អតិផរណាប្រចាំឆ្នាំនៅក្នុងប្រទេសចំនួន១៩នៃតំបន់ចាយប្រាក់អឺរ៉ូ បានកើនឡើងដល់អត្រា ៨,៦% នៅក្នុងខែមិថុនា ដោយបានកើនឡើងលើសពីអត្រា ៨,១% ដែលបានកត់ត្រាក្នុងខែឧសភា។ នេះបើយោងតាមតួលេខចុងក្រោយដែលបានចេញផ្សាយកាលពីសប្តាហ៍មុន ដោយទីភ្នាក់ងារស្ថិតិសហភាពអឺរ៉ុប Eurostat ។ អត្រានេះជាអតិផរណាស្ថិតនៅក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន រាប់ចាប់តាំងពីកំណត់ត្រាក្នុងឆ្នាំ ១៩៩៧មក។
នៅក្នុងប្រទេសទាំង១៩នេះ តម្លៃថាមពលបានកើនឡើងជិត ៤២% ហើយតម្លៃអាហារ គ្រឿងស្រវឹង និងថ្នាំជក់បានកើនឡើងជិត៩%។ តម្លៃទំនិញទាំងពីរសុទ្ធតែបានកើនលឿនទ្វេដង បើធៀបនឹងកំណត់ត្រាកាលពីខែឧសភា។
កំណើនតម្លៃថាមពលដល់ជាង៤០%នេះ កើតឡើងស្របពេលដែលសេដ្ឋកិច្ចពិភពលោកបានព្យាយាមងើបឡើងវិញពីវិបត្តិការរាតត្បាតជំងឺរាតត្បាតកូវីដ១៩ និងស្របពេលដែលមានការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែន បានធ្វើឱ្យគ្រប់យ៉ាងកាន់តែអាក្រក់ទៅៗ។
ក្រៅពីនេះ មេដឹកនាំសហភាពអឺរ៉ុបបានយល់ព្រមហាមឃាត់ការនាំចូលប្រេងពីរុស្ស៊ីក្នុងចំនួនភាគច្រើនត្រឹមចុងឆ្នាំនេះ ក៏ជាកត្តាជំរុញឱ្យតម្លៃកើនឡើងផងដែរ។ ទោះបី ប្លុកទាំង២៧ប្រទេសចង់ដាក់ទណ្ឌកម្មទីក្រុងម៉ូស្គូ និងកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី ប៉ុន្តែគេក៏កំពុងបន្ថែមសម្ពាធផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាជន និងអាជីវកម្មទូទៅផងដែរ ដោយសារថ្លៃចំណាយទូទៅ និងថ្លៃដើមត្រូវកើនឡើង។
ទន្ទឹមនេះ កាលពីខែមុនរុស្សីក៏បានកាត់បន្ថយការចែកចាយឧស្ម័នធម្មជាតិដែលប្រើសម្រាប់ផ្តល់ផលិតជាថាមពលដល់ឧស្សាហកម្ម និងផលិតអគ្គិសនី ទៅកាន់បណ្តាប្រទេសសហភាពអឺរ៉ុបមួយចំនួនដូចជា អាល្លឺម៉ង់ អ៊ីតាលី និងអូទ្រីស បារាំង ប៉ូឡូញ ប៊ុលហ្គារី និងប្រទេសផ្សេងៗទៀត។
ប្រការទាំងនេះហើយទោះតិចឬច្រើន វានឹងបណ្តាលឱ្យប្រទេសចាយប្រាប់អឺរ៉ូទាំងនេះ ខ្វះខាតថាមពលប្រើប្រាស់ ហើយកើនឡើងតម្លៃ។ ដរាបណាតម្លៃថាមពលនៅតែកើន អតិផរណា នឹងនៅតែបន្តកើនឡើងលើសពីកំណត់ត្រានេះទៀត។
សូមជម្រាបថា ទិន្នន័យរបស់សហភាពអឺរ៉ុបក៏បានបង្ហាញដែរពីប្រទេសជិតខាងរុស្ស៊ីដែលមិនចាយលុយអឺរ៉ូ ហើយដែលបានព្យាយាមផ្តាច់ខ្លួនចេញពីការប្រើឧស្ម័នរុស្ស៊ីក៏កំពុងប្រឈមមុខនឹងការកើនឡើងនៃតម្លៃផងដែរ៕