របាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវអន្តរជាតិ Counterpoint បង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Huawei របស់ចិន ដែលជាដៃគូប្រកួតប្រជែងធំបំផុតរបស់ក្រុមហ៊ុនយក្សអាម៉េរិក Apple នៅក្នុងទីផ្សារប្រទេសចិន ទទួលបានកំណើនលក់ស្មាតហ្វូនលំដាប់ព្រីមៀមរហូតដល់ទៅ៦៤% ក្នុងរយៈពេល៦សប្ដាហ៍ដើមឆ្នាំ២០២៤។
ការធ្លាក់ចុះខ្លាំងនូវការលក់នេះជាក្ដីបារម្ភដ៏ធំសម្រាប់ក្រុមហ៊ុន Apple ខណៈក្រុមហ៊ុនរបស់អាម៉េរិកមួយនេះបានព្យាករប្រាក់ចំណូលសម្រាប់ត្រីមាសបច្ចុប្បន្នរបស់ខ្លួនក្នុងរង្វង់៦ពាន់លានដុល្លារ ដែលទាបជាងការរំពឹងទុករបស់សង្កាត់ហិរញ្ញវត្ថុដ៏ល្បីល្បាញ Wall Street។
ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ២,៨% កាលពីថ្ងៃអង្គារ ទី៥ ខែមីនា ហើយបានបាត់បង់តម្លៃប្រមាណ១២% គិតមកទល់នឹងពេលនេះ ដោយទទួលបានលទ្ធផលអន់ជាងបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតនៅសហរដ្ឋអាម៉េរិក។
របាយការណ៍របស់ក្រុមហ៊ុន Counterpoint បង្ហាញថា ចំណែកទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ក្នុងទីផ្សារប្រទេសចិន បានធ្លាក់ចុះពី១៩% មកនៅត្រឹម១៥,៧% ដោយធ្វើឱ្យក្រុមហ៊ុននេះធ្លាក់ពីចំណាត់ថ្នាក់លេខ២មកនៅត្រឹមចំណាត់ថ្នាក់លេខ៤។
ទន្ទឹមនេះ ក្រុមហ៊ុន Huawei របស់ចិន បានឡើងចំណាត់ថ្នាក់លេខ២ ខណៈដែលចំណែកទីផ្សាររបស់ខ្លួនបានកើនឡើងពី៩,៤%ដល់១៦,៥%។ របាយការណ៍នេះបានបញ្ជាក់ថា ទីផ្សារស្មាតហ្វូនសរុបនៅក្នុងប្រទេសចិន បានធ្លាក់ចុះ៧%។
ក្រុមហ៊ុន Apple បានចាប់ផ្តើមផ្ដល់ឧបត្ថម្ភធនដល់ម៉ូឌែល iPhone មួយចំនួនរហូតដល់១៨០ដុល្លារ កាលពីសប្តាហ៍មុនតាមរយៈហាងលក់ស្មាតហ្វូននៅលើ Tmall ដែលជា Platform ទីផ្សារដ៏ធំរបស់ក្រុមហ៊ុន Alibaba។ ក្រុមហ៊ុន Apple បានផ្តល់ជូនការបញ្ចុះតម្លៃ iPhone រហូតដល់ទៅ៧០ដុល្លារនៅលើគេហទំព័រផ្លូវការរបស់ខ្លួនរួចទៅហើយកាលពីខែមុន៕
ដោយ: តែម សុខុម