លោក ហ្វូមីអូ គីស៊ីដា ដែលបានដឹកនាំប្រទេសជប៉ុន បាន២ឆ្នាំ៦ខែ នៅក្នុងតំណែងជានាយករដ្ឋមន្រ្តី ត្រូវបានអ្នកវិភាគលើកឡើងថា លោកអាចក្លាយជាមេដឹកនាំជប៉ុនថ្មីមួយរូបទៀត ដែលអាចកាន់តំណែងនាយករដ្ឋមន្រ្តីបានយូរ។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Nikkei ឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៤៥ មក ជប៉ុនមាននាយករដ្ឋមន្រ្តី១០០រូប ហើយក្នុងចំណោមនាយករដ្ឋមន្រ្តីទាំងនោះ មាននាយករដ្ឋមន្រ្តីខ្លះអាចកាន់តំណែងបានត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ ក៏ត្រូវចុះចេញពីតំណែង។
ចាប់តាំងពីចាញ់សង្រ្គាមលោកលើកទី២មក មានតែមេដឹកនាំជប៉ុន ៧នាក់ប៉ុណ្ណោះ ដែលអាចកាន់តំណែងជានាយករដ្ឋមន្រ្តីបានលើសពី ២ឆ្នាំ៩ខែ ខណៈដែលលោក ហ្វូមីអូ គីស៊ីដា ត្រូវបានអ្នកវិភាគលើកឡើងថា អាចជាមេដឹកនាំទី៨ ដែលអាចកាន់ដំណែងនេះបាន។
ជុំវិញបញ្ហានេះ អ្នកវិភាគបានលើកឡើងថា លោក គីស៊ីដា ពិតជាបានដឹងអំពីបញ្ហាប្រឈមនៃនយោបាយផ្ទាល់ខ្លួនរបស់លោក ចំពេលមានការរំពឹងទុកថា លោកនឹងដឹកនាំជប៉ុនឈានទៅរកការបោះឆ្នោតមុនពេលសភាបច្ចុប្បន្នត្រូវបញ្ចប់អណត្តិនៅថ្ងៃទី២៣ ខែមិថុនា ខាងមុខពោលគឺ ៦ថ្ងៃមុនពេលលោកដឹកនាំប្រទេសជប៉ុនឈានដល់គម្រប់ ថ្ងៃទី១ពាន់របស់លោកនៅការិយាល័យនាយករដ្ឋមន្រ្តី ។
ទោះបីជាមានការវាយតម្លៃទាបអស់រយៈពេលជាច្រើនខែ ដោយសាររឿងអាស្រូវពាក់ព័ន្ធមូលនិធិនយោបាយ នាយករដ្ឋមន្ត្រីទី១០០ របស់ប្រទេសជប៉ុនរូបនេះ មានទំនុកចិត្តថា ក្រោយពីឆ្នាំនៃការអនុវត្តគោលនយោបាយមូលធននិយមថ្មីរបស់លោក ជប៉ុននឹងអាចមើលឃើញពន្លឺនៅចុងបញ្ចប់នៃអណត្តិរបស់លោក។
លោក គីស៊ីដា មានហេតុផលប្រកបដោយសុទិដ្ឋិនិយមថា បន្ទាប់ពីរយៈពេល៣ទសវត្សរ៍ដែលសេដ្ឋកិច្ចជប៉ុន ស្ថិតនៅក្នុងសភាពទ្រឹង នៅត្រីមាសទី១នៃឆ្នាំ២០២៤ ជប៉ុនបានចាប់ផ្តើមឃើញទីផ្សារភាគហ៊ុននៅក្នុងប្រទេសកើនឡើងដល់កម្រិតខ្ពស់បំផុត ខណៈដែលសហជីពកម្មករ កំពុងតែរីករាយនឹងការដំឡើងប្រាក់ឈ្នួល ស្របពេលដែលធនាគារកណ្តាលជប៉ុនបានផ្លាស់ប្តូរគោលនយោបាយ ដែលធ្លាប់តែអវិជ្ជមាន អស់រយៈពេលមួយទសវត្សរ៍មកនេះ៕
ដោយៈ សរ សុជាតិ