នៅចំពោះឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកស្រី Flerrida Ann P.Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មី ប្រចាំនៅកម្ពុជា បានបង្ហាញពីការប្ដេជ្ញាខ្ពស់ក្នុងការជួយទាក់ទាញវិនិយោគិនហ្វីលីពីន ឱ្យមកបោះទុនវិនិយោគនៅក្នុងវិស័យកសិកម្មនៅកម្ពុជា ពិសេសវិស័យស្រូវអង្ករ និងម្រេច ដើម្បីនាំចេញទៅកាន់ទីផ្សាររបស់ហ្វីលីពីន ដែលជាទីផ្សារនាំចូលអង្ករដ៏ធំជាងគេមួយនៅក្នុងតំបន់។
បើយោងតាមការសិក្សាស្រាវជ្រាវមួយកាលពីពេលថ្មីៗបង្ហាញថា ហ្វីលីពីនដែលមានប្រជាជនជាង១០០លាននាក់ ជាទីផ្សារនាំចូលអង្ករធំជាងគេនៅលើពិភពលោកនៅក្នុងឆ្នាំ២០២៤នេះ ដោយប្រទេសនេះគ្រោងនាំចូលអង្ករពីបណ្ដាប្រទេសនានា ក្នុងបរិមាណជាង៤,២លានតោន ខណៈចិន គ្រោងនាំចូលតែជាង៣លានតោនផងដែរ។
ជុំវិញការប្ដេជ្ញាជួយជំរុញការវិនិយោគក្នុងវិស័យស្រូវអង្កររបស់ឯកអគ្គរដ្ឋទូតហ្វីលីពីននេះ ឯកឧត្តម ឌិត ទីណា បានណែនាំឱ្យហ្វីលីពីន សហការជាមួយសហព័ន្ធស្រូវ អង្ករ កម្ពុជា ដែលជាស្ថាប័នជំនាញមានបទពិសោធន៍ក្នុងការវេចខ្ចប់ និងមានបច្ចេកទេសក្នុងការនាំចេញស្រូវ អង្ករ ទៅក្រៅប្រទេស និងជំរុញឱ្យសិក្សាពីនីតិវិធីអនាម័យ ភូតគាមអនាម័យ និងច្បាប់រវាងប្រទេសទាំងពីរឱ្យបានច្បាស់លាស់ និងស៊ីជម្រៅផងដែរ៕