លោក Higashi ប្រធានក្រុមហ៊ុន Rapidus ជឿថា ផែនការផលិតបន្ទះឈីបថ្មីរបស់ជប៉ុននេះ អាចជាឱកាសដ៏ល្អបំផុតចុងក្រោយរបស់ប្រទេសជប៉ុនក្នុងការស្តារឧស្សាហកម្មផលិតបន្ទះឈីបរបស់ខ្លួនឡើងវិញ។ ស្របពេលនេះដែរ ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានទុកការប្រកួតប្រជែងឧស្សាហកម្មមួយឡែកសិន ដើម្បីប្រឈមមុខនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយជាមួយប្រទេសចិន។ លោក Higashi បាននិយាយថា កាលពីមុន សហរដ្ឋអាមេរិកធ្លាប់តែជាអ្នកដែលរារាំងដល់កំណើនឧស្សាហកម្មបន្ទះឈីបរបស់ប្រទេសជប៉ុន ប៉ុន្តែឥឡូវនេះ ជប៉ុនបែរជាទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក។
លោក Higashi បានបន្ថែមទៀតថា សាជីវកម្មចំនួនប្រាំបីដែលមានភាគហ៊ុនតូចៗនៅក្នុងក្រុមហ៊ុនរបស់លោក ដូចជាក្រុមហ៊ុន Toyota Motor Corp និង Sony Group Corp ជាដើម គឺសុទ្ធតែជាអតិថិជនគោលដៅនាពេលអនាគតសម្រាប់ការផលិតថ្មីនេះ។
ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកកំពុងមានការព្រួយបារម្ភថា ការប៉ះទង្គិចជាមួយប្រទេសចិននឹងបណ្តាលឱ្យមានការខ្វះខាតឧបករណ៍ក្នុងការផលិត ដែលអាចគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចទៀតផង។
ក្តីបារម្ភនេះបានកើនឡើងនៅពេលដែលប្រទេសចិនបានបន្ថែមសម្ពាធទៅលើ មជ្ឈមណ្ឌលផ្គត់ផ្គង់បន្ទះឈីបសកលរបស់តៃវ៉ាន់ បន្ទាប់ពីចិនខឹងសម្បារចំពោះដំណើរទស្សនកិច្ចរបស់ អ្នកនយោបាយអាមេរិកទៅកាន់តំបន់ដីកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ៕
អត្ថបទ ៖ សារៀម លក្ខិណា