រដ្ឋមន្ត្រីការបរទេសអាម៉េរិក

រដ្ឋមន្ត្រីការបរទេសអាម៉េរិកអះអាងថា ច្រកសមុទ្រហ័រម៉ូសនៅតែបើកចំហ ខណៈកិច្ចព្រមព្រៀងរវាងអាម៉េរិក និងអ៊ីរ៉ង់ជិតលេចចេញជារូបរាងហើយ


ស្ថានការណ៍នៅច្រកសមុទ្រ Hormuz កំពុងតែឡើងកម្ដៅយ៉ាងខ្លាំង ដោយយោធាសហរដ្ឋអាម៉េរិកបានចេញមុខអះអាងថា ច្រកផ្លូវទឹកដ៏សំខាន់មួយនេះនៅតែបើកចំហសម្រាប់នាវាពាណិជ្ជកម្មធ្វើដំណើរដោយសេរី បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិកលោក ស្កុត បេសសេន (Scott Bessent) បានបង្ហើបថា កិច្ចព្រមព្រៀងជាមួយក្រុងតេអេរ៉ង់ ជិតលេចចេញជារូបរាងហើយ។ ប៉ុន្តែផ្ទុយស្រឡះពីនេះ អ៊ីរ៉ង់បានផ្ញើសារព្រមានថា ការគ្រប់គ្រងលើច្រក Hormuz គឺជាខ្សែបន្ទាត់ក្រហម ដែលមិនអាចយកមកដាក់លើតុចរចាបានឡើយ។
រដ្ឋមន្ត្រីការបរទេសអាម៉េរិក
ដោយ

សារព័ត៌មាន CNBC និង MSN បានរាយករណ៍ថា ទីបញ្ជាការកណ្តាលសហរដ្ឋអាម៉េរិក (CENTCOM) បានគូសបញ្ជាក់នៅលើបណ្តាញសង្គម X ថា ផ្លូវនាវាចរណ៍នៅភាគខាងត្បូងច្រកសមុទ្រ Hormuz ស្ថិតក្នុងដែនទឹកអូម៉ង់ នៅតែបើកចំហ និងមានសុវត្ថិភាពសម្រាប់ការឆ្លងកាត់។ CENTCOM បានអះអាងផងដែរថា កងទ័ពអាម៉េរិកបានជួយសម្រួលដល់នាវាជាង ១,០០០គ្រឿងឱ្យឆ្លងកាត់ដោយសុវត្ថិភាព ទោះជាមានការរំខាន និងប្រឈមមុខដាក់គ្នាពីសំណាក់កងកម្លាំងយោធាអ៊ីរ៉ង់ក៏ដោយ។ ការចេញមុខអះអាងបែបនេះរបស់កងទ័ពអាម៉េរិក ធ្វើឡើងបន្ទាប់ពីលោក Scott Bessent រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិកលើកឡើងថា អាម៉េរិកកំពុងចរចាជាមួយអ៊ីរ៉ង់ ហើយមានសញ្ញាវិជ្ជមាន ដែលអាចឈានទៅសម្រេចកិច្ចព្រមព្រៀង ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញទាំងស្រុង និងបន្ធូរបន្ថយភាពតានតឹង ដែលធ្វើឱ្យតម្លៃប្រេងឆៅសកលធ្លាក់ចុះមួយរំពេច។
ទោះជាយ៉ាងណាសារលួងលោមរបស់ទីក្រុងវ៉ាស៊ីនតោន ហាក់ផ្ទុយពីជំហរដ៏រឹងរូសរបស់ក្រុងតេអេរ៉ង់ ដោយថ្នាក់ដឹកនាំអ៊ីរ៉ង់បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ការគ្រប់គ្រងច្រក Hormuz គឺជាខ្សែបន្ទាត់ក្រហម។ ទីក្រុងតេអេរ៉ង់បានសង្កត់ធ្ងន់ថា ច្រកដឹកជញ្ជូនដ៏សំខាន់ ដែលកាន់កាប់សរសៃឈាមសេដ្ឋកិច្ចពិភពលោកមួយនេះ គឺជាអាវុធយុទ្ធសាស្ត្រដ៏មានឥទ្ធិពលបំផុតក្នុងការរារាំងចំណាត់ការយោធារបស់អាម៉េរិក និងអ៊ីស្រាអែល។ អ៊ីរ៉ង់រំពឹងថា សម្ពាធនៃវិបត្តិតម្លៃប្រេងឥន្ធនៈ និងអតិផរណាកើនឡើងខ្ពស់ នឹងបង្ខំឱ្យលោក ត្រាំ ត្រូវតែយល់ព្រមទទួលយកលក្ខខណ្ឌរបស់ខ្លួននៅទីបញ្ចប់។
ទន្ទឹមនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករថា សេដ្ឋកិច្ចរបស់អ៊ីរ៉ង់នឹងរងគ្រោះធ្ងន់ធ្ងរ ដោយមានកំណើនអវិជ្ជមាន-៦% នៅក្នុងឆ្នាំ២០២៦ នេះ ខណៈអត្រាអតិផរណាប្រចាំឆ្នាំនឹងស្ទុះឡើងដល់ទៅប្រមាណ៦៩%។ ប្រជាជនអ៊ីរ៉ង់ទូទៅកំពុងរងគ្រោះយ៉ាងធ្ងន់ធ្ងរពីវិបត្តិកង្វះខាតប្រេងឥន្ធនៈ និងការលំបាកផ្នែកជីវភាពជាច្រើនទៀត ដែលស្តែងចេញពីផលប៉ះពាល់នៃសង្គ្រាម។
ដោយឡែក ទីផ្សារប្រេងឆៅពិភពលោកនៅតែបន្តប្រែប្រួលខ្លាំង ដោយនៅថ្ងៃពុធ ទី៥ ខែសីហា តម្លៃប្រេងឆៅប្រភេទ Brent បានងើបឡើង០,៤៣%ឈានដល់ជិត៨០ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីបានធ្លាក់ចុះជាង៥% កាលពីថ្ងៃអង្គារ។ ជាមួយគ្នានេះតម្លៃប្រេងឆៅនៅសហរដ្ឋអាម៉េរិក ក៏បានកើនឡើង០,២១%ផងដែរឈានដល់ជិត៧៦ដុល្លារក្នុងមួយបារ៉ែល ក្រោយបានធ្លាក់ចុះ៥,៧%កាលពីមួយថ្ងៃមុន៕

អត្ថបទៈ សួន ឡង់ទី. រូបភាពៈ ឯកសារបរទេស




អត្ថបទបន្ទាប់


នាយករដ្ឋមន្ត្រី​ថៃ ស្រែកឡាំប៉ា ដោយរិះគន់របាយការណ៍ UN និងត្រៀមដាក់លិខិតតវ៉ាជាផ្លូវការ

រដ្ឋាភិបាលក្រុងបាងកក កើតទុក្ខមិនសុខចិត្តរហូតដល់ថ្នាក់ចេញមុខស្រែកឡាំប៉ាច្រានចោលរបាយការណ៍របស់អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ (UN)…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ