ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានជំរុញឱ្យតម្លៃប្រេងឆៅ និងថាមពលផ្សេងទៀតឡើងថ្លៃជាគំហុក ខណៈតំបន់អាស៊ាន ដែលកំពុងមានសេដ្ឋកិច្ចរីកចម្រើន អាចនឹងពឹងផ្អែកលើប្រភពថាមពលធ្យូងថ្ម ដែលថោកជាងនេះ ប៉ុន្ដែការប្រើប្រាស់ធ្យូងថ្ម ដើម្បីផលិតជាថាមពលអគ្គីសនី គឺវាបញ្ចេញនូវឧស្ម័នកាបូនច្រើនបំផុត ដែលអាចបំពុលដល់បរិយាកាស ដូច្នេះហើយ វាចាំបាច់ត្រូវមានការប្រើប្រាស់បច្ចេកវិទ្យាចាប់យក និងស្ដុកទុកកាបូន មុននឹងវាត្រូវបានលេចចេញទៅក្នុងបរិយាកាស។
ដូច្នេះហើយ ប្រទេសជប៉ុន ជឿជាក់ថា គម្រោងចាប់យកកាបូន និងគម្រោងស្តុកទុក នឹងអាចជួយឲ្យមានការកាត់បន្ថយការបំភាយឧស្ម័នពុលទៅក្នុងបរិយាកាស ខណៈពេលប្រេង និងឧស្ម័នឡើងថ្លៃ កំពុងជំរុញឲ្យប្រទេសជាច្រើន រួមទាំងអាស៊ាន កាន់តែងាកមករកការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលជាខ្លាំង ដើម្បីផលិតជាថាមពលអគ្គិសនី។ តាមរយៈការផ្សព្វផ្សាយពីបច្ចេកវិទ្យាចាប់យក និងស្តុកទុកកាបូន ស្របតាមស្តង់ដារជប៉ុននេះ នឹងជួយផ្តល់អត្ថប្រយោជន៍ ដល់តំបន់អាស៊ី ក្នុងការប្រើប្រាស់ថាមពលធ្យូងថ្ម ដោយគ្មានការបំភាយឧស្ម័នកាបូនទៅក្នុងបរិយាកាសនោះទេ។
លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្វូមីអូ គីហ្ស៊ីដា បាននិយាយនៅក្នុងសុន្ទរកថាកាលពីខែមករាថា ជប៉ុនមានបំណងចូលរួម ជាមួយប្រទេសអាស៊ាន ដែលមានចក្ខុវិស័យដូចគ្នា ក្នុងការកាត់បន្ថយការបំភាយឧស្ម័នពុលនៅតំបន់អាស៊ី។ មេដឹកនាំជប៉ុនថ្មីរូបនេះ បានលើកឡើងពីបច្ចេកវិទ្យាជាក់លាក់ ដូចជាការចាប់យកកាបូន និងការស្តុកទុក ក៏ដូចជាការកែច្នៃកាបូន ដើម្បីផលិតសារធាតុគីមីប្រើប្រាស់ឡើងវិញ និងឥន្ធនៈជាដើម។
លោក គីហ្ស៊ីដា បានអះអាងថា បច្ចេកវិទ្យាបន្សុទ្ធឧស្ម័នកាបូនឲ្យលែងក្លាយជាឧស្ម័នពុល នឹងជួយឲ្យការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលបានដោយគ្មានផលប៉ះពាល់ទៅលើបរិយាកាស ហើយក៏អាចជួយឲ្យមានការបង្កើតអាជីវកម្មថ្មីពាក់ពន្ធ័នឹងការកែឆ្នៃនេះផងដែរ។
ស្របពេលដែលក្រុមហ៊ុនជប៉ុន កំពុងស្វែងរកឱកាសពាណិជ្ជកម្មទាក់ទងនឹងការកែច្នៃកាបូន រដ្ឋាភិបាលគ្រោងនឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់ពួកគេ ដើម្បីលើកទឹកចិត្តឱ្យចាប់ផ្តើមអាជីវកម្មថ្មី និងការសាកល្បងនៅតំបន់អាស៊ីផងដែរ។
គួរជម្រាបថា លោក គីហ្ស៊ីដា ចាត់ទុក ការបន្សុទ្ធឧស្ម័នកាបូនឲ្យលែងក្លាយជាឧស្ម័នពុល ជាឱកាសមួយ ដើម្បីនាំតំបន់អាស៊ីកាន់តែជិតស្និទ្ធជាមួយគ្នា និងស្របតាមចក្ខុវិស័យរបស់លោកចង់ឲ្យតំបន់អាស៊ីគ្មានការបំភាយឧស្ម័នកាបូនទៅលើបរិយាកាស ខណៈក្នុងតំបន់អាស៊ីនេះ គឺមានការប្រើប្រាស់ថាមពលធ្យូងថ្មជាច្រើន៕
អត្ថបទ៖ វ៉ាន់
ស្រីរ័ត្ន