ទីផ្សារកាហ្វេ

វៀតណាម កើបលុយបានជិត២ពាន់លានដុល្លារ ពីនាំចេញកាហ្វេនៅ២ខែឆ្នាំនេះ ខណៈថៃ គ្រោងនាំចូលកាហ្វេ៨ម៉ឺនតោន ដើម្បីបំពេញតម្រូវការ


គ្រាន់តែនាំចេញកាហ្វេ វៀតណាមដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា អាចរកចំណូលបានជិត២ពាន់លានដុល្លារ នៅពីរខែដើមឆ្នាំនេះ។ ទន្ទឹមនឹងវៀតណាម កំពុងកើបលុយពីការនាំចេញកាហ្វេ ថៃ ដែលជាអ្នកដាំកាហ្វេធំមួយនៅតំបន់អាស៊ានដែរនោះ បានប្រកាសពីគម្រោងនាំចូលកាហ្វេរហូតដល់៨ម៉ឺនតោន ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក ស្របពេលការបង្កបង្កើនផលកាហ្វេរបស់ប្រទេសក្បែរខាងកម្ពុជា មួយនេះ កំពុងជួបបញ្ហាធ្លាក់ចុះទិន្នផល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វៀតណាម កើបលុយបានជិត២ពាន់លានដុល្លារ ពីនាំចេញកាហ្វេនៅ២ខែឆ្នាំនេះ ខណៈថៃ គ្រោងនាំចូលកាហ្វេ៨ម៉ឺនតោន ដើម្បីបំពេញតម្រូវការ
ដោយ

នៅ២ខែដើមឆ្នាំ២០២៥ នេះ វៀតណាម ដែលជាអ្នកដាំកាហ្វេដ៏ធំនៅតំបន់អាស៊ាននាំចេញកាហ្វេបានជាង៣ម៉ឺនតោន ជាមួយចំណូលជិត២ពាន់លានដុល្លារ ក្នុងនោះតម្លៃនាំចេញមានការកើនឡើងជាង៣៣% តែបរិមាណនាំចេញមានការធ្លាក់ចុះប្រមាណ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​។ នេះបើយោងតាមការបញ្ជាក់របស់លោក ឃ្វៀន ដឹកដាង (Nguyen Duc Dung ) អគ្គនាយករងនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មវៀតណាម។

មន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងថា តម្លៃកាហ្វេនៅតំបន់ខ្ពង់រាបកណ្តាល និងខេត្តភាគខាងត្បូង នៅវៀតណាម បានឡើងដល់កម្រិតខ្ពស់បំផុតរហូតដល់ជាង៥ដុល្លារ ក្នុងមួយគីឡូក្រាម។ តម្លៃកាហ្វេត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀតនៅត្រីមាសទីពីរឆ្នាំនេះ ដោយសារកង្វះការផ្គត់ផ្គង់។

ស្របពេលវៀតណាម កំពុងកើបលុយពីការនាំចេញកាហ្វេ សារព័ត៌មាន The Nation បានរាយការណ៍ថា ប្រទេសថៃ ដែលជាអ្នកដាំកាហ្វេធំមួយនៅតំបន់អាស៊ាន ដែរនោះ កំពុងជួបបញ្ហាកង្វះខាតកាហ្វេ ដែលទាមទារឱ្យប្រទេសក្បែរខាងកម្ពុជា មួយនេះ ត្រូវនាំចូលកាហ្វេពីខាងក្រៅបំពេញតម្រូវការ។ តាមគម្រោងថៃ នឹងនាំចូលកាហ្វេរហូតដល់៨ម៉ឺនតោន នៅឆ្នាំនេះ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក ស្របពេលផលិតកម្មការហ្វេរបស់ខ្លួនមានការធ្លាក់ចុះ បើទោះបីជាមានការពង្រីកចម្ការ និងតម្លៃកើនឡើងក៏ដោយ។

បើតាមការគូសបញ្ជាក់របស់លោកស្រី ថានទីតា ប៊ុនយ៉ាម៉ានីគល់ (Thantita Boonyamaneekul) អគ្គលេខាធិការរង នៃការិយាល័យសេដ្ឋកិច្ចកសិកម្ម នៅក្នុងឆ្នាំ២០២៣ ប្រទេសថៃ ប្រមូលទិន្នផលកាហ្វេបានចំនួន១ម៉ឺន៥ពាន់៦៥១តោន។ លោកស្រីបានបន្តថា នៅក្នុងមួយឆ្នាំ ថៃអាចត្រូវការគ្រាប់កាហ្វេប្រមាណ៩ម៉ឺន៥ពាន់តោន ដើម្បីបំពេញសេចក្តីត្រូវការក្នុងស្រុក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុន Google ជះលុយ៣២ពាន់លានដុល្លារទិញក្រុមហ៊ុនសន្តិសុខអ៊ីនធឺណិតដ៏ធំមួយ ដើម្បីពង្រឹងប្រព័ន្ធការពារសុវត្ថិភាព

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក Google បានជះលុយរហូតដល់៣២ពាន់លានដុល្លារ ទិញយកក្រុមហ៊ុនសន្តិសុខតាមអ៊ីនធឺណិត Wiz ដើម្បីពង្រឹងប្រព័ន្…

លោក ត្រាំ បង្ហើបថា មេដឹកនាំចិន អាចនឹងមកបំពេញទស្សនកិច្ចនៅអាម៉េរិក ឆាប់ៗនេះ ចំពេលសង្គ្រាមពន្ធកំពុងឡើងកម្តៅ

ស្របពេលសង្គ្រាមពន្ធ និងភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន កំពុងឡើងកម្តៅខ្លាំងដូចបាយពុះ ប្រធានាធិបតី អាម៉េរិក លោក ដូណាល់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ