រូបិយប័ណ្ណ

អឺរ៉ុប សង្ស័យចិន ទម្លាក់តម្លៃលុយយន់ ដើម្បីយកប្រៀបលើការធ្វើពាណិជ្ជកម្ម តែចិន ច្រានចោល


ភាពតានតឹងផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្លុកលោកខាងលិច និងចិន កំពុងតែរំកិលខ្លួនចូលទៅក្នុងសង្រ្គាមរូបិយប័ណ្ណ។ ប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី គ្រីស្ទីន ឡាហ្គាត (Christine Lagarde) ស្នើឱ្យមានការពិភាក្សាជាបន្ទាន់ជុំវិញតម្លៃប្រាក់យន់របស់ចិន ដោយព្រមានថា រូបិយប័ណ្ណចិន អាចកំពុងមានតម្លៃទាបជាងការពិតខ្លាំងពេក ដែលជាកាតាលីករជួយរុញច្រានការនាំចេញរបស់ចិន ក្នុងរូបភាពមិនស្មោះត្រង់ និងធ្វើឱ្យអតុល្យភាពសេដ្ឋកិច្ចសកលកាន់តែធ្ងន់ធ្ងរ។
រូបិយប័ណ្ណ
ដោយ

បើទោះជាទីក្រុងប៉េកាំងចេញមុខបដិសេធយ៉ាងដាច់អហង្ការក៏ដោយ ប៉ុន្តែក្តីបារម្ភរបស់លោកខាងលិចហាក់មិនទាន់ថមថយឡើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។

ប្រធានធនាគារកណ្តាលអឺរ៉ុប លោកស្រី គ្រីស្ទីន ឡាហ្គាត (Christine Lagarde) បានបង្ហាញក្តីបារម្ភយ៉ាងខ្លាំងថា ទំនិញចិនដែលមានតម្លៃថោកខុសធម្មតាកំពុងតែជន់ជោរពេញទីផ្សារពិភពលោក។ ស្ថានភាពនេះកំពុងបង្កើតសម្ពាធយ៉ាងធ្ងន់ធ្ងរមកលើខ្សែច្រវាក់ឧស្សាហកម្មរបស់អឺរ៉ុប ជាពិសេសវិស័យផលិតរថយន្ត និងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់ ដែលធ្លាប់ជា​សសរស្តម្ភ​សេដ្ឋកិច្ចដ៏រឹងមាំរបស់ទ្វីបមួយនេះ។

ដើម្បីជាទម្ងន់ដល់ការព្រមាននេះ លោកស្រី បានយោងលើលទ្ធផលសិក្សាស្រាវជ្រាវរបស់ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានបង្ហាញថា ប្រាក់យន់របស់ចិន អាចមានតម្លៃទាបជាងតម្លៃពិតជាក់ស្តែងក្នុងរង្វង់ពី១៥% ទៅ១៦% ដែលនេះ ជាគម្លាតខុសប្រក្រតីយ៉ាងខ្លាំង​។ តាមទ្រឹស្តីសេដ្ឋកិច្ច ការរក្សាតម្លៃរូបិយប័ណ្ណឱ្យនៅទាបជាងតម្លៃពិត គឺជាយុទ្ធសាស្ត្រធ្វើឱ្យទំនិញនាំចេញរបស់ប្រទេសនោះមានតម្លៃថោកជាងមុនដោយស្វ័យប្រវត្តិ ដែលបង្កើតបានជាឧត្តមភាពប្រកួតប្រជែងដ៏មានប្រៀបនៅលើទីផ្សារអន្តរជាតិ។

ទោះជាយ៉ាងណា ទីក្រុងប៉េកាំង បានចេញមុខច្រានចោលភ្លាមៗចំពោះការចោទប្រកាន់នេះ ដោយអះអាងថា ចិន មិនដែលបានប្រើប្រាស់វិធានការក្រឡុករូបិយប័ណ្ណ ឬការទម្លាក់ថ្លៃប្រាក់យន់ដោយចេតនា ដើម្បីទាញយកប្រៀបពាណិជ្ជកម្មក្នុងផ្លូវទុច្ចរិតនោះឡើយ។ ចិន បានអះ​អាងថា តម្លៃទំនិញរបស់ខ្លួនថោក គឺដោយសារប្រសិទ្ធភាពផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ដ៏ពេញលេញតែប៉ុណ្ណោះ។

ប៉ុន្តែសម្រាប់បណ្ដាប្រទេសលោកខាងលិច ជាពិសេសក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬ G7 ដែលរួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាម៉េរិកកំពុងស្ថិតក្នុងស្ថានភាពមួយដ៏លំបាក ដោយអតិរេកពាណិជ្ជកម្មរបស់ចិន បន្តហក់ឡើងដល់កម្រិតខ្ពស់បំផុត។ មេដឹកនាំក្រុម G7 មើលឃើញថា នេះជាឫសគល់ នៃអតុល្យភាពម៉ាក្រូសេដ្ឋកិច្ចសកល រួមទាំងការបង្កឱ្យមានឱនភាពពាណិជ្ជកម្មរ៉ាំរ៉ៃនៅសហរដ្ឋអាម៉េរិក និងការគាំងស្ទះលំហូរវិនិយោគនៅក្នុងតំបន់អឺរ៉ុប៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


អ៊ីរ៉ង់ ត្រៀមបង្ហូរប្រេងឆៅរាប់សិបលានបារ៉ែល ទៅទីផ្សារអន្តរជាតិ ក្រោយអាម៉េរិក ដោះទណ្ឌកម្ម៦០ថ្ងៃ

ក្រោយសហរដ្ឋអាម៉េរិក សម្រេចលើកលែងទណ្ឌកម្មលើវិស័យប្រេងរបស់អ៊ីរ៉ង់ ជាបណ្តោះអាសន្ន ក្រុមអ្នកវិភាគមើលឃើញថា ទីក្រុងតេអេរ៉ង់នឹងប្រើឱកាសមាសនេះបង្…

ក្រុមហ៊ុនចិន Alibaba ប្តឹងរដ្ឋាភិបាលអាម៉េរិក ឱ្យលាងជម្រះខ្លួនចេញពីបញ្ជីខ្មៅ

ក្រោយរដ្ឋបាលលោក ដូណាល់ ត្រាំ សម្រេចដាក់បញ្ចូលក្រុមហ៊ុនខ្លួនទៅក្នុងបញ្ជីខ្មៅ ពេលនេះក្រុមហ៊ុនពាណិជ្ជកម្មរបស់ចិន Alibaba បានសម្រេចចិត្តវាយបកវិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ