តាមប្រភពព័ត៌មាន បានឲ្យដឹងទៀតថា ប្រទេសកម្ពុជា ចិន ថៃ និងមីយ៉ាន់ម៉ា នឹងត្រូវស្ថិតនៅក្នុងគោលដៅ របស់ប្រទេសជប៉ុន ដើម្បីនាំពលករទៅធ្វើការនៅជប៉ុន ខណៈដែលប្រទេសផ្សេងទៀត កំពុងស្ថិតក្នុងការពិភាក្សាគ្នានៅឡើយ។ ក្រៅពីនេះ ប្រទេសវៀតណាម ភីលីពីន និងឥណ្ឌូនេស៊ីជាដើម ក៏រាជរដ្ឋាភិបាលជប៉ុនកំណត់យកជាគោលដៅ សម្រាប់ឲ្យបញ្ជូនពលករចូលមកធ្វើការនៅប្រទេសជប៉ុនផងដែរ។
ប្រទេសជប៉ុន រំពឹងថា ពលករបរទេស ដែលមកធ្វើការក្នុងប្រទេសរបស់ខ្លួន កាន់តែច្រើន នឹងចូលមកក្រោមការរៀបចំប្រភេទទិដ្ឋាការថ្មី ហៅថា «ជំនាញពិសេស» ក្រោយពីទិដ្ឋាការថ្មីនេះ ត្រូវបានកែប្រែ ទៅតាមច្បាប់គ្រប់គ្រងជនអន្តោប្រវេសន៍ និងការទទួលស្គាល់ជនភៀសខ្លួន។
គោលនយោបាយថ្មី ទាក់ទិននឹងពលករបរទេសនេះ នឹងត្រូវរាជរដ្ឋាភិបាលជប៉ុន បញ្ចប់នៅចុងឆ្នាំនេះ ដែលក្នុងនោះ ក៏មានរួមបញ្ជូលពីផែនការធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌរស់នៅរបស់ពលករផងដែរ។
សម្រាប់ថវិកានៅឆ្នាំ២០១៩ របស់រាជរដ្ឋាភិបាលជប៉ុន ក៏មានរួមបញ្ជូល ប្រមាណ ១៧៧លានដុល្លារ ទៅ ២៦៥ លានដុល្លារអាមេរិក សម្រាប់បម្រើដល់ការអប់រំ ដែលបង្រៀនដល់ពលករបរទេស ពីជំនាញនិយាយភាសាជប៉ុន។
គួរជម្រាបថា ដោយសារតែអត្រាកំណើនប្រជាជននៅប្រទេសជប៉ុន បានបង្ហាញពីភាពប្រែប្រួល សម្បូរ មនុស្សវ័យចំនាស់ច្រើន ក្រសួងការងាររបស់ប្រទេសជប៉ុន បានសន្និដ្ឋានថា ប្រទេសនេះ នឹងមានតម្រូវការការងារបន្ថែមជាអ្នកថែទាំសុខភាព ប្រមាណ ៥៥ម៉ឺននាក់ នៅក្នុងឆ្នាំ២០២៥។
បើតាមប្រសាសន៍របស់ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រី ក្រសួងការងារ បណ្ដុះបណ្ដាល វិជ្ជាជីវៈ ធ្លាប់បានលើកឡើងថា ពលករដែលធ្វើចំណាកស្រុកទៅធ្វើការងារនៅក្រៅប្រទេស មានចំនួនជាង ១,២ លាននាក់ ហើយពួកគេបានផ្ញើប្រាក់ត្រឡប់មកស្រុកកំណើតវិញប្រមាណ ជិត ២ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
របាយការណ៍ក្រសួងការងារ បានឲ្យដឹងទៀតថា ឆ្នាំ២០១៧ កម្ពជាបានបញ្ជូនពលករទៅធ្វើការងារនៅប្រទេសថៃ មានជាង ៨,៧ ម៉ឺននាក់ កូរ៉េខាងត្បូងមានជិត ៦ពាន់នាក់ ជប៉ុនមានជាង ២.២០០នាក់ សាំងហ្គាពួរ ១៣៨ នាក់ ម៉ាឡេស៊ី ២៧នាក់ អារ៉ាប់បីសាអូឌីត ១២នាក់ និងហុងកុង ៥នាក់៕