យោងតាមទិន្នន័យមួយបានបង្ហាញឱ្យដឹងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ថា ការកើនឡើងនៅក្នុងសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) ដល់ ៣,៧% នេះ គឺត្រូវនឹងការព្យាករទីផ្សារ និងបន្ទាប់ពីការកើនឡើងដល់ ៣,៦% កាលពីខែតុលា។ សន្ទស្សន៍នេះ មិនបានរាប់បញ្ចូលសន្ទស្សន៍តម្លៃអាហារស្រស់ៗនោះទេ ប៉ុន្តែបានរាប់បញ្ចូលទាំងថ្លៃថាមពលផងដែរ។
អត្រាអតិផរណា ៣,៧% កាលពីខែវិច្ឆិកានោះ គឺជាការកើនឡើងដ៏ខ្ពស់បំផុតសម្រាប់ប្រទេសជប៉ុន បើគិតចាប់តាំងពីខែធ្នូ ឆ្នាំ១៩៨១មក ដោយពេលនោះ កម្រិតអតិផរណាធ្លាប់មានដល់៤% ដោយសាររងផលប៉ះពាល់ពីតម្លៃប្រេងឆៅ និងសេដ្ឋកិច្ចជួបវិបត្តិក្នុងឆ្នាំ១៩៧៩។
ធនាគារកណ្តាលជប៉ុន បានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការកើនឡើងនៅក្នុងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់នេះ ខណៈសម្ទុះតម្រូវការ ក៏បានជំរុញឱ្យមានអតិផរណានេះផងដែរ ហើយវាក៏ជាសញ្ញាបង្ហាញពីរបៀប ដែលសម្ពាធអតិផរណា នឹងបន្តរាលដាលដល់ឆ្នាំក្រោយទៀត។
សេដ្ឋកិច្ចរបស់ជប៉ុន បានធ្លាក់ចុះហួសពីការរំពឹងទុកក្នុងរង្វង់ ០,៨% នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២នេះ ខណៈដែលហានិភ័យវិបត្តិសាកល និងថ្លៃដើមនាំចូលកាន់តែខ្ពស់ បានដាក់ទម្ងន់លើការប្រើប្រាស់ និងក្រុមហ៊ុនអាជីវកម្មជាច្រើន។
ស្របពេលដែលអ្នកវិភាគ បានរំពឹងពីកំណើនសេដ្ឋកិច្ចនៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២២នេះក្ដី ក៏វានៅតែមានភាពមិនប្រាកដប្រជាទៅលើប្រាក់ឈ្នួល ថាតើវានឹងកើនឡើងគ្រប់គ្រាន់សម្រាប់ជីវភាពរស់នៅ ក្នុងអំឡុងអតិផរណាកើនខ្ពស់នេះ ដែរឬយ៉ាងណា។
លោក Takeshi Minami ប្រធានសេដ្ឋវិទូនៅវិទ្យាស្ថានស្រាវជ្រាវ Norinchukin ត្រូវបានសារព័ត៌មាន Reuter ដកស្រង់សម្តីថា សេដ្ឋកិច្ចសាកល អាចនឹងកាន់តែអាក្រក់នៅអំឡុងឆមាសទី១ នៃឆ្នាំ២០២៣ ដែលនឹងបង្កផលលំបាកដល់ធនាគារកណ្តាលជប៉ុន ដាក់ចេញគោលនយោបាយរូបិយវត្ថុ។
សូមជម្រាបដែរថា ការព្យាករថ្មីមួយរបស់ស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចជប៉ុនបានបង្ហាញថា ជប៉ុន អាចនឹងធ្លាក់ចុះលេខរៀងមកឈរនៅពីក្រោយកោះ តៃវ៉ាន់ និងកូរ៉េខាងត្បូង សម្រាប់ទំហំផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ (GDP per Capita) នៅឆ្នាំនេះ និងឆ្នាំក្រោយ។ ការធ្លាក់ចុះចំណាត់ថ្នាក់របស់ប្រទេសជប៉ុននេះ គឺមួយផ្នែកធំបណ្ដាលមកកត្តានៃអត្រាប្ដូរប្រាក់ ខណៈដែលលុយយេនជប៉ុនបានចុះថ្លៃខ្លាំងបំផុតធៀបនឹងប្រាក់ដុល្លារអាមេរិកនៅមួយរយៈចុងក្រោយនេះ៕