
នេះជាលើកដំបូងបង្អស់ហើយសម្រាប់ប្រជាជននៅស្រុកកំពង់លែងដែលបានសប្បាយរីករាយបុណ្យចូលឆ្នាំថ្មី ជាមួយនឹងព្រឹត្តិការណ៍ដ៏ធំបំផុតបែបនេះ ដោយមានការលេងល្បែងប្រជាប្រិយ ការសម្ដែងរបាំសិល្បៈបុរាណសម័យ ការប្រគំតន្ត្រី ល្ខោន និងកម្មវិធីកម្សាន្តជាច្រើនផ្សេងទៀត សម្រាប់រយៈពេលបីយប់បីថ្ងៃពេញតែម្ដង ។
ឧកញ៉ា អុឹង ប៊ុនហ៊ូវ ប្រធានអគ្គនាយក ក្រុមហ៊ុនដូនពេញ (ខេមបូឌា) គ្រុប និងជាប្រធានមូលនិធិ ING Foundation បានថ្លែង នៅក្នុងពិធីបើកកម្មវិធី«សង្ក្រាន្តភ្នំទូកមាស» ថា ការរៀបចំព្រឹត្តិការណ៍ដ៏មហោឡារឹកនិងដ៏សប្បាយរីករាយនាពេលនេះ អាចធ្វើទៅបាន គឺដោយសារប្រទេសមានសុខសន្តិភាពនិងស្ថិរភាពពេញលេញ និងជាពិសេស ដោយសារកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដោយជោគជ័យ ដែលអនុញ្ញាតឱ្យកម្ពុជាបើកប្រទេសឡើងវិញ និងបើកការប្រារព្ធបុណ្យចូលឆ្នាំថ្មីឡើងវិញ នៅទូទាំងប្រទេស ។

ឧកញ៉ា អុឹង ប៊ុនហ៊ូវ បានថ្លែងដូច្នេះថា ៖ «សង្ក្រាន្តភ្នំទូកមាស»ប្រារព្ធឡើងស្ថិតក្រោមដំបូលម្លប់សន្តិភាព និងដើម្បីរំឭកគុណដល់បុព្វបុរសនៃយើងដែលបានបន្សល់ទុកនូវប្រពៃណីនិងវប្បធម៌ដ៏ល្អផូរផង់សម្រាប់កូនចៅជំនាន់ក្រោយ ។»
ឧកញ៉ាបានថ្លែងបន្តថា ៖ «ព្រឹត្តិការណ៍នេះរួមចំណែកបំផុសមនសិការស្នេហាជាតិ ស្មារតីស្រឡាញ់វប្បធម៌ដល់ប្រជាជនខ្មែរពីគ្រប់មជ្ឈដ្ឋាន ទាំងក្នុងនិងក្រៅប្រទេស សំដៅអប់រំផ្សព្វផ្សាយអំពីវប្បធម៌និងសីលធម៌ ឱ្យចេះរួបរួមគ្នាជាធ្លុងមួយ ប្រកបដោយឆន្ទៈម្ចាស់ការថែរក្សាការពារ និងបណ្ដុះគំនិតលើកតម្កើងកេរដំណែលវប្បធម៌ជាតិ ទាំរូបី និងអរូបី ឱ្យបានស្ថិតស្ថេរគង់វង្ស ។»

ឧកញ៉ា អុឹង ប៊ុនហ៊ូវ ក៏បានគូសបញ្ជាក់ផងដែរថា ការដែលរៀបចំព្រឹត្តិការណ៍នៅក្នុងទីកន្លែងហ៊ុមព័ទ្ធទៅដោយព្រៃព្រឹក្សាជុំវិញដូចនេះ គឺក្នុងគោលបំណងជំរុញឲ្យប្រជាពលរដ្ឋខ្មែរគ្រប់រូប«ចាប់អារម្មណ៍និងងាកមកស្រឡាញ់ថែរក្សាការពារបរិស្ថាន ធនធានធម្មជាតិ និងជីវចម្រុះ ដែលមាននៅលើកទឹកដីដ៏អច្ឆរិយៈនៃយើង និងដើម្បីការពារភពផែនដីដ៏ស្រស់បំព្រង រក្សាបាននូវលក្ខខណ្ឌធម្មជាតិដែលនឹងផ្ដល់ត្រឡប់មកឱ្យយើងវិញ ។»
គួរបញ្ជាក់ថា «សង្ក្រាន្តភ្នំទូកមាស» រយៈពេលបីយប់បីថ្ងៃនេះ ធ្វើឡើងនៅក្នុងភូមិដំណាក់កកោះ ឃុំពោធ៍ ស្រុកកំពង់លែង ដែលជាស្រុកកំណើតកើតជារបស់ឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ និងជាតំបន់ដែលឧកញ៉ាបាននិងកំពុងអភិវឌ្ឍឱ្យក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិនិងវប្បធម៌ទំហំប្រមាណ ២០០ហិកតា ។

ថ្លែងនៅក្នុងពិធីបើក«សង្ក្រាន្តភ្នំទូកមាស»នេះដែរ ឯកឧត្ដម ហាប់ ទូច រដ្ឋលេខាធិការនិងជាតំណាងរដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា ការសហការគ្នារៀបចំព្រឹត្តិការណ៍ប្រពៃណីវប្បធម៌នាពេលនេះ រវាងក្រសួងវប្បធម៌ និង មូលនិធិ អ៊ឹង ហ្វោនដេសិន គឺជាគំរូសនៃកិច្ចសហប្រតិបត្តិការដ៏ត្រឹមត្រូវនិងមានគុណតម្លៃមួយ រវាងវិស័យសាធារណៈនិងវិស័យឯកជន ក្នុងការសហការរួមគ្នាថែរក្សាការពារបេតិកភណ្ឌវប្បធម៌ជាតិ ។
ឯកឧត្ដម ហាប់ ទូច មានប្រសាសន៍យ៉ាងដូច្នេះថា ៖ «កាយវិការគាំទ្រដ៏ប្រពៃនេះ គឺស្របទៅនឹងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលដែលបាននិងកំពុងអនុវត្តក្នុងឆ្នាំថ្មីៗនេះ ដែលណែនាំឱ្យស្ថាប័នសាធារណៈសហការជាមួយដៃគូឯកជនដើម្បីធ្វើសកម្មភាពគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យ ។»
នៅក្នុងព្រឹត្តិការណ៍«សង្ក្រាន្តភ្នំទូកមាស»នេះ បើតាមលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង បានប៉ាន់ស្មានថា អាចនឹងមានប្រជាជនប្រហែល ២ម៉ឺននាក់ មកចូលរួមលេងកម្សាន្តនៅក្នុងពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នៅភូមិដំណាក់កកោះនេះ សម្រាប់រយៈពេល ៣ថ្ងៃ៣យប់នេះ ។

យុវតី ស្រីម៉ុច មកពីភូមិកណ្ដាល ស្រុកកំពង់លែង ដែលបានមកលេងកម្សាន្តក្នុងពិធីបុណ្យនឹងគេដែរ បាននិយាយទាំងសប្បាយរីករាយថា «ការរៀបចំព្រឹត្តិការណ៍នេះមានប្រយោជន៍ ធ្វើឱ្យគេស្គាល់វប្បធម៌របស់យើង និងធ្វើឱ្យក្មេងៗជំនាន់ក្រោយស្គាល់ល្បែងប្រជាប្រិយខ្មែរ ។ ចង់ឱ្យធ្វើបែបហ្នឹងរាល់ឆ្នាំ ព្រោះអីសប្បាយ ។»

ស្រ្តីមេផ្ទះមួយរូបទៀត ឈ្មោះ ឆៃឡាក់ ដែលមកពីភូមិកណ្ដាលដែរ បាននិយាយថា គាត់បានលេងចោលឈូង និងរាំកម្សាន្តជាមួយគេឯង ។
អ្នកស្រី ឆៃឡាក់ និយាយយ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណលោកឧកញ៉ា អុឹង ប៊ុនហ៊ូវ ដែលបានមកលេងភូមិស្រុកខ្ញុំ ធ្វើឱ្យស្រុកភូមិខ្ញុំសប្បាយ ចង់ឱ្យមកលេងរហូត ។»

គួរបញ្ជាក់ថា សង្ក្រាន្តភ្នំទូកមាស រៀបចំឡើងដោយមូលនិធិ អ៊ឹង ហ្វោនដេសិន របស់ឧកញ៉ា អុឹង ប៊ុនហ៊ូវ សហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៅក្នុងតំបន់ភ្នំទូកមាស ស្ថិតក្នុងភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ដែលឧកញ៉ាគ្រោងអភិវឌ្ឍឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិនិងវប្បធម៌ ដែលនឹងមានកសាងព្រះវិហារវត្តអារាម មណ្ឌលវិបស្សនា សាលាពុទ្ធិកសិក្សា ស្រះទឹកដ៏ធំល្វឹងល្វើយ ព័ទ្ធជុំវិញដោយកន្លែងកម្សាន្តបែបធម្មជាតិ ដែលស័ក្ដិសមបំផុតជាកន្លែងសម្រាកលំហែកាយសម្រាប់ទាំងភ្ញៀវជាតិ និងអន្តរជាតិ ៕

