មិនត្រឹមតែប៉ុណ្ណោះ សមាជិកសភារូបនេះបានបកអាក្រាត និងវាយចំកណ្តាលមុខលោក អានុទីន ដោយដាក់រហស្សនាមឱ្យថា ជាស្តេចកញ្ឆា ព្រមទាំងជំរុញឱ្យមានការរឹតបន្តឹង និងលុបបំបាត់ចោលនូវគោលនយោបាយកញ្ឆាសេរីហួសហេតុនេះ ដោយនាំយកវាមកប្រើប្រាស់សម្រាប់តែគោលដៅវេជ្ជសាស្ត្រពិតប្រាកដវិញ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod របស់ថៃ នៅក្នុងកិច្ចប្រជុំសភាលោក ផាន់ធីន នួមជើម (Phanthil Nuamjerm) សមាជិកសភាមណ្ឌលក្រុងបាងកកមកពីគណបក្សប្រជាជន ក្នុងនាមជាប្រធានគណៈកម្មាធិការគ្រប់គ្រង ការពារ និងបង្ក្រាបគ្រឿងញៀនបានថ្លែងរិះគន់គោលនយោបាយរបស់រដ្ឋាភិបាលថៃយ៉ាងចាស់ដៃ ជុំវិញវិធានការទប់ស្កាត់ការរត់ពន្ធកញ្ឆាឆ្លងដែន។
លោកបាននិយាយចំអកឡកឡើយចំៗទៅកាន់លោក អានុទីន ថា ពីដំបូងឡើយគេតែងតែឃោសនាបោកប្រាស់ពលរដ្ឋថា ចង់ឱ្យកញ្ឆាក្លាយជារុក្ខជាតិឱសថបុរាណ និងជាដំណាំសេដ្ឋកិច្ចសម្រាប់គ្រួសារកសិករ តែឥឡូវនេះទិដ្ឋភាពជាក់ស្តែង វាបានក្លាយទៅជាទំនិញសេដ្ឋកិច្ចងងឹត សម្រាប់លួចនាំចេញទៅក្រៅប្រទេស បង្កជាភាពអាម៉ាស់នៅលើឆាកអន្តរជាតិទៅវិញ។ លោកបានសង្កត់ធ្ងន់ថា វាពិតជាស័ក្តិសមណាស់ សម្រាប់រហស្សនាម ដែលប្រព័ន្ធផ្សព្វផ្សាយបរទេសល្បីៗបានដាក់ឱ្យថា ជា ស្តេចកញ្ឆា ព្រោះទោះបីជាលោក អានុទីន ព្យាយាមយកលេសដោះសារថា កញ្ឆាមិនមែនជាវត្ថុខុសច្បាប់នៅក្នុងប្រទេសថៃ ដោយសារអាងលើដីកាឱសថបុរាណក៏ដោយ ប៉ុន្តែនៅលើឆាកអន្តរជាតិវានៅតែជាគ្រឿងញៀនខុសច្បាប់ដដែល។
សមាជិកសភាបក្សប្រឆាំងរូបនេះ បានដេញដោលដោយពាក្យសម្តីធ្ងន់ៗថា គោលនយោបាយកញ្ឆាសេរីដ៏ជ្រុលហួសហេតុនេះ ហាក់ដូចជាគ្មានអ្នកណាចេញមុខមកទទួលខុសត្រូវចំពោះផលប៉ះពាល់សង្គមទាល់តែសោះ ហើយអ្វីដែលគួរឱ្យហួសចិត្តនោះ គឺវាជាកេរដំណែលនយោបាយដ៏អាក្រក់ ដែលបង្កើតឡើងដោយលោក អានុទីន ផ្ទាល់ កាលពីលោកនៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសុខាភិបាល។
លោក ផាន់ធីន បានចោទសួរទៅកាន់លោក អានុទីន ទៀតថា កាលពីពេលដាក់ចេញគោលនយោបាយននេះ តើលោកធ្លាប់បានស្រមៃឃើញទិដ្ឋភាពអនាធិបតេយ្យ នៃការប្រើប្រាស់កញ្ឆាសេរីដូចសព្វថ្ងៃនេះដែរឬទេ? ព្រោះទីបំផុតទៅ កញ្ឆាមិនមែនត្រូវបានយកទៅប្រើសម្រាប់ព្យាបាលជំងឺក្នុងវិស័យវេជ្ជសាស្ត្រនោះទេ គឺគេយកទៅប្រើដើម្បីកម្សាន្ត និងសប្បាយទៅវិញ។ លោក បានថ្លែងឌឺដងថា បើលោកមិនជឿ ឬធ្វើពុតជាមិនដឹង សូមលោកឆ្លៀតពេលទៅដើរលេងជុំវិញតំបន់អាសូក និងតំបន់ណាណាបន្តិចទៅនៅទីនោះមានការបើកតូបទិញ-លក់កញ្ឆាយ៉ាងគគ្រឹកគគ្រេងពេញផ្លូវ ពួកយើងចង់ឱ្យលោកទៅបើកភ្នែកមើលតំបន់នោះណាស់។
មិនត្រឹមតែប៉ុណ្ណោះសមាជិកសភារូបនេះបានទម្លាយរឿងរ៉ាវដ៏គួរឱ្យអស់សំណើចមួយកណ្តាលរដ្ឋសភាថា បើសិនជាពលរដ្ឋនាំគ្នាស្វែងរកពាក្យថា ស្តេចកញ្ឆាប្រចាំប្រទេសថៃ នៅក្នុងប្រព័ន្ធ Google នោះ រូបភាពដែលបង្ហាញឡើង មិនមែនជារូបភាពអ្នកជំងឺទទួលបានការសង្គ្រោះដោយសារប្រេងកញ្ឆានោះទេ ប៉ុន្តែវាជារូបថតលោក អានុទីន ឆានវីរៈគុល ក្នុងនាមជាអ្នកនយោបាយថៃម្នាក់ ដែលពិភពលោកស្គាល់ច្បាស់ថា ជាមេខ្លោងជំរុញការបើកចំហកញ្ឆាសេរីខុសទិសដៅទៅវិញ។
ទន្ទឹមនឹងនេះ សមាជិកសភានៃគណបក្សប្រឆាំងរូបនេះ បានទទូចឱ្យរដ្ឋាភិបាលបញ្ឈប់សកម្មភាពជួញដូរ និងបញ្ឈប់ការប្រើប្រាស់កញ្ឆា ដើម្បីការកម្សាន្តបែបអនាធិបតេយ្យនេះជាបន្ទាន់ ហើយត្រូវប្រមូលយកគោលនយោបាយនេះមកដាក់ក្រោមច្បាប់គ្រប់គ្រង និងហាមឃាត់ជាគ្រឿងញៀនឡើងវិញដោយគ្មានការរារែក៕