
ក្រុមហ៊ុននេះ មានគោលដៅ នឹងដំឡើងទូត្រជាក់បន្ថែមទៀត ដែលអាចប្រើប្រាស់បាននៅតាមផ្សារនានានៅទូទាំងប្រទេស ដើម្បីជួយសម្រួលដល់អាជីវកម្មក្នុងការទុកដាក់បន្លែផ្លែឈើ ត្រីសាច់បានត្រឹមត្រូវ និងកាត់បន្ថយការខាតបង់។



បន្ទប់ត្រជាក់ចល័តនេះ ត្រូវបានក្រុមហ៊ុនរចនាឡើងដោយយកចិត្តទុកដាក់ តាមរយៈការប្រមូលផ្តុំបទពិសោធន៍នានា ព្រមទាំងបំពាក់ជាមួយផ្ទាំងសូឡា នៅលើដំបូល ស្របតាមបច្ចេកវិទ្យាទំនើប និងជួយសន្សំសំចៃអគ្គិសនីបានមួយកម្រិត។



លោក ធៀវ អៀង ប្រធានក្រុមហ៊ុន អ៊ីស៊ី រីហ្រ្វីជើរេសិន យល់ឃើញថា បន្ទប់ត្រជាក់ចល័ត ដែលទើបដំឡើងនេះ នឹងជួយរក្សាគុណភាពបន្លែ ផ្លែឈើ សាច់ ភេសជ្ជៈ និងអាហារកក បានយូរថ្ងៃ ហើយក្រៅពីនោះក៏បានចូលរួមចំណែកជួយការពារដល់បរិស្ថាន រក្សាសុវត្ថិភាពចំណីអាហារ ព្រមទាំងផ្ដល់ផលចំណេញដល់អាជីវករផងដែរ ខណៈបន្ទប់ដែលទើបដាក់ឱ្យប្រើប្រាស់នៅផ្សាររង្វង់មូលគួរស្រូវនេះ មានទំហំបណ្ដោយ៩ម៉ែត្រ ទទឹង៤ម៉ែត្រ និងកម្ពស់ ២.៥០ម៉ែត្រ ដែលអាចផ្ទុក បន្លែ ផ្លែឈើ និងគ្រឿងបង្កផ្សេងៗ បានរហូតដល់ប្រមាណ៥តោន។


បន្ទប់ត្រជាក់ចល័តដែលក្រុមហ៊ុន អ៊ីស៊ី រីហ្វ្រីជើរេសិន រៀបចំនេះ ត្រូវបានលោក ធៀវ អៀង គូសបញ្ជាក់ថា បានរចនាឡើងបែបទំនើបដោយអាចកត់ចំណាំការចេញចូល និងមិនព្រួយបារម្ភពីការបាត់បង់បន្លែ ផ្លែឈើ ឬទំនិញដែលបានរក្សាទុកក្នុងទូត្រជាក់នោះទេ ដោយសារតែទូត្រជាក់នេះ មានបំពាក់ដោយប្រព័ន្ធ បច្ចេកវិទ្យាចុងក្រោយរបស់បណ្ដាប្រទេសជឿនលឿន។

តាមគម្រោងក្រុមហ៊ុន អ៊ីស៊ី រីហ្វ្រីជើរេសិន នឹងរៀបចំដំឡើងទូត្រជាក់ចល័ត នៅតាមផ្សារនានាទូទាំងប្រទេស ខណៈក្រុមហ៊ុននេះ កំពុងមើលឃើញពីតម្រូវការនៃការប្រើប្រាស់មានការកើនឡើងជាបន្តបន្ទាប់។
បច្ចុប្បន្នក្រុមហ៊ុននេះ បានដាក់ជួលទូត្រជាក់ចល័ត ក្នុងបំណងជួយសម្រួលដល់អាជីវករលក់ដូរ នៅផ្សារចំនួនពីរកន្លែង ក្នុងរាជធានីភ្នំពេញ និងមួយកន្លែងទៀត ស្ថិតនៅក្នុងខេត្តបាត់ដំបង៕
