យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម ប្រជាជាតិក្បែរខាងកម្ពុជា មួយនេះ បាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបានជាង៧២ម៉ឺនតោន ក្នុងឆ្នាំ២០២៤ កន្លងទៅ ដោយទទួលបានចំណូលជាង៤ពាន់លានដុល្លារ។ បរិមាណនាំចេញនៅក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ មានការកើនឡើងជាង១២% ខណៈតម្លៃនៃការនាំចេញមានកំណើនជាង១៩%។
តួលេខនេះបានបង្កើតកំណត់ត្រាថ្មីមួយសម្រាប់ឧស្សាហកម្មគ្រាប់ស្វាយចន្ទីរបស់វៀតណាម ដែលបានរក្សាឋានៈជាអ្នកនាំចេញគ្រាប់ស្វាយចន្ទីកំពូលរបស់ពិភពលោកក្នុងរយៈពេល១៨ឆ្នាំជាប់ៗគ្នា បន្ទាប់ពីបានក្តោបចំណែកទីផ្សារនាំចេញរហូតដល់៨០% នៃបរិមាណនាំចេញគ្រាប់ស្វាយចន្ទីសរុបរបស់ពិភពលោក។
នៅក្នុងចំណោមទីផ្សារធំៗនានា សហរដ្ឋអាម៉េរិក នៅតែជាប្រទេសនាំចូលគ្រាប់ស្វាយចន្ទីធំជាងគេរបស់វៀតណាម ដោយកាលពីឆ្នាំមុន ទីផ្សារអាម៉េរិក បាននាំចូលគ្រាប់ស្វាយចន្ទីសរុបជាង១៩ម៉ឺនតោនជាមួយនឹងតម្លៃជិត១ពាន់២រយលានដុល្លារ កើនឡើងជាង២១%។
សមាគមស្វាយចន្ទីវៀតណាម បានអះអាងថា ការរីកចម្រើននៃទីផ្សារគ្រាប់ស្វាយចន្ទីរបស់វៀតណាម ជាពិសេសនៅសហរដ្ឋអាម៉េរិក ត្រូវបានជំរុញដោយឧស្សាហកម្មកែច្នៃម្ហូបអាហារ ដែលកំពុងរីកចម្រើន ។ ការអភិវឌ្ឍនេះត្រូវបានជំរុញដោយការផ្លាស់ប្តូររបៀបរស់នៅរបស់អ្នកប្រើប្រាស់ និងការកើនឡើងនៃតម្រូវការផលិតផលអាហារងាយស្រួល ហើយម្យ៉ាងគ្រាប់ស្វាយចន្ទីត្រូវបានគេចាត់ទុកជាអាហារ ដែលសម្បូរ វីតាមីន សារធាតុរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលគាំទ្រដល់មុខងារសំខាន់ៗរបស់រាងកាយ៕
ដោយៈ សរ សុជាតិ