ក្រោយពីមហាសេដ្ឋីប្រាក់ពាន់លានដុល្លារដ៏ល្បីឈ្មោះរូបនេះ បានសម្រេចចិត្តនឹងចូលនិវត្តន៍នៅវ័យ ៥៥ នៅឆ្នាំក្រោយ ក្រុមហ៊ុនអាលីបាបា ក៏បានត្រៀមផ្ទេរតំណែង ប្រធានប្រតិបត្តិ (Executive Chairman) ក្រុមហ៊ុន Alibaba ទៅឲ្យលោក Daniel Zhang ដើម្បីគ្រប់គ្រងបន្ត។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Alibaba លោក Jack Ma នឹងនៅបន្តតំណែងជា ប្រធានប្រតិបត្តិ ក្រុមហ៊ុនអាលីបាបា នៅត្រឹមថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ។
បើតាមការលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានបរទេសកាលពីពេលកន្លងទៅ លោក Jack Ma បានបង្ហើបឲ្យដឹងថា ក្រោយពីការចូលនិវត្តន៍ពីជីវិតជំនួញ លោកចង់ ត្រឡប់ចូលធ្វើការងារក្នុងវិស័យអប់រំវិញ ពោលគឺ ធ្វើជាគ្រូបង្រៀនយុវជនក្មេងៗ ព្រោះវាជាអ្វីដែលធ្វើឲ្យលោករំភើប និងចង់ធ្វើបំផុតក្នុងជីវិត។
ប៉ុន្ដែ មហាសេដ្ឋីចិនរូបនេះ បានបដិសេធថា លោកនឹងមិនបង្រៀនពីរបៀបធ្វើជំនួញជោគជ័យ ឬជីវិតជោគជ័យអ្វីនោះទេ ប៉ុន្ដែលោកនឹងបង្រៀនយុវជន អំពីរបៀបប្រឈមមុខនឹងបញ្ហា និងរបៀបដោះស្រាយបញ្ហា។
តាមគម្រោងរបស់ក្រុមហ៊ុនអាលីបាបា លោក Daniel Zhang ដែលបច្ចុប្បន្នជា នាយកប្រតិបត្តិ ឬ ហៅថា CEO របស់ក្រុមហ៊ុនអាលីបាបា នឹងត្រូវលើកឲ្យកាន់តំណែងជា ប្រធានប្រតិបត្តិ Executive Chairman នៅឆ្នាំក្រោយ ជំនួសលោក Jack Ma ខណៈដែលលោក Jack Ma នឹងត្រូវធ្វើជាក្រុមប្រឹក្សាភិបាល (Board of Director) រហូតដល់កិច្ចប្រជុំប្រចាំឆ្នាំជាមួយនឹងភាគហ៊ុនិក នៅឆ្នាំ២០២០។
នៅក្នុងលិខិតដែលលោក Jack Ma ផ្ញើទៅកាន់បុគ្គលិករបស់ខ្លួន បានសរសេរថា ការផ្លាស់ប្តូរនេះ បង្ហាញថា ក្រុមហ៊ុនអាលីបាបា បានបោះជើងមួយជំហានទៀត ឆ្ពោះទៅរកកម្រិតអភិបាលកិច្ចសាជីវកម្មជាបន្តបន្ទាប់ ដែលធ្លាប់តែជាក្រុមហ៊ុនពឹងផ្អែកលើបុគ្គល មកក្លាយជាក្រុមហ៊ុនដែលមានកសាងនូវប្រព័ន្ធគ្រប់គ្រងអង្គភាពយ៉ាងល្អប្រសើរ ព្រមទាំងមានវប្បធម៌នៃការអភិវឌ្ឍទេពកោសល្យបានយ៉ាងល្អផងដែរ។
លោកជេក ម៉ា បាននិយាយទៀតថា ក្រុមហ៊ុនអាលីបាបា មិនមែនជារបស់ Jack Ma នោះទេ ប៉ុន្ដែ Jack Ma ជាកម្មសិទ្ធិរបស់អាលីបាបាជារៀងរហូត។
គួរជម្រាបថា លោក Jack Ma ដើមឡើយគ្រាន់តែជាគ្រូបង្រៀនភាសាអង់គ្លេសម្នាក់ប៉ុណ្ណោះ បន្ទាប់មកនៅឆ្នាំ១៩៩៩ លោកបានចាប់ផ្ដើមបង្កើតក្រុមហ៊ុន អាលីបាបា ហើយបច្ចុប្បន្ននេះ លោកត្រូវបានគេចាត់ទុកថា ជាអ្នកមានបំផុតមួយរូបនៅប្រទេសចិន ក៏ដូចជាក្នុងពិភពលោកផងដែរ ដែលមានទ្រព្យសម្បត្តិសរុប ៣៦,៦ ពាន់លានដុល្លារអាមេរិក (តួរលេខពីគេហទំព័រ Forbes)៕