ការលើកឡើងដូច្នេះ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកនេតាន់យ៉ាហ៊ូ ធ្វើឡើងនៅបន្ទាប់ពី អ៊ីស្រាអែល ក្នុងពេលជាងមួយសប្តាហ៍មកនេះ បានប្រើប្រាស់កងទ័ពដែនអាកាសរបស់ខ្លួនបាញ់ស្រោច និងទម្លាក់គ្រាប់បែកលើក្រុមហាម៉ាស់ (Hamas) ក្នុងតំបន់ហ្កាហ្សា (Gaza) ដែលបណ្តាលឲ្យមានអ្នកស្លាប់និងរបួសជាច្រើន។
បើគិតត្រឹមថ្ងៃអាទិត្យទី១៦ម្សិលមិញ អ្នកស្លាប់ក្នុងតំបន់ហ្កាហ្សា (Gaza) បានកើនឡើងដល់ជិត១៥០នាក់ ខណៈមនុស្សជាច្រើនទៀតនៅបន្តបាត់ខ្លួន ដោយគេប៉ាន់ស្មានថា អ្នកទាំងនោះកំពុងជាប់នៅក្រោមគំនរបាក់បែកនៃអគារដែលបានបាក់រលំពីការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាអស់ពេញមួយយប់ ដោយទ័ពអាកាសអ៊ីស្រាអែល។
មានអ្នករបួសនិងស្លាប់ជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃច័ន្ទគ្រាដែលមានការប៉ះទង្គិចគ្នាដំបូងរវាងភាគីទាំងពីរ ក្នុងត្រូវបានគេរាយណ៍ថា មានកុមារជាង ៤០ហើយ បានស្លាប់បាត់បង់ជិវិតក្នុងតំបន់ហ្កាហ្សា និង ២នាក់ស្លាប់ក្នុងទឹកដីអីស្រាអែល ដោយសារការបាញ់ផ្លោងដាក់គ្នា។
មែនទែនទៅមិនមែន មានតែភាគីអ៊ីស្រាអែលនោះទេ ដែលស្បថថា នឹងបន្តការវាយប្រហារលើក្រុមហាម៉ាស សូម្បីតែក្រុមហាម៉ាសផ្ទាល់ក៏បានសន្យាថា និងបន្តវាយប្រហារតាមព្រំដែនជាមួយអ៊ីស្រាអែលផងដែរ ទោះបីខ្លួនមិនមានអាវុធទំនើបៗដូចអ៊ីស្រាអែលក្តី។
ខណៈដែល ការប្រយុទ្ធគ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅតែបន្ត មិនឈប់ បាតុកម្មដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន ដែលរងគ្រោះស្លាប់បាត់បង់ជីវិត នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវបានរៀបចំឡើងយ៉ងស្វាហាប់នៅតាមប្រទេសក្នុងពិភពអារ៉ាប់មួយចំនួនដូចជានៅគុយវ៉េត បារ៉ែន លីប៉ង់ និងហ្ស៊កដានី ជាដើម។ ដោយឡែក នៅបណ្តាទីក្រុងធំៗមួយចំនួននៃប្រទេសក្នុងតំបន់អឺរ៉ុបក៏មានពលរដ្ឋចុះតាមផ្លូវធ្វើបាតុកម្មថ្កោលទោសអំពើហឹង្សា ដែលបណ្តាលឲ្យបាត់បង់ជីវិតជនស៊ីវិលនេះផងដែរ។
នៅម៉ារ៉ុក និងនៅស៊ូដង់ ជាទីដែលសង្គមស៊ីវិល និងប្រជាជនភាគច្រើន គាំទ្រ ប្រជាជន ប៉ាឡេស្ទីន គេបានទាមទារឲ្យរដ្ឋាភិបាល ដកខ្លួន ឃ្លាតឆ្ងាយពីរដ្ឋាភិបាលអ៊ីស្រាអែល ដែលម៉ារ៉ុក និងស៊ូដង់ទើបចុះកិច្ចព្រមព្រៀង បង្កើតទំនាក់ទំនងធម្មតាឡើងវិញ កាលពីឆ្នាំ២០២០។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិគ្រោងនឹងជួបប្រជុំគ្នាក្នុងពេលឆាប់ៗនេះហើយ ដើម្បីពិភាក្សាអំពីការផ្ទុះឡើងនៃអំពើហឹង្សាដ៏ក្តៅគគុករវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ប៉ាឡេស្ទីននេះ៕