
លោក Arifin Tasrif រដ្ឋមន្ត្រីក្រសួងថាមពលឥណ្ឌូនេស៊ី បានលើកឡើងប្រាប់ ព័ត៌មាន Reuters ថា ម៉ូតូទាំងអស់ដែលនឹងត្រូវលក់ចាប់ពីឆ្នាំ២០៤០ គឺត្រូវតែជាម៉ូតូដែលប្រើប្រាស់ថាមពលអគ្គិសនី ខណៈដែលឡានវិញ គឺចាប់ពីឆ្នាំ២០៥០ ត្រូវតែលក់ឡានណា ដែលប្រើប្រាស់អគ្គិសនីតែប៉ុណ្ណោះ។
កាលពី១ទសវត្សរ៍មុន ប្រទេសឥណ្ឌូនេស៊ីដែលគេស្គាល់ថាជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតទី៤ របស់ពិភពលោកនោះ បានលក់ម៉ូតូជាមធ្យមក្នុងមួយឆ្នាំៗប្រមាណ ៦លាន៥សែនគ្រឿង និង ការលក់ឡានវិញ បានប្រហែល១លានគ្រឿង។
យ៉ាងណាក៏ដោយចុះ អគ្គនាយកនៃ នាយកដ្ឋានថាមពលកកើតឡើងវិញ នៃក្រសួងថាមពលឥណ្ឌូនេស៊ី បាននិយាយថា រដ្ឋាភិបាលមិនទាន់មានគោលនយោបាយបញ្ឈប់ការប្រើប្រាស់ម៉ាស៊ីនប្រើប្រាស់ប្រេងឥន្ធនៈទាំងស្រុងនោះទេ គ្រាន់តែមានការជំរុញលើកទឹកចិត្តឲ្យមានការប្រើប្រាស់យានយន្ដអគ្គិសនីប៉ុណ្ណោះ។
របាយការណ៍ កាលពីឆ្នាំ២០១៩ របស់សមាគមឧស្សហកម្មយានយន្ដឥណ្ឌូនេស៊ីបានឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី មានរថយន្ដជាង១៥លានគ្រឿង និង ម៉ូតូវិញមានប្រមាណ១១២លានគ្រឿង៕