លោក យក់ ចំរើនឫទ្ធិ ប្រធានអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនសម្ព័ន្ធធានារ៉ាប់រង Forte បានគូសបញ្ជាក់ថា អំពើឆបោកតាមប្រព័ន្ធអនឡាញ ឬ Online Scams ពុំបានស្ថិតក្នុងបញ្ជីហានិភ័យ ដែលត្រូវទទួលខុសត្រូវ ឬផ្តល់សំណងដោយក្រុមហ៊ុន Forte នោះឡើយ។
ជាមួយគ្នានេះថ្នាក់ដឹកនាំរូបនេះបានបន្ថែមថា សង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា និងជម្លោះប្រដាប់អាវុធនៅមជ្ឈិមបូព៌ា ព្រមទាំងនៅទ្វីបអឺរ៉ុបកំពុងជះឥទ្ធិពលអវិជ្ជមានដល់វិស័យធានារ៉ាប់រងទាំងមូល ដោយសារវិនិយោគិនបរទេសមានភាពស្ទាក់ស្ទើរ និងខ្វះទំនុកចិត្តក្នុងការបន្តពង្រីកខ្សែច្រវាក់ផលិតកម្ម ឬការវិនិយោគថ្មីៗ។
បើតាមការលើកឡើងរបស់លោក យក់ ចំរើនឫទ្ធិ មកទល់ពេលនេះអត្រានៃការប្រើប្រាស់សេវាធានារ៉ាប់រងនៅកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ប៉ុន្តែនៅតែមានកម្រិតទាបនៅឡើយ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់ និងលើពិភពលោក។
គួរបញ្ជាក់ថា វិស័យធានារ៉ាប់រងនៅកម្ពុជាកំពុងក្លាយជាចលករដ៏សំខាន់ក្នុងការចាក់បញ្ចូលទុនទៅក្នុងសេដ្ឋកិច្ចជាតិ ដោយបច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងប្រមាណ៣៥ កំពុងប្រតិបត្តិការ និងបានបញ្ចេញទុនវិនិយោគសរុបប្រមាណ៣០០លានដុល្លារអាមេរិកចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា៕
អត្ថបទ៖ បូ ដូឡា