ជប៉ុន-អាស៊ាន- វិបត្តិសាកល

ជប៉ុន-អាស៊ាន នឹងចែករំលែកទិន្នន័យពីហានិភ័យខ្សែចង្វាក់ផ្គត់ផ្គង់ ខណៈផលិតកម្មត្រូវបានកាត់បន្ថយ ដោយសារវិបត្តិសាកល


នៅក្នុងអំឡុងវិបត្តិសាកល និងការរាតត្បាតជំងឺកូវីដ១៩ នៅប្រទេសចិន ក្នុងឆ្នាំ២០២២កន្លងមកនិងមកដល់ឆ្នាំ២០២៣នេះ បានធ្វើឱ្យក្រុមហ៊ុនធំៗក្នុងពិភពលោកប្រឈមនឹងបញ្ហាខ្សែចង្វាក់ផ្គត់ផ្គង់។ ដើម្បីកុំឱ្យមានបញ្ហាបែបនេះកើតឡើងទៅថ្ងៃអនាគតទៀត ប្រទេសជប៉ុន ដែលសម្បូរទៅដោយក្រុមហ៊ុនផលិតធំៗជាពិសេសក្រុមហ៊ុនរថយន្តនោះ នឹងចូលរួមសិក្សាជាមួយប្រទេសអាស៊ាន ក្នុងការចែករំលែកនូវទិន្នន័យអំពីហានិភ័យនៃខ្សែចង្វាក់ផ្គត់ផ្គង់នេះ ខណៈតំបន់អាស៊ានគឺដើរតួនាទីដ៏សំខាន់ក្នុងការផលិតគ្រឿងបង្គុំនានាបន្ទាប់ពីប្រទេសចិន។
ជប៉ុន-អាស៊ាន នឹងសិក្សាពីការចែករំលែកទិន្នន័យនូវហានិភ័យខ្សែចង្វាក់ផ្គត់ផ្គង់

នេះបើតាម​ការចុះផ្សាយរបស់​សារព័ត៌មាន Nikkei។ ប្រទេស​ជប៉ុន នឹង​ដាក់​សំណើ​លើ​​ការចែករំលែក​ខ្សែចង្វាក់ផ្គត់ផ្គង់​ជាមួយ​ប្រទេស​អាស៊ាន ដើម្បីរឹតចំណងសេដ្ឋកិច្ច​​ជាមួយ​តំបន់នេះ​ដែលជាតំបន់​​ដើរតួនាទីសំខាន់​ក្នុងឧស្សាហកម្ម​យានយន្ត និង​ឈីប។

ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន បាន​ចូលរួម​ក្នុងកិច្ចពិភាក្សានេះហើយ ខណៈ​ដែល​ជប៉ុន និង​អាស៊ាន ប្រារព្ធ​ខួបលើកទី៥០ នៃកិច្ចសហប្រតិបត្តិការ​ជាមួយគ្នា។

គោល​ដៅចម្បងមួយក្នុងកិច្ចសហប្រតិបត្តិការនេះ គឺ​ត្រូវដាក់​ប្រព័ន្ធ​ក្នុងទីកន្លែងមួយ​ដែល​ព័ត៌មាន​អំពី​គ្រឿងបង្គុំ សមត្ថភាព​ផលិត និង​ហានិភ័យ​នៃការអាក់ខាន​ខ្សែចង្វាក់ផ្គត់ផ្គង់​ អាច​នឹង​ត្រូវបាន​ចែក​រំលែក​​ក្នុងចំណោម​ក្រុមហ៊ុន​អាស៊ាន និងជប៉ុន ដែល​ប្រតិបត្តិការ​ក្នុង​ឧស្សាហកម្មយានយន្ត អេឡិចត្រូនិច និង​ឧស្សាហកម្មដទៃទៀត។

យ៉ាងណាមិញ ក្រៅពី​រឿងខាងលើ​នេះ បណ្តាក្រុមហ៊ុនផ្សេងៗ​ក៏អាច​ចូលរួម​ក្នុងការផ្លាស់ប្តូរព័ត៌មាន​​ដើម្បី​ការពារបរិស្ថានលុបបំបាត់​ការបញ្ចេញផ្សែង​កាបូនឌីអុកស៊ីត និង​ការពារ​សិទ្ធិមនុស្សផងដែរ។

គួរបញ្ជាក់​ថា ក្រុម​មួយ​ដែលមាន​ការចូលរួមពី​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន និង​សមាគម​​​សាជីវកម្មជប៉ុន នឹង​កំណត់​គំរូចំនួន ១០០ នៃ​ការចែករំលែក​ទិន្នន័យ និង​​ធ្វើសំណើ​ច្បាប់​សម្រាប់​ការគ្រប់គ្រងទិន្នន័យ។ ចំណែក​ការ​សម្រេច​ផ្លូវការ​អ្វីមួយនោះ នឹង​ត្រូវ​ប្រកាស​ក្នុងកិច្ចប្រជុំ​រដ្ឋមន្រ្តីសេដ្ឋកិច្ច​ជប៉ុន-អាស៊ាន នៅខែសីហាខាងមុខ។

បើតាមការចុះផ្សាយ​របស់​សារព័ត៌មាន​ Nikkei ថ្មីៗនេះបាន​ឱ្យដឹងថា ឈីបក្នុងឧស្សាហកម្មយានយន្ត ត្រូវបានប៉ាន់ស្មានថា នឹងនៅតែខ្វះខាតក្នុងការផ្គត់ផ្គង់នៅពេញមួយឆ្នាំ២០២៣នេះទៀត។ ជាមួយគ្នានេះ តម្រូវការឈីបសម្រាប់ផលិតរថយន្តអគ្គិសនី គឺខ្ពស់ជាងតម្រូវការឈីបសម្រាប់ផលិតរថយន្តប្រើប្រាស់សាំងទៅទៀត ខណៈទំនោរប្រើរថយន្តអគ្គិសនីកាន់តែកើនឡើងខ្លាំង។

ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុនរថយន្តធំៗមួយចំនួន បាននិយាយថា គ្រឿងបន្លាស់សំខាន់ៗនឹងមិនមានគ្រប់គ្រាន់ដូចធម្មតាវិញឡើយរហូតដល់ឆ្នាំ២០២៤។ ប្រសិនបើស្ថានភាពសេដ្ឋកិច្ចសាកលកាន់តែអាក្រក់ នោះវានឹងចំណាយពេលកាន់តែយូរក្នុងការរក្សាតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការ ព្រមទាំងបង្កើតហានិភ័យកាន់តែធ្ងន់ធ្ងរចំពោះទីផ្សារឈីបទៀតផង៕

អត្ថបទ៖ នៅ សំភី




អត្ថបទបន្ទាប់


បើកឆាកប្រយុទ្ធ២០២៣ អ៊ុយក្រែនស្នើសុំរថក្រោះធន់ធ្ងន់ពីសម្ព័ន្ធមិត្តដើម្បីតតាំងរុស្ស៊ីនៅសមរភូមិក្តៅគគុកភាគខាងកើតប្រទេសតែត្រូវបដិសេដ

ព័ត៌មាន
ចូលឆ្នាំ២០២៣ កៀកនឹងគម្រប់១ឆ្នាំដែរហើយ ប៉ុន្តែស្ថានការណ៍សង្គ្រាមនៅអ៊ុយក្រែនមិនបានថមថយឡើយ ពិសេសមានការវាយប្រយុទ្ធគ្នាទៅមកមិនដាច់ទេនៅតាមសមរ…

ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភថវិកា ៥ម៉ឺន ដុល្លារអាមេរិក ជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) សម្រាប់ការងារមនុស្សធម៌

ព័ត៌មាន
ក្រុមហ៊ុន ប៉េង ហួត គ្រុប ឧបត្ថម្ភថវិកា ៥ម៉ឺន ដុល្លារអាមេរិក ដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ដើម្បីរួមចំណែកជាមួយ TYD…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ