្បង ជាមួយការិយាល័យផ្លូវការរបស់ខ្លួន ស្ថិតនៅលើផ្លូវ២០៨ ផ្ទះលេខ១៥ សង្កាត់បឹងរាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ