ប្រភពមួយបានបន្តថា ទីក្រុងតូក្យូតែងតែបើកចំហរក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចពិភាក្សា ក្នុងចំណោមប្រទេសម្ចាស់បំណុលទាំងអស់ ដែលមានបំណងចង់ជួយទីក្រុងកូឡុំបូ ចេញពីវិបត្តិបំណុលដែលគ្មានជ្រកចេញនេះ ប៉ុន្ដែ គេមិនទាន់ប្រាកដនៅឡើយទេថា តើប្រទេសចិនដែលជាម្ចាស់បំណុលដ៏ធំមួយរបស់ស្រីលង្កាដែរនោះនឹងចូលរួមកិច្ចប្រជុំនេះ ឬយ៉ាងណានៅឡើយទេ។
ប្រភពព័ត៌មានបានបន្ថែមថា ប្រទេសជប៉ុនពិតជាមានឆន្ទៈក្នុងការធ្វើជាប្រធាននៃកិច្ចប្រជុំនេះ ជាមួយប្រទេសចិនក្នុងការពន្លឿនដំណើរការឲ្យកាន់តែឆាប់រហ័ស និងដើម្បីឆ្លើយតបទៅនឹងបំណុលស្រីលង្កា ដែលមានប្រមាណជាង ៦ ពាន់លានដុល្លារនៃកម្ចីទ្វេភាគីកាលពីចុងឆ្នាំ ២០២០។
ក្នុងនោះដែរ ប្រធានាធិបតីស្រីលង្កា លោករ៉ានីល (Ranil Wickremesinghe) បានប្រាប់សារព័ត៌មានរ៉យទ័រថ្មីៗនេះថា លោកនឹងស្នើសុំឲ្យជប៉ុនដែលជាម្ចាស់បំណុលដ៏សំខាន់របស់ខ្លួនដែរនោះ ឲ្យរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ហើយលោកក៏នឹងត្រៀមទៅជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកហ្វីមីអូ គីស៊ីដា (Fumio Kishida) នៅខែក្រោយនេះ ដើម្បីទៅចូលរួមពិធីបុណ្យសពរបស់អតីតនាយករដ្ឋមន្ត្រី លោកស៊ីនហ្ស៊ូ អាបេ ដែលត្រូវបានគេធ្វើឃាតផងដែរ។
មែនទែនទៅ ទីក្រុងតូក្យូ ដែលជាម្ចាស់បំណុលឈរនៅលេខរៀងទីពីររបស់ស្រីលង្កា ត្រូវគេមើលឃើញថា មិនត្រឹមតែមានគោលបំណងចង់ជួយសង្គ្រោះសេដ្ឋកិច្ចប្រទេសស្រីលង្ការ និងជួយឲ្យប្រទេសនេះ ទទួលបានប្រាក់កម្ចី ៣ ពាន់លានដុល្លារបន្ថែមប៉ុណ្ណោះទេ ប៉ុន្ដែ ជំហរបស់ជប៉ុននាពេលនេះ ក៏ជាផលចំណេញនយោបាយ នៅក្នុងការត្រួតពិនិត្យមើលវត្ថមានរបស់ចិនដែលកំពុងរះឡើងក្នុងតំបន់អាស៊ីផងដែរ។
គួរជម្រាបថា ក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានជួបជាមួយលោករ៉ានីលប្រធានាធិបតីស្រីលង្កា កាលពីថ្ងៃពុធ ទី២៤ សីហា ដើម្បីពិភាក្សាអំពីថវិកាជំនួយ រួមទាំងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញចំនួន ២៩ ពាន់លានដុល្លារ ខណៈដែលប្រធានាធិបតីក៏បានជួបជាមួយឯកអគ្គរដ្ឋទូតជប៉ុននៅថ្ងៃដដែលនោះផងដែរ។
ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិនបានប្រាប់ទីភ្នាក់ងាររ៉យទ័រថា ទីក្រុងប៉េកាំង «មានឆន្ទៈឈរជាមួយបណ្តាប្រទេសពាក់ព័ន្ធ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ហើយក៏បន្តដើរតួនាទីវិជ្ជមានក្នុងការជួយស្រីលង្កាឆ្លើយតបនឹងវិបត្តិនាពេលបច្ចុប្បន្ននេះ ដើម្បីទទួលបានការអភិវឌ្ឍន៍ប្រកបដោយចីរភាព»។
ទោះបីជាយ៉ាងណា គេមានក្តីបារម្ភថា ការប្រកួតប្រជែងដណ្តើមឥទ្ធិពលគ្នារវាងម្ចាស់បំណុលធំៗដូចជា ចិន និងឥណ្ឌា ខណៈដែលស្រីលង្កាត្រូវធ្វើកំណែទម្រង់ហិរញ្ញវត្ថុ និងបង្ហាញពីព័ត៌មានបន្ថែមពីបំណុលរបស់ខ្លួននោះ៕