សូមអានបទសម្ភាសន៍រវាងលោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រ ខេមបូណូមីស ជាមួយ លោក យុន សុវណ្ណា ដូចតទៅ៖
រ៉ឹម ភារី៖ សូមលោកជួយជម្រាបអ្នកអានអំពីស្ថានភាពបច្ចុប្បន្នក្នុងវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
យុន សុវណ្ណា៖ បច្ចុប្បន្ន វិស័យធនាគារ និង មីក្រូហិរញ្ញវត្ថុ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ដែរ។ ជាពិសេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានពង្រីកសេវាដល់គ្រប់ខេត្តក្រុងទាំង២៥ និងបម្រើដល់ពេលរដ្ឋជិត២លានគ្រួសារ។ មួយវិញទៀត សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានទទួលតួលេខចុងក្រោយ ថា បច្ចុប្បន្ន ធនាគារពាណិជ្ជ មានចំនួន ៣៩ ធនាគារឯកជនមានចំនួន ១៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួន ៧ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធម្មតា មានចំនួន៦៦ស្ថាប័ន។
រ៉ឹម ភារី៖ ការរីកដូចផ្សិតរបស់ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា បានផ្តល់ផលវិជ្ជមាន ឬ អវិជ្ជមាន?
យុន សុវណ្ណា៖ ជាទូទៅ កំណើនវិស័យនេះ បានផ្តល់ផលវិជ្ជមានជាច្រើនដល់សង្គម ដូចជា ជំរុញការប្រកួតប្រជែងទាំងសេវា គុណភាព និងតម្លៃ។ ផលល្អ នៅត្រង់ថា ពលរដ្ឋអាចទៅរកសេវាកម្មកម្ចី ដែលមានការប្រាក់ទាបជាងមុន និងមានសេវាកាន់តែល្អជាងមុន។ យ៉ាងណាក៏ដោយ វិស័យនេះ វាក៏មិនល្អ១០០ភាគរយនោះទេ។ ប៉ុន្តែ ភាពអវិជ្ជមាន ខ្ញុំមិនចង់និយាយនោះ ព្រោះ វាផ្ទុយពីតួនាទីរបស់ខ្ញុំ។
លោក រ៉ឹម ភារី៖ កន្លងមក ស្ថាប័នមួយចំនួន បានឲ្យកម្ចីដល់ពលរដ្ឋដោយមិនបានអប់រំពីការប្រើកម្ចីឲ្យបានត្រឹមត្រូវ ដែលជំរុញឲ្យពលរដ្ឋជំពាក់បំណុលច្រើនពេករហូតគ្មានលទ្ធភាពសង។ តើលោកយល់យ៉ាងណាពាក់ព័ន្ធនឹងបញ្ហានេះ?
យុន សុវណ្ណា៖ តាមការសិក្សាស្រាវជ្រាវឯករាជ្យមួយកន្លងទៅនេះ បង្ហាញថា កម្រិតនៃកំណើនប្រាក់កម្ចី ដែលលើសប្រាក់ចំណូលមិនទាន់មានការព្រួយបារម្ភនៅឡើយទេ។ លើសពីនេះ កម្រិតដែលប្រជាជនមិនអាចបង់សងមកវិញ ក៏នៅទាបដែរ។ បញ្ហានេះ យើងបានព្យាយាមអប់រំផ្នែកប្រត្តិបត្តិករហិរញ្ញវត្ថុយ៉ាងទូលំទូលាយថា មុនផ្តល់កម្ចី ជាពិសេស ពលរដ្ឋដែលមានកម្រិតចំណេះដឹងទាប ពលរដ្ឋងាយរងគ្រោះ និង មានចំណូលទាប ប្រតិបតិបត្តិករដែលផ្តល់សេវានេះ ត្រូវផ្តល់សេវាប្រកបដោយការទទួលខុសត្រូវ និង ផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ និង តម្លាភាពដល់បងប្អូនពលរដ្ឋដែលជាអ្នកទទួលសេវា។ ដោយឡែក ពលរដ្ឋវិញ ត្រូវតែប្រុងប្រយ័ត្ន ហើយគួរតែស្វែងយល់ព័ត៌មានឲ្យបានច្រើន ប្រៀបធៀបការផ្តល់សេវាពីស្ថាប័នមួយទៅស្ថាប័នមួយទៀត ដើម្បីទទួលបានសេវាកាន់តែល្អ។ មួយទៀត ពលរដ្ឋ គួរតែមើលទៅលើតម្លៃ និងលក្ខខ័ណ្ឌ ព្រមទាំង រកសេវាពីធនាគារ ឬ មីក្រូហិរញ្ញវត្ថុណាដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
រ៉ឹម ភារី៖ តើភាគច្រើន ពលរដ្ឋប្រើប្រាស់កម្ចីលើវិស័យអ្វីខ្លះ?
យុន សុវណ្ណា៖ របាយការណ៍ឆ្នាំ២០១៦របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងថា ពលរដ្ឋកម្ពុជា បានខ្ចីលុយទៅប្រើក្នុងវិស័យកសិកម្ម មានចំនួន ៣៣.៣៣ ភាគរយ យកទៅប្រើក្នុងការផលិតកែច្នៃ៩ភាគរយ ពាណិជ្ជកម្ម ១៨.៥ ភាគរយ សេវាកម្ម៩.៩ភាគរយ ដឹកជញ្ជូន៤.៣ភាគរយ សាងសង់៣.២ភាគរយ ប្រើប្រាស់ក្នុងគ្រួសារមាន ២៨.៤ភាគរយ៕