ការចុះហត្ថលេខាលើដោយភាគីអាមេរិកលើ «ការផ្តល់សច្ចាប័ន» សម្រាប់ប្រទេសហ្វាំងឡង់ និងស៊ុយអ៊ែត ក្នុងចំណោមសមាជិកណាតូផ្សេងទៀតនេះ គឺជាការអនុវត្តនៅជំហានចុងក្រោយមួយក្នុងការប្រែក្លាយប្រទេសទាំងពីរនេះឲ្យជាសមាជិកពេញសិទ្ធិតែម្តង។
គួរជម្រាបថា ការផ្តល់សច្ចាប័ននេះទៀតសោត អាចនឹងចំណាយពេលដល់ទៅមួយឆ្នាំ ដែលត្រូវការសម្រេចយល់ព្រមពីសំណាក់ប្រទេសសមាជិកទាំង ៣០ របស់អង្គការណាតូ ដើម្បីឲ្យប្រទេសហ្វាំងឡង់ និងស៊ុយអ៊ែតចូលជាសមាជិកពេញសិទ្ធិបាន ខណៈមកទល់ពេលនេះ ក្រៅតែពីអាមេរិក គេឃើញថា ប្រទេសកាណាដា អាល្លឺម៉ង់ និងអ៊ីតាលីក៏បានសម្រេចផ្តល់សច្ចាប័នរួចរាល់អស់ហើយដែរ។
ក្នុងនោះដែរ លោកចូ បៃដិនបានមានប្រសាសន៍ថា «ការចូលរួមរបស់ហ្វាំងឡង់ និងស៊ុយអ៊ែត ក្រោយសង្គ្រាមលោកលើកទី ២ គឺជាចំណុចរបត់ដ៏សំខាន់មួយក្នុងពង្រឹងសន្តិសុខ និងស្ថិរភាពនៃសម្ព័ន្ធភាពមិនត្រឹមតែអឺរ៉ុប និងអាមេរិកនោះទេ តែគឺសន្តិភាពពិភពលោកទាំងមូល។
ជាការពិត ការចុះហត្ថលេខាសម្រេចឲ្យប្រទេសទាំងពីរចូលជាសមាជិកអង្គណាតូដោយអាមេរិកនេះ ធ្វើឡើយក្រោយពីព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតគាំទ្រយ៉ាងសន្ធឹកសន្ធាប់ដោយ ៩៥ សម្លេងទល់ ១ សម្លេង ដោយនេះបានសរបង្ហាញពីការរួបរួមគ្នាដ៏កម្រទាំងសមាជិកសភាមកពីបក្សប្រជាធិបតេយ្យ និងបក្សសាធាណរដ្ឋក្រោយពីការបាក់បែកគ្នាកាលពីរដ្ឋកាលលោកដូណាល ត្រាំ ដែលមិនធ្លាប់ឲ្យតម្លៃ និងយកចិត្តទុកដាក់លើអង្គការយោធាតំបន់នេះទាល់តែសោះឡើយ។
ដ្បិតថា ប្រទេសហ្វាំងឡង់ និងស៊ុយអ៊ែតមិនក្បែររបងផ្ទះនៃប្រទេសរុស្សីក៏ដោយ តែសេណារីយ៉ូក្រោយការឈ្លានពានដោយមិនបានឲ្យដឹងមុនពីសំណាក់ទីក្រុងម៉ូស្គូទៅលើប្រទេស អ៊ុយក្រែន បានបង្កគំរាមគំហែងផ្នែកសន្តិសុខ ដូច្នេះហើយបានជាប្រទេសទាំងពីរទទូចស្នើសុំចូលជាសមាជិកនៃអង្គការណាតូ បើទោះជាមានការព្រមានពីសំណាក់រុស្សីផ្ទួនៗគ្នាក៏ដោយ។
សូមគួសបញ្ជាក់ថា ប្រទេសសមាជិកអង្គការណាតូទាំង ៣០ ប្រទេសបានចុះហត្ថលេខាលើពិធីសាដើម្បីឲ្យប្រទេសស៊ុយអែត និងហ្វាំងឡង់សមាជិកកាលពីខែកក្កដាកន្លងទៅ ក៏ប៉ុន្តែតម្រូវឲ្យសមាជិកទាំង ៣០ ផ្តល់សច្ចាប័នម្តងទៀត ក្នុងការដាក់ប្រទេសទាំងពីរជាសមាជិកពេញលេញ និងស្ថិតក្រោមការការពារសន្តិសុខរួម។
បើនៅទីបំផុត សមាជិកទាំង ៣០ របស់អង្គការណាតូអនុម័តសច្ចាប័ននេះរួចរាល់មែន នោះប្រទេសស៊ុយអ៊ែត និងហ្វាំងឡង់នឹងត្រូវធានាការពារដោយមាត្រាទី ៥ របស់អង្គការយោធានេះដែលចែងថា «បើមានការវាយប្រហារលើសមាជិកអង្គការណាតូណាមួយ នោះជាការវាយប្រហារលើសមាជិកទាំងមូលរបស់ណាតូ ហើយណាតូនឹងប្រហារតបវិញភ្លាមៗ»៕