ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពី ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃ សហគ្រិនខ្មែរ ក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងយុទ្ធសាស្ត្រត្រៀមខ្លួនស្តារសេដ្ឋកិច្ចឡើងវិញពី ឯកឧត្តម វង្សីវិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។
គម្រោងនៃកិច្ចសហការនេះ ផ្តោតលើការជំរុញចលនាទេសចរណ៍ទៅកាន់តំបន់សហគមន៍ទេសចរណ៍ សំខាន់ៗក្នុងខេត្តគោលដៅចំនួន ៤ គឺខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ដោយផ្តល់ អាទិភាពលើសកម្មភាពសំខាន់ៗរួមមាន ដូចជាការផ្តល់ជូនវគ្គបណ្តុះបណ្តាលលើជំនាញចាំបាច់មួយចំនួន ការបណ្តុះ គំនិតសហគ្រិនភាពនៅតាមសហគមន៍ ការរៀបចំវីដេអូផ្សព្វផ្សាយអំពីតំបន់សហគមន៍ ការដាក់ស្លាកសញ្ញាចង្អុល ទីតាំងសហគមន៍ និងការសហការជាមួយវិស័យឯកជនក្នុងការផ្សព្វផ្សាយតំបន់ខាងលើ។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ គឺជាអនុវិស័យនៃទេសចរណ៍ពិភពលោក ដែលនៅតែមានសកម្មភាព និងដំណើរការទោះក្នុងដំណាក់កាលវិបត្តិ កូវី៩-១៩ ពិសេសទ្រទ្រង់ដល់សកម្មភាពទេសចរណ៍ផ្ទៃក្នុង និងជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការជំរុញការអភិវឌ្ឍ នៅមូលដ្ឋាន។ ការអភិវឌ្ឍជាសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដែលមានចរិតយុទ្ធសាស្ត្រ និងនយោបាយ ពិតជាបានរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុង ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិ តាមរយៈការផ្តល់សិទ្ធិអំណាចជូនពួកគាត់ក្នុងការរៀបចំចាត់ចែង និងអភិវឌ្ឍ សហគមន៍របស់ខ្លួនដោយផ្ទាល់ (Local Empowerment)។
ឯកឧត្តម វង្សីវិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) មានប្រសាសន៍ថា “គម្រោងជំរុញចលនាទេសចរណ៍ផ្ទៃក្នុង និងលើកកម្ពស់សកម្មភាពទេសចរណ៍ក្នុងសហគមន៍ ក្នុងបរិបទវិបត្តិ កូវី៩-១៩" ជាការផ្តួចផ្តើមមួយក្នុងការត្រៀមខ្លួនស្តារសេដ្ឋកិច្ចឡើងវិញ និងស្របតាមនិន្នាការបរិបទ “ប្រក្រតីភាព តាមគន្លងថ្មី" តាមរយៈការលើកកម្ពស់សកម្មភាព សហគ្រិនភាពនៅក្នុងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។
ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូ បញ្ជាក់បន្ថែមថាខណៈពេលដែលចលនាទេសចរណ៍ត្រូវបានកាត់បន្ថយ ស្ទើរតែ ទាំងស្រុងការផ្តួចផ្តើមនេះជាការរួមចំនែកបង្កើតចំណូលជាតិថ្មីតាមរយៈ ការពង្រីកអាជីវកម្ម និងបង្កើនការងារ បន្ថែមក្នុងសហគមន៍ដែលបម្រើផលប្រយោជន៍ផ្ទាល់ ទៅដល់សេដ្ឋកិច្ចមូលដ្ឋាន។ ម៉្យាងទៀត គម្រោងនេះផង ដែរជាការបង្វែរវិបត្តិនាពេលបច្ចុប្បន្នឱ្យទៅជាឱកាសដើម្បីអភិវឌ្ឍ និងត្រៀមខ្លួនក្នុងការចាប់យកសក្តានុពល ទេសចរណ៍ជាតិ និងអន្តរជាតិក្រោយវិបត្តិកូរីដ-១៩ និងការងើបឡើងវិញនៃវិស័យទេសចរណ៍។
ក្នុងន័យនេះ កិច្ចសហការជាមួយ សហគ្រិនខ្មែរនាពេលនេះ នឹងរួមចំណែកបង្កើតផលប្រយោជន៍សេដ្ឋកិច្ចសង្គម ដល់ប្រជាពលរដ្ឋមូលដ្ឋានដោយផ្ទាល់នៅសហគមន៍ តាមរយៈវិស័យ ទេសចរណ៍ក្នុងបរិបទនៃជំងឺកូវីដ-១៩ ព្រមជាមួយការថែរក្សាការពារ និងអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ រក្សាបាននូវអត្តសញ្ញាណដើម របស់សហគមន៍មូលដ្ឋាន។
ក្រសួងទេសចរណ៍ មានសុទិដ្ឋិនិយមចំពោះគម្រោងនេះ និងរំពឹងថា សហគ្រិនខ្មែរ នឹង ក្លាយជាដៃគូដ៏មានសក្តានុពលជាមួយក្រសួងទេសចរណ៍ ក្នុងការជំរុញការអភិវឌ្ឍអនុវិស័យសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងវិស័យទេសចរណ៍ជារួម ៕