លោក ខៀវ កាញារីទ្ធ បានប្រកាសបែបនេះនៅឯពិធីសម្ភោធដាក់ឲ្យប្រើប្រាស់សៀវភៅវិជ្ជាជីវៈសារព័ត៌មាន ដំណឹងក្លែងក្លាយ និងព័ត៌មានមិនពិត នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា។
លោក ខៀវ កាញារីទ្ធ មានប្រសាសន៍យ៉ាងដូច្នេះថា៖ «កន្លងមក តាំងពីមានកូវីដ១៩ភ្លាម មានច្រើនណាស់ ដែលចង់ឲ្យយើងធ្វើច្បាប់មួយស្តីពីការបង្រ្កាបព័ត៌មានក្លែងក្លាយ។ ក្រសួងព័ត៌មានថា អត់ចាំបាច់ទេ មិនមែនគ្រាន់តែបញ្ហាកូវីដ ឬបញ្ហាអី យើងចេញច្បាប់មួយ ដើម្បីបង្រ្កាបព័ត៌មានក្លែងក្លាយ ព័ត៌មានមិនពិត ហើយកាលណាយើងចេញច្បាប់ គឺពិបាកនឹងកំណត់ណាស់ ហើយច្បាប់នេះ វាមិនបានការពារផលប្រយោជន៍រួមទេ មានតែការពារផលប្រយោជន៍បុគ្គល វានឹងអាចក្លាយជាការរំលោភសិទ្ធិសេរីភាពនៃការបញ្ចេញមតិ»។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បាន«សាទរ»ចំពោះការប្រកាសរបស់លោក ខៀវ កាញារីទ្ធ ក៏ប៉ុន្តែ បើទោះបីយ៉ាងណាក៏ដោយ កន្លងមក អាជ្ញាធរបានប្រើប្រាស់ច្បាប់ផ្សេងដែលមានជាធរមានរួចទៅហើយ។
លោកស្រី ចក់ សុភាព បានមានប្រសាសន៍នៅក្នុងកិច្ចពិភាក្សានៃការចេញផ្សាយសៀវភៅ ដំណឹងក្លែងក្លាយ នោះ យ៉ាងដូច្នេះថា៖ «យើងឃើញថា កន្លងមក ទោះបីជាមិនទាន់មានច្បាប់គ្រប់គ្រងលើព័ត៌មានក្លែងក្លាយអី យ៉ាងណាក៏ដោយ គឺយើងឃើញថា មានការប្រើប្រាស់ច្បាប់ដែលមានជាធរមានរួចហើយ ក្នុងការដូចថា នៅពេលមានព្រឹត្តិការណ៍ណាមួយ ឬក៏មានការដាក់ ចោទប្រកាន់ណាមួយ គឺមានការប្រើប្រាស់ក្រមព្រហ្មទណ្ឌ រួចទៅហើយ»។
លោកស្រី ចក់ សុភាព បានអះអាងថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការឹតបន្តឹង ឬក៏ការដាក់គំនាបមកលើសារព័ត៌មាននៅកម្ពុជា មានច្រើនគួរឲ្យព្រួយបារម្ភ។
“កន្លងមក តាំងពីមានកូវីដ១៩ភ្លាម មានច្រើនណាស់ ដែលចង់ឲ្យយើងធ្វើច្បាប់មួយស្តីពីការបង្រ្កាបព័ត៌មានក្លែងក្លាយ។ ក្រសួងព័ត៌មានថា អត់ចាំបាច់ទេ”
លោកស្រី ចក់ សុភាព ក៏បានទទួលស្គាល់ថា ជាកិច្ចការលំបាកសម្រាប់ស្ថាប័នពាក់ព័ន្ធក្នុងការប្រយុទ្ធនឹងដំណឹងក្លែងក្លាយ និងបានសំណូមពរសុំឲ្យមានការអនុវត្តច្បាប់ដោយផ្អែកលើគោលការណ៍គោរពសិទ្ធិមនុស្ស។
លោកស្រី ចក់ សុភាព មានប្រសាសន៍ដូច្នេះ ថា៖ «ដំណោះស្រាយដែលចាំបាច់នោះ គឺយើងត្រូវឲ្យអាទិភាពទៅលើគោលការណ៍សិទ្ធិមនុស្ស។ យើងប្រទេសកម្ពុជាយើងមានចែងយ៉ាងរឹងមាំក្នុងរដ្ឋធម្មនុញ្ញហើយ យើងទទួលស្គាល់ជាច្បាប់អន្តរជាតិដែរ ដែលយើងធានាដល់ការគោរពសិទ្ធិមនុស្ស ជាពិសេស សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ»៕