ប្រទេសជប៉ុន

អត្រាបំណុលជាតិសម្រាប់ពលរដ្ឋជប៉ុនម្នាក់ៗឡើងដល់ជាង ៧,៥ម៉ឺនដុល្លារជាលើកដំបូង


ទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃពុធទី១០សីហាបានបង្ហាញថា បំណុលជាតិរបស់រាជរដ្ឋាភិបាលជប៉ុន បើគិតក្នុងពលរដ្ឋម្នាក់ៗ (Government debt per capita) បានកើនឡើងលើសពី១០លានយ៉េន ឬប្រហែល ៧ម៉ឺន៥ពាន់ដុល្លារជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ គិតត្រឹមចុងខែមិថុនា ស្របពេលដែលរដ្ឋាភិបាលទីក្រុងតូក្យូបានចាក់បញ្ចូលលុយយ៉ាងសន្ធឹកសន្ធាប់ ដើម្បីដោះស្រាយជំងឺរាតត្បាតកូវីដ១៩ និងបញ្ហាអតិផរណា ដែលកំពុងប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពពលរដ្ឋ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
បំណុលជាតិសម្រាប់ពលរដ្ឋជប៉ុនឡើងដល់ជាង៧ម៉ឺន៥ពាន់ដុល្លារក្នុងពលរដ្ឋម្នាក់!
ដោយ

មូលបត្របំណុលសរុប និងការខ្ចីប្រាក់របស់រដ្ឋាភិបាលជប៉ុន ដែលមិនទាន់សង គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២២ បានឈានដល់កំណត់ត្រាជិត ៩,៥ ទ្រីលានដុល្លារ កើនឡើងជាង​១០០ពាន់លានដុល្លារ​ធៀបនឹងត្រីមាសមុន។ ផ្អែកលើការប៉ាន់ស្មានរបស់រដ្ឋាភិបាល​លើចំនួនប្រជាជនទាំងជិត ១២៥លាននាក់ គិតត្រឹមថ្ងៃទី០១ខែកក្កដា ពលរដ្ឋម្នាក់ គឺមានជាប់បំណុលរដ្ឋ​ជាង ១០លានយ៉េន ឬ ៧ម៉ឺន៥ពាន់ដុល្លារ។ ចំនួននេះបានកើនឡើងទ្វេដងពីតួលេខសារពើពន្ធកាលពីឆ្នាំ ២០០៣។

ទោះបីជាប្រាក់ចំណូល​សារពើពន្ធរបស់ប្រទេសជប៉ុន​កាលពីឆ្នាំមុន បានឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ពោលគឺឡើងដល់ជាង៥០០ពាន់លានដុល្លារក៏ដោយ វានៅតែមិនអាចទប់ទល់នឹងការចំណាយរបស់​តូក្យូដ៏ច្រើនសម្បើមបាននោះឡើយ។

អត្រាការប្រាក់ទាបបានជួយរក្សា​ការចំណាយលើការទូទាត់​ការប្រាក់ ប៉ុន្តែការពឹងផ្អែក​ខ្លាំង​របស់ជប៉ុនលើការខ្ចីប្រាក់ អាចនឹងធ្វើឲ្យ​សេដ្ឋកិច្ចជប៉ុនរងផលប៉ះពាល់ ក្នុងករណី​មានការ​កើនឡើងនៃអត្រាការប្រាក់នាពេលអនាគត។

មែនទែនទៅ មិនមែនតែ​រដ្ឋជប៉ុននោះទេ ដែលបានចាក់បញ្ចូលលុយក្នុងសេដ្ឋកិច្ចដើម្បីទប់នឹងមេរោគកូវីដ១៩ ក៏ដូចជាបញ្ហាអតិផរណា។ ប្រទេសសេដ្ឋកិច្ចលោកខាងលិចធំៗជាច្រើនទៀត ក៏កំពុងចំណាយប្រាក់យ៉ាងសន្ធឹកសន្ធាប់​ ដើម្បីទប់ទល់នឹងជំងឺរាតត្បាត ពិសេសអតិផរណាដែលកំពុងកើនឡើងផងដែរ។ ក៏ប៉ុន្តែបន្ទុកបំណុល​របស់ប្រទេសជប៉ុន គឺមានច្រើនជាងគេ ពោលបន្ទុកបំណុលជប៉ុន មានលើសពីផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះច្រើនជាងពីរដងឯណោះ។

សូមជម្រាថា អតិផរណារបស់ប្រទេសជប៉ុន​បន្តមានខ្ពស់ជាងគោលដៅ​របស់​​ធនាគារ​កណ្តាល​ជប៉ុនដែលបានកំណត់ទៅទៀត ពោលគឺមានខ្ពស់ជាង២%សម្រាប់រយៈពេលបីខែជាប់គ្នា​រាប់ត្រឹមខែមិថុនា។ មូលហេតុចំបង ដោយសារសេដ្ឋកិច្ចប្រឈមនឹងសម្ពាធ​ពីតម្លៃវត្ថុធាតុដើម​សកល​កើនខ្ពស់ ដែលបានជំរុញឱ្យ​តម្លៃ​នៃការនាំចូល​របស់​ប្រទេស​ត្រូវ​ចំណាយ​ច្រើនដូចគ្នា។

សូមជម្រាបថា​ ទោះបីជាកំរិតបំណុលកើនខ្ពស់ ប៉ុន្តែកំណើនសេដ្ឋកិច្ចរបស់យក្សសេដ្ឋកិច្ចលំដាប់ទី៣របស់ពិភពលោកមួយនេះ នៅតែធ្វើបានល្អគ្រាន់បើដដែល។ ជាក់ស្តែងសេដ្ឋកិច្ចជប៉ុនក្នុងត្រីមាសទី២ឆ្នាំនេះ មានកំណើន ២,៥% កើនឡើងពីអត្រា ០,៥% ធៀបនឹងកាលពីត្រីមាសទី១ នៅឆ្នាំ២០២២នេះ៕




អត្ថបទបន្ទាប់


ប្រធានាធិបតីអាមេរិក ចូ បៃឌិន៖ អតិផរណាអាចនឹងធ្លាក់ចុះវិញ ប៉ុន្ដែប្រជាជននៅតែបន្ដរងផលប៉ះពាល់

អតិផរណាធ្លាប់មានដល់៩,១% កាលពីខែមិថុនា ដែលជាអត្រាអតិផរណាខ្ពស់បំផុតក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ ប៉ុន្តែកាលពីខែកក្កដាកន្លងទៅនេះ វាបានធ្លាក…

ខ្លាសេដ្ឋកិច្ចនៅអាស៊ី «សិង្ហបុរី» បន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនឆ្នាំនេះទាបជាងមុន ខណៈសេដ្ឋកិច្ចសកលមិនច្បាស់លាស់

ខ្លាសេដ្ឋកិច្ចនៅអាស៊ី «សិង្ហបុរី» បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំនេះ ខណៈដែលបរិយាកាសសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុងស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ