អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ បំណុលដែលកម្ពុជាជំពាក់ប្រទេសចិនដែលធ្លាប់មានជាង៤០% នៃបំណុលសរុបនោះ ឥឡូវនេះ បានធ្លាក់ចុះមកនៅក្រោម៤០%វិញ ខណៈដែលបំណុលជំពាក់ជប៉ុនហាក់មានទំនោរកើនឡើងជាងមុន ដោយមានដល់ប្រមាណ ១១% នៃសន្និធិបំណុលសាធារណៈសរុប។ ថ្មីនេះទៀតសោត រាជរដ្ឋាភិបាលជប៉ុន ក៏ទើបតែបានសម្រេចផ្តល់ប្រាក់កម្ចីប្រមាណ ១៨៨លានដុល្លារអាមេរិកបន្ថែម សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសកម្ពុជាផងដែរ។
យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខា ជាមួយគ្នា ដើម្បីផ្តល់ប្រាក់កម្ចីប្រមាណ ១៨៨លានដុល្លារអាមេរិក ដើម្បីចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេសផ្ដោតសំខាន់លើខេត្តសៀមរាប ដែលមានសក្ដានុពលខ្លាំងសម្រាប់វិស័យទេសចរណ៍។ ពិធីចុះហត្ថលេខានេះ មានការអញ្ជើញចូលរួមជាអធិបតីពីឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ បើតាមប្រភពដដែល ប្រាក់កម្ចីខាងលើនេះ សម្រាប់អនុវត្តគម្រោងចំនួនពីរ រួមមាន៖ គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ ដោយគម្រោងនេះ មានគោលបំណងកែលម្អស្ថានភាពផ្លូវចំនួន៣៨ខ្សែ និងគម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកនៅខេត្តសៀមរាប ដំណាក់កាលទី៣។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់ថា គម្រោងទាំងពីរនេះ មិនត្រឹមតែបម្រើផលប្រយោជន៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងតំបន់ ប៉ុណ្ណោះទេ តែសំដៅរួមចំណែកដល់ការបង្កើនសកម្មភាពសេដ្ឋកិច្ច និងសង្គមកម្ពុជា ទាំងមូល។ ម្យ៉ាងវិញទៀត កាយវិការនេះឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជា ការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុន ក្នុងការគាំទ្រឥតងាករេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា។
បច្ចុប្បន្ន ប្រទេសកម្ពុជា បានខ្ចីបំណុលពីបរទេសសម្រាប់ហិរញ្ញប្បទានលើគម្រោងនិយោគសាធារណៈ ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែក ទ្រទ្រង់ចីរភាពនៃកំណើនរយៈពេលវែង ពិសេសសម្រាប់អភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។ បាយការណ៍ពីក្រសួងសេដ្ឋកិច្ចបង្ហាញថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១០ពាន់លានដុល្លារដែលសុទ្ធសឹងជាបំណុលសាធារណៈក្រៅប្រទេស។ ក្នុងនើ ក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៦៧% និងក្របខ័ណ្ឌពហុភាគីមានប្រមាណ ៣៣%។ សម្រាប់ក្របខណ្ឌបំណុលទ្វេភាគី ប្រទេសដែលជាម្ចាស់បំណុលធំរបស់កម្ពុជារួមមាន ប្រទេសចិន ដែលមានប្រមាណ៣៩% នៃបំណុលសរុប, ប្រទេសជប៉ុនមាន១១% , កូរ៉េខាងត្បូងមាន និងបារាំងមាន៥%ដូចគ្នា។ ក្រៅពីនោះ គឺជាបំណុលពហុភាគី ដែលមានមានខ្ចីពី ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោក និងដៃគូអភិវឌ្ឍនផ្សេងៗទៀត៕