វិស័យទេសចរណ៍ថៃ

ជម្លោះរវាងអ៊ីស្រាអែល-ហាម៉ាស បង្កក្ដីបារម្ភដល់ការស្តារវិស័យទេសចរណ៍នៅថៃ


សមាគមទីភ្នាក់ងារទេសចរណ៍ថៃ កំពុងព្រួយបារម្ភថា ឥទ្ធិពលនៃជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ធ្វើឱ្យប៉ះពាល់ដល់ទាក់ទាញ និងស្តារវិស័យទេសចរណ៍ឡើងវិញរបស់ថៃ។ ការបារម្ភបែបនេះ ក៏ដោយសារអ្នកជំនាញយល់ថា ភ្ញៀវទេសចរពីអ៊ីស្រាអែល និងមជ្ឈឹមបូព៌ា គឺភ្ញៀវទេសចរដែលចំណាយខ្ពស់នៅក្នុងកម្មវិធីដំណើរកម្សាន្តនៅថៃ ស្របពេលឆ្នាំនេះថៃរំពឹងអាចទាក់ទាញភ្ញៀវបរទេសបានចន្លោះពី២៧ទៅ២៨លាននាក់។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានមួយរបស់ថៃ។
វិស័យទេសចរណ៍ថៃ
ដោយ

លោក ស៊ីសឌីវ៉ាច ឆេវ៉ាត់តាណាផន (Sisdivachr Cheewarattanaporn ) ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ថៃ បាននិយាយថា ឧស្សាហកម្មទេសចរណ៍ថៃ នៅឆ្នាំនេះរំពឹងថា នឹងអាចទាក់ទាញភ្ញៀវទេសចររុស្ស៊ី បានជាង១លាននាក់ តែដោយសារបញ្ហាអាកាសធាតុ និងសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនអាចធ្វើឱ្យចំនួនភ្ញៀវទេសចររុស្ស៊ី មកកម្សាន្តនៅថៃ មានការធ្លាក់ចុះខុសពីការរំពឹងទុក។

ជាមួយគ្នានេះឧស្សាហកម្មទេសចរណ៍ថៃ ក៏ប្រឈមនឹងការធ្លាក់ចុះចំនួនភ្ញៀវទេសចរអ៊ីស្រាអែល និងមកពីប្រទេសនៅមជ្ឈិមបូព៌ាផងដែរ ក្រោយមានការផ្ទុះសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស។

បើតាមលោក ស៊ីសឌីវ៉ាច មកទល់ពេលនេះចំនួនភ្ញៀវទេសចរអ៊ីស្រាអែល ដែលជាអតិថិជនចំណាយខ្ពស់ បានមកលេងកម្សាន្តនៅថៃ មានត្រឹមតែ១៩ម៉ឺននាក់ ខណៈគេរំពឹងថា អាចមានខ្ពស់ជាងនេះ ប្រសិនបើមិនមានជម្លោះជាមួយក្រុមហាម៉ាសកើតឡើងទេនោះ។

លោក បានបន្តថា ជម្លោះដែលកំពុងកើនឡើងនេះ ក៏អាចប៉ះពាល់ដល់ទីផ្សារទេសចរណ៍ថៃសំខាន់ៗក្នុងបណ្តាប្រទេសមជ្ឈិមបូព៌ាផ្សេងទៀត រួមទាំងអ្នកធ្វើដំណើរអារ៉ាប៊ីសាអ៊ូឌីត ដែលជាភ្ញៀវមានការចំណាយខ្ពស់ផងដែរ។

ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ថៃរូបនេះ បាននិយាយថា ការមកដល់របស់ភ្ញៀវទេសចរបរទេសសរុបនៅឆ្នាំនេះត្រូវបានគេព្យាករថា នឹងកើនឡើងដល់២៧ ឫ២៨លាននាក់ ដែលវានឹងឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍របស់ថៃ តែក្តីរំពឹងនេះ អាចមានការប្រែប្រួល ឫត្រូវបានរារាំងដោយសារការធ្លាក់ចុះ នៃសេដ្ឋកិច្ចនៅក្នុងទីផ្សារទេសចរណ៍សំខាន់ៗដូចជាប្រទេសចិន និងជប៉ុន។

បច្ចុប្បន្នប្រទេសថៃ កំពុងខិតខំប្រឹងប្រែង ដើម្បីស្ដារទំនុកចិត្តភ្ញៀវទេសចអន្តរជាតិ ជាពិសេសជនជាតិចិន ដែលកំពុងបាត់បង់ទំនុកចិត្តមកលើវិស័យទេសចរណ៍ថៃ ក្រោយមានការបាញ់ប្រហារនៅផ្សារមួយកន្លែងកណ្តាលទីក្រុងបាងកក កាលពីពេលថ្មីៗ។ យ៉ាងណាមិញប្រធានសមាគមរូបនេះរំពឹងថា រំហូរភ្ញៀវទេសចរចិន ចូលមកលេងប្រទេសថៃនឹងមានការកើនឡើង នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិននាខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ។

ទោះយ៉ាងណាក៏ដោយ សមាគមទីភ្នាក់ងារទេសចរណ៍ថៃជឿជាក់ថា ហានិភ័យដែលកើតចេញពីជម្លោះរវាងអ៊ីស្រាអែលជាមួយក្រុមហាម៉ាស និងភាពមិនច្បាស់លាស់ទាក់ទងនឹងការធ្វើដំណើរតាមផ្លូវអាកាស វានឹងបង្កឱ្យមានបញ្ហាប្រឈមក្នុងការស្ដារឡើងវិញនូវកម្រិតនៃចំនួនភ្ញៀវទេសចរអន្តរជាតិ ដែលថៃធ្លាប់ទាក់ទាញបានរហូតដល់៤០លាននាក់ នៅមុនវិបត្តិកូវីដ នៅឆ្នាំ២០១៩។

ដោយឡែក លោក ចំណាន ស្រ៊ីសាវាត ( Chamnan Srisawat) ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃបាននិយាយថា ប្រទេសថៃ ត្រូវតែបំពេញចន្លោះប្រហោងនេះ ដោយស្វែងរកទីផ្សារបន្ថែម ជាពិសេសភ្ញៀវទេសចរក្នុងស្រុកនៅក្នុងត្រីមាសទី៤នៃឆ្នាំនេះ។ លោកបានបន្តថា ការជំរុញការធ្វើដំណើរក្នុងស្រុកនឹងជួយកាត់បន្ថយហានិភ័យពីកត្តាខាងក្រៅ ដូចជាការស្ទុះងើបឡើងវិញយឺតនៃសេដ្ឋកិច្ចសកល និងជម្លោះនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន ហើយកិច្ចខិតខំប្រឹងប្រែងនេះនឹងជួយរក្សានិរន្តរភាពកម្រិតការងារនៅក្នុងវិស័យទេសចរណ៍ថៃ និងជំរុញប្រាក់ចំណូលនៃអាជីវកម្មនេះឱ្យត្រឡប់មកវិញផងដែរ៕

ដោយៈ សរ សុជាតិ

None



អត្ថបទបន្ទាប់


មេ UN ត្រូវប្រមុខកាទូតអ៊ីស្រាអែល ចង្អុលមុខ និងឱ្យលាលែងពីតំណែង

នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ ទី២៤ ខែតុលា ជម្លោះពាក្យសម្តីបានផ្ទុះឡើងជុំវិញបញ្ហាសង្គ្រាមនៅហ្កាហ្សា បន្ទា…

ធនាគារកណ្ដាលអឺរ៉ុប និងធនាគារកណ្ដាលអាម៉េរិកទំនងជាផ្អាកដំឡើងអត្រាការប្រាក់បណ្ដោះអាសន្ន

ធនាគារកណ្តាលអឺរ៉ុប ត្រូវបានគេរំពឹងថា នឹងបញ្ឈប់ការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លាបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួននៅពេលក្រុមអ្នកបង្កើតគោលនយោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ