ថ្លែងនៅក្នុងជំនួបពិភាក្សាការងារជាមួយនឹងឯកឧត្តម ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន កាលពីពេលថ្មីៗនេះ លោក ខាត់ ហ្ស៊ូហ៊ិកុ យ៉ូស៊ីដា មន្ត្រីគ្រប់គ្រងក្រុមហ៊ុន មីនេបៀ មីហ៊្សូមី បានលើកឡើងថា ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មកម្មន្ដសាលរបស់កម្ពុជានាពេលអនាគត ចាំបាច់ត្រូវប្រែក្លាយផលិតកម្មគ្រឿងបង្គុំ ឲ្យទៅជាផលិតកម្មមានតម្លៃបន្ថែមខ្ពស់ ដោយតម្រូវឲ្យមានការគិតគូរលើរបបលើកទឹកចិត្តពន្ធ ដើម្បីទាក់ទាញការវិនិយោគមានទំហំធំ និងរយៈពេលវែង។
ឯកឧត្តមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជាមិនបានមើលរំលងពីបញ្ហាទាំងអស់នេះនោះទេ ពោលគឺបន្ថែមពីលើគោលនយោបាយនៃការអនុគ្រោះពន្ធ និងការគាំពារការវិនិយោគ កម្ពុជាក៏ចាត់ទុកការលើកកម្ពស់ភាពប្រកួតប្រជែង ជាគោលបំណងយុទ្ធសាស្ត្រ និងអាទិភាពចាំបាច់ផងដែរ។ ហើយកម្ពុជា ក៏កំពុងរៀបចំច្បាប់វិនិយោគថ្មីៗ និងសេចក្ដីព្រាងអនុក្រឹត្យផ្សេងៗទៀត សំដៅលើកទឹកចិត្តដល់អ្នកវិនិយោគ។
ជាមួយគ្នានេះ លោក ខាត់ហ្ស៊ូ ហ៊ិកុ យ៉ូស៊ីដា បានគូសបញ្ជាក់ទៀតថា
ក្នុងរយៈពេល៧ឆ្នាំ ក្នុងសង្វាក់ផលិតកម្មតម្លើងគ្រឿងបង្គុំអគ្គិសនី និងម៉ូទ័រ
ក្រុមហ៊ុន មីនេបៀ បានបង្កើនទុនវិនិយោគរបស់ខ្លួនកាន់តែច្រើនឡើង ពោលគឺបានបង្កើនទុនពី
២៣ លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១១ រហូតដល់ប្រមាណ ៨៥ លានដុល្លារអាមេរិក
គិតត្រឹមឆ្នាំ២០១៨នេះ និងជួយបង្កើតការងារប្រមាណជាង ៥ ២០០នាក់ ជូនពលរដ្ឋកម្ពុជា។
គួរជម្រាបដែរថា បើតាមប្រសាសន៍របស់ លោក ជំទាវឧកញ៉ា លឹម ឈាវហូ ប្រធានក្រុមប្រឹក្សាភិបាលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ធ្លាប់បានលើកឡើងថា គិតមកដល់ឆ្នាំ២០១៨ ក្រុមហ៊ុនជប៉ុន ដែលកំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មានចំនួនប្រមាណ ៦០ រោងចក្រហើយ ដែលក្នុងនោះ ភាគច្រើនពួកគេវិនិយោគលើរោងចក្រផលិតគ្រឿងបង្គុំអេឡិចត្រូនិក។ លោកជំទាវ បន្ថែមថា ការហូរចូលនូវវនិយោគិនជប៉ុនកាន់តែច្រើនមកកាន់កម្ពុជានេះ គឺដោយសារតែពួកគេចាប់ផ្ដើមទទួលស្គាល់លើសមត្ថភាពរបស់កម្មករកម្ពុជាយើង និងទំនុកចិត្តមកលើបរិកាសពាណិជ្ជកម្មនៅកម្ពុជា។