ក្រសួងហិរញ្ញវត្ថុជប៉ុនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសនេះបានកើនឡើងប្រហែលបួនដង ពោលគឺដល់ទំហំ ប្រហែល ១៦០ ពាន់លានដុល្លារ នៅក្នុងឆ្នាំសារពើពន្ធ ២០២២ ដែលបានបញ្ចប់នៅខែមីនា ឆ្នាំ ២០២៣ នេះ។ ឱនភាពនេះ បើតាមប្រភពដដែល គឺដោយសារការកើនឡើងនៃតម្លៃថាមពល និងការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េន ដែលបាននាំឱ្យការនាំចូលកើនឡើងច្រើនជាងការនាំចេញ។
ឱនភាពពាណិជ្ជកម្មចំនួនជិត១៤ ទ្រីលានយ៉េន ដែលត្រូវបានកត់ត្រាទុកក្នុងឆ្នាំសារពើពន្ធ២០១៣ គឺជាកម្រិតខ្ពស់បំផុតរបស់ជប៉ុនកាលពីមុន។
ប្រេងឆៅ ធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ គឺជាមុខទំនិញសំខាន់ៗ ដែលរួមចំណែកធ្វើឱ្យអាហរ័ណកើនឡើង។
ស្របពេលដែលផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាតកូវីដ-១៩ ថយចុះ, សេចក្ដីតម្រូវការខ្លាំងពីបរទេសបានជំរុញឱ្យការនាំចេញរថយន្ត ដែកនិងដែកថែប ព្រមទាំងមុខទំនិញផ្សេងៗទៀត កើនឡើងដែរ។
ប្រាក់ដុល្លារមានជាមធ្យមមានតម្លៃស្មើនឹងជាង១៣៥ យ៉េន ក្នុងឆ្នាំសារពើពន្ធ ២០២២ ពោលគឺវាបានកើនឡើងយ៉ាងខ្លាំង ពី ជិត១១២ យ៉េន ក្នុង ១ ដុល្លារ កាលពីឆ្នាំ ២០២១។ ការធ្លាក់ចុះយ៉ាងឆាប់រហ័សរបស់ប្រាក់យ៉េនកាលពីឆ្នាំ ២០២២ បានបង្កើនបន្ទុកថែមទៀតទៅលើប្រទេសជប៉ុនដែលខ្វះខាតធនធាន ដោយធ្វើឱ្យតម្លៃនាំចូលប៉ោងឡើង។
ប្រទេសជប៉ុនមានអតិរេកពាណិជ្ជកម្ម ៦,៦៥ ទ្រីលានជាមួយសហរដ្ឋអាមេរិក ប៉ុន្តែមានឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិនក្នុងទំហំមិនធ្លាប់មាន ពោលគឺចំនួន ៦,៨១ ទ្រីលានយ៉េន៕
ធនាគារកណ្តាលអាមេរិកបាននិងកំពុងដំឡើងអត្រាការប្រាក់យ៉ាងខ្លាំង ដើម្បីទប់ស្កាត់អតិផរណាដែលកំពុងកើនឡើងដែរ។ ការណ៍នេះបង្កើនការព្រួយបារម្ភដែលថា វាអាចធ្វើឲ្យសេដ្ឋកិច្ចកំណើនយឺត ហើយកាត់បន្ថយការនាំចេញពីប្រទេសជប៉ុន៕
អត្ថបទ ៖ ឯម មាឃ