មែនទែនទៅ ក្រុមហ៊ុនវិស្វកម្មជប៉ុន Taisei ក្នុងឆ្នាំ ២០២០ បានឈ្នះការដេញថ្លៃ ដោយមានកិច្ចសន្យាសាងសង់ក្នុងតម្លៃចំនួន ៤៦៤ លានដុល្លារ ដើម្បីពង្រីងការសាងសង់ស្ថានីយចម្រុះ កម្រិតថ្មី និងស្ពានឆ្លងទៅកាន់អាកាសយានដ្ឋានអន្តរជាតិក្បែរទីក្រុង Colombo ដែលជាទីក្រុងធំបំផុតរបស់ប្រទេសស្រីលង្កា ហើយគម្រោងនេះ ត្រូវបានគេរំពឹងថានឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣។ ប៉ុន្តែថ្មីៗនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ដែលជាអ្នកមានតួនាទីទម្លាក់ប្រាក់កម្ចីសម្រាប់ការងារសាងសង់គម្រោងនេះ បានផ្អាកការផ្តល់ប្រាក់កម្ចីជាង ៥២៤ លានដុល្លារដល់ប្រតិបត្តិករអាកាសយានដ្ឋានរដ្ឋលើការចំណាយសម្រាប់គម្រោង អាកាសយានដ្ឋាន និង សេវាកម្មអាកាសចរណ៍របស់ប្រទេសស្រីលង្កា។ កត្តានេះបានបង្ខំចិត្តឱ្យក្រុមហ៊ុន Taiseiចាប់ផ្តើមកិច្ចពិភាក្សាជាមួយសេវាអាកាសយាន្តដ្ឋាន និងអាកាសចរណ៍របស់រដ្ឋាភិបាលស្រីលង្ការ ដើម្បីផ្អាកការសាងសង់គម្រោងនេះ ខណៈក្រុមហ៊ុននេះអាចនឹងស្នើសុំបញ្ឈប់ទាំងស្រុង មិនបន្តគម្រោងសាងសង់ពង្រីកអាកាសយានដ្ឋាននេះឡើងវិញនៅពេលខាងមុខនោះឡើយ ប្រសិនបើស្ថានភាពផ្តល់មូលនិធិ និង កត្តាផ្សេងទៀតមិនប្រសើរឡើង។
គួររំឭកថា ឧស្សាហកម្មទេសចរណ៍របស់ប្រទេសស្រីលង្កាត្រូវបានបំផ្លិចបំផ្លាញ ដោយសារជំងឺរាតត្បាតកូវីដ១៩ រួមបញ្ចូលគ្នាជាមួយនឹងឱនភាពគណនីចរន្តជាច្រើនឆ្នាំ ដែលជាហេតុធ្វើឱ្យខ្វះខាតទុនបំរុងប្តូរប្រាក់បរទេសរបស់ខ្លួន បានជំរុញឱ្យសេដ្ឋកិច្ចប្រទេសនេះធ្លាក់ចូលទៅក្នុងវិបត្តិ។
ទោះយ៉ាងណា ប្រធានាធិបតីថ្មីលោក Ranil Wickremesinghe មានគោលបំណងចាប់ផ្តើមកិច្ចចរចាថវិកាឡើងវិញជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ និង ស្វែងរកជំនួយពីដៃគូអន្តរជាតិផ្សេងទៀតដើម្បីស្រោចស្រង់ប្រទេសត្រឡប់មកពីភាពវឹកវរមកវិញ។
គួរជម្រាបថា យោងតាមក្រុមហ៊ុនស្រាវជ្រាវរបស់ស្ថាប័នជប៉ុន Teikoku Databank បានឱ្យដឹងថា មានក្រុមហ៊ុនជប៉ុនចំនួន ១៨០ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសស្រីលង្កាគិតត្រឹមខែកក្កដា។ ស្ថាប័ន Teikoku បានបន្ថែមថា ភាពមិនច្បាស់លាស់ដែលអូសបន្លាយក្នុងបរិយាកាសអាជីវកម្មដែលបណ្តាលមកពីអស្ថិរភាពនយោបាយក្នុងប្រទេសស្រីលង្ការអាចប៉ះពាល់ដល់ការធ្វើប្រតិបត្តិការរបស់ក្រុមហ៊ុនទាំងនេះផងដែរ៕