ឥឡូវនេះយើងមកចាប់អារម្មណ៍រឿងរ៉ាវសំខាន់មុនគេជុំវិញទៅនឹងប្រធានបទ ជប៉ុន និងអូស្ត្រាលីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិ ប្រឆាំងការកើនឡើងនៃកម្លាំងយោធាចិន។ ប្រទេសជប៉ុន និងអូស្ត្រាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីបង្កើនកិច្ចសហការយ៉ាងជិតស្និទ្ធលើវិស័យការពារជាតិ ដែលវាជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់មួយ ដើម្បីពង្រឹងទំនាក់ទំនងសន្តិសុខ ប្រឆាំងនឹងការកើនឡើងនៃកម្លាំងយោធា និងសេដ្ឋកិច្ចរបស់ប្រទេសចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។
Story: កិច្ចព្រមព្រៀងមួយនេះ ត្រូវបានប្រទេសទាំងពីរចុះហត្ថលេខា ក្រោមវត្តមាន នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោកស្កុត ម៉ូរីសុន (Scott Morrison) តាមរយៈកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ។
គួរកត់សម្គាល់ថា កិច្ចព្រមព្រៀងខាងលើនេះត្រូវបានភាគីទាំងពីរធ្វើការ សម្របសម្រួលនឹងតាក់តែងឡើងអស់ពេលជាច្រើនឆ្នាំមកហើយ។
ក្នុងពិធីចុះហត្ថលេខា លោក ម៉ូរីសុន បាននិយាយថា កិច្ចព្រមព្រៀងលើវិស័យយោធា ហៅកាត់ថា RAA ដែលជាកិច្ចព្រមព្រៀងលើកដំបូងរបស់ប្រទេសជប៉ុន នឹងអនុញ្ញាតឱ្យយោធាអូស្ត្រាលី និងជប៉ុនធ្វើការយ៉ាងរលូនជាមួយគ្នាលើប្រតិបត្តិការការពារជាតិ និងមនុស្សធម៌។
លោកបន្តថា ប្រទេសជប៉ុនគឺជាដៃគូជិតស្និទ្ធបំផុតរបស់អូស្ត្រាលីនៅតំបន់អាស៊ី ហើយភាពជាដៃគូនេះ គឺតំណាងឲ្យការជឿទុកចិត្តរួមគ្នារវាងប្រទេសប្រជាធិបតេយ្យដ៏អស្ចារ្យទាំងពីរ ដែលតែងប្តេជ្ញាចិត្តចំពោះនីតិរដ្ឋ សិទ្ធិមនុស្ស ពាណិជ្ជកម្មសេរី និងភាពសេរី បើកចំហនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
គួរកត់សម្គាល់ថា ជប៉ុនមានកិច្ចព្រមព្រៀងយោធាបែបនេះមិនច្រើនឡើយ ពោលគឺក្រៅពីអូស្ត្រាលី ជប៉ុនមានកិច្ចព្រមព្រៀងបែបនេះ តែជាមួយសហរដ្ឋអាមេរិកប៉ុណ្ណោះ តាំងតែពីសម័យសង្គ្រាមលោកលើកទី២មកម្ល៉េះ។
កិច្ចព្រមព្រៀង RAA នេះនឹងក្លាយជាសន្ធិសញ្ញាដ៏សំខាន់មួយ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខកម្រិតខ្ពស់សម្រាប់សម្ព័ន្ធមិត្តទាំងពីរ។
សូមជម្រាបថា អូស្ត្រាលីបាននិងកំពុងធ្វើការជាមួយប្រទេសឥណ្ឌា សហរដ្ឋអាមេរិក អង់គ្លេស និងជប៉ុន ដើម្បីពង្រឹងទំនាក់ទំនងការពារជាតិ ចំពេលមានការព្រួយបារម្ភអំពីឥទ្ធិពល និងកម្លាំងរបស់ប្រទេសចិន រួមទាំងសម្ពាធរបស់ប៉េកាំងទៅលើតៃវ៉ាន់ សេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់ និងជម្លោះពាណិជ្ជកម្មផងដែរ៕