សហគមន៍ផលិតអំបិល​

សហគមន៍អ្នក​ផលិតអំបិលកំពត-កែប នឹងត្រូវរំលាយ នៅដំណាច់ខែមីនានេះហើយ!


នៅថ្ងៃទី ៣០ មីនា ឆ្នាំ២០១៩នេះ សហគមន៍អ្នកផលិតអំបិលខេត្តកំពតកែប ដែលជាអ្នកផលិត និងផ្គត់ផ្គង់អំបិលតែមួយគត់នៅកម្ពុជា នឹងត្រូវរំលាយហើយ! ខណៈដែលសមាគមន៍នេះ ក៏បានធ្វើលិខិតជូនដំណឹងរួចរាល់អស់ហើយ ជូនទៅដល់អាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធ។ នេះបើតាមការឲ្យដឹង ពីលោក អ៊ុំ ឈុន ប្រធានរដ្ឋបាលសហគមន៍អ្នកផលិតអំបិលកំពតកែប ប្រាប់សារព័ត៌មានខេមបូណូមីសនៅថ្ងៃទី១៩ មីនានេះ។
កសិករ​ប្រមូល​អំបិល​នៅ​ខេត្ត​កំពត។ រូបភាពឯកសារ៖ ហេង ភារម្យ
ដោយ

ការឈានដល់ការរំលាយ​សហគមន៍នេះ ត្រូវបាន​លោក អ៊ុំ ឈុន​ឲ្យដឹងថា គឺដោយសារតែ កសិករ​ផលិតអំបិល​មួយចំនួន មិនចង់​បន្ត​ការផលិតអំបិលរបស់ខ្លួន​ជាបន្តទៅទៀត។ លោកថា តាម​លក្ខខណ្ឌ​សហគមន៍ ១អាណត្តិមាន​រយៈពេល​៥ឆ្នាំម្ដង ដើម្បីប្រជុំរើស​ប្រធាន​ក្រុមប្រឹក្សាភិបាល​ និងការចុះ​កិច្ចសន្យា​ថ្មី​ជាមួយនឹង​អ្នកផលិតអំបិល។ ប៉ុន្ដែ អណាត្តិទី៣នេះ គឺបាន​ផុតតាំងពី ខែកញ្ញា ឆ្នាំ២០១៨មកម្លេះ ដោយកាលនោះ ខាង​សហគមន៍​បាន​ធ្វើមហា​សន្នបាតប្រជុំ និងរៀបចំកិច្ចសន្យាថ្មី ដើម្បីបន្ដ​អណាត្តិ តែ​មាន​កសិករដែល​ជាអ្នកផលិតអំបិល​ប្រមាណតែ ៧០%ប៉ុណ្ណោះបាន​ចូលរួម និងមាន​៣០% ទៀត​មិនចូលរួមបន្ត​ការផលិត​ជាមួយសហគមន៍​ទៀត​នោះទេ។ ដូច្នេះហើយ ទើប​ក្រុមប្រឹក្សាភិបាល​សហគមន៍​សម្រេចថា នឹងរំលាយ​សហគមន៍​អ្នកផលិតអំបិល​ខេត្ត កំពត កែបនេះ នៅត្រឹម​ដំណាច់​ខែ​មីនា ឆ្នាំនេះតែម្ដង។ 

ទោះយ៉ាងណា គេនៅរង់ចាំមើល​សេចក្ដី​សម្រេច​ចុងក្រោយ​របស់​ក្រសួង​ជា​អាណាព្យាបាល ពិសេស គឺក្រសួង​សិប្បកម្ម និងឧស្សាហកម្ម។ ប៉ុន្ដែ បើតាម តំណាង សហគមន៍អ្នកផលិតអំបិល​ខេត្ត​កំពតកែប គឺ​ខាង​សហគមន៍​បាន​ជូនដំណឹងរួចអស់​ហើយ អំពីការសម្រេចរំលាយ​សហគមន៍នេះ ទៅកាន់​អាជ្ញាធរខេត្តកំពត និងកែប ព្រមទាំង​ក្រសួងសិប្បកម្ម និងឧស្សាហកម្ម អគ្គនាយកដ្ឋាន​ពន្ធដារ និង​ក្រសួង​មហាផ្ទៃ​ផងដែរ។

តាម​ការបញ្ជាក់ពី​លោក អ៊ុំ ឈុន ផ្ទៃដីផលិត​អំបិលរបស់​សហគមន៍​នេះ មាន​ទំហំ ជាង ៤ពាន់ ៥០០ ហិកតា ដែលជា​កម្មសិទ្ធិឯកជន របស់​កសិករ​ផលិត​អំបិល ជាង​២០០ នាក់  ហើយក្រោយពី​ការរំលាយ​សហគមន៍ទៅ កិច្ចការ​បន្ទាប់​គឺជា​ភារកិច្ច​របស់អាជ្ញាធរខេត្ត ដើម្បីគ្រប់គ្រង និងចាត់ចែងបន្ត។

លោកបន្ថែមទៀតថា មានកសិករ​ផលិតអំបិល​ខ្លះ​ បានលក់ដី​របស់ខ្លួន​ជាបណ្ដើរៗហើយ តែអ្នកទិញដីនោះ ក៏មិនទាន់ឃើញ​ធ្វើអីដែរ នៅទុកដីទំនេរ​ចោល។ រីឯអ្នកបន្តផលិត​អំបិល​ផ្សេងទៀត ក៏​ផលិតមិនបាន​ច្រើននោះដែរ ពោលគឺបាន​ប្រហែលតែ​ពាក់កណ្ដាល​ប៉ុណ្ណោះ ព្រោះមានបញ្ហា​កង្វះកម្លាំង​ពលកម្ម។ 

នៅពេលដែលអ្នកសារព័ត៌មាន ខេមបូណូមីស សួរថា តើអនាគត​ការផលិតអំបិល​កម្ពុជា​នឹងទៅយ៉ាងណា? លោកអ៊ុំ ឈុន បាន​បញ្ជាក់ថា លោកមិនទាន់​ហ៊ាននិយាយ​ពីរឿងនេះទេ គឺត្រូវរង់ចាំមើល​វិធានការបន្តរបស់​អាជ្ញាធរខេត្ត​កំពត និងកែប ក៏ដូចជា​ក្រសួង​ជាអាណាព្យាបាល ។

តាមការលើកឡើងរបស់​ប្រជាពលរដ្ឋ និងអ្នកតាមដាន​សង្គមមួយចំនួន បានលើកឡើងថា ការ​ជំរុញ​ឲ្យ​អ្នកផលិត​អំបិល​ជ្រួលច្របល់​លែងចង់​ផលិតអំបិលនេះ គឺដោយសារតែ​ការផលិត​ជួបបញ្ហាច្រើន ទាំងអាកាសធាតុ និងកម្លាំងពលកម្ម។ ពិសេសជាងនេះទៀត គឺនិន្នា​តម្លៃដីធ្លី កំពុងពុះកញ្ជ្រោលខ្លាំង ដែលធ្វើឲ្យពួកគេ​​កំពុង​សម្លឹងឃើញឱកាសនេះ ទាញយកដីស្រែ​អំបិល​ទៅលើឲ្យឈ្មួញដី បានតម្លៃខ្ពស់ ជាជាង​ការផលិតអំបិល។

ទោះយ៉ាងណា លោក អ៊ុំ ឈុន បាន​គូសបញ្ជាក់ថា ដីស្រែអំបិលនេះ គឺមានការ​ចុះកិច្ចសន្យា​ផ្ដិតមេដៃច្បាស់លាស់ រវាង​ម្ចាស់ស្រែអំបិល និងអាជ្ញាធរ ថា​ដីទាំងនោះ គឺទុកតែ​សម្រាប់​ផលិតអំបិល​ប៉ុណ្ណោះ មិនអាច​យកទៅធ្វើ​អ្វីផ្សេងក្រៅពី​ការផលិត​អំបិល​នោះឡើយ។ បើទោះ​បីជា​លក់​ឲ្យអ្នកផ្សេងទៀត ក៏អ្នកទិញបន្ដនោះ ត្រូវតែ​យក​មកធ្វើការ​ផលិត​អំបិលដែរ។ 

គួរបញ្ជាក់ថា កាលពីចុងឆ្នាំ ២០១៨ កន្លងទៅនេះ កម្ពុជា បាន​ចុះកិច្ចព្រមព្រៀង​នាំចូលអំបិល​ពីចិន ប្រមាណ​២ម៉ឺនតោន ដើម្បីផ្គត់ផ្គង់​តម្រូវការក្នុង​ស្រុក ដ្បិតថា ការផលិត​អំបិល​ជួបបញ្ហា​ភ្លៀងធ្លាក់ច្រើន។ បើតាមលោក អ៊ុំ ឈុន អំបិល​នាំចូល​ពីចិន​ទាំងនោះ បានបញ្ចេញ​លក់ទៅលើទីផ្សារ​ជិតអស់​ហើយ​តួយ៉ាង អំបិលសម៉ត់ នៅសល់តិចតួចប៉ុណ្ណោះ ខណៈដែល​អំបិលគ្រួស​នៅសល់​ប្រមាណ ៥០%។ ដោយឡែក ការផលិតអំបិល ក្នុងស្រុក​នៅឆ្នាំនេះវិញ គឺមិនសូវជា​មានច្រើន​ប៉ុន្មានទេ ព្រោះថា ប៉ុន្មានខែ មកនោះ អ្នកផលិតអំបិល​ គឺផលិត​លក់ដោយ​ខ្លួនឯង មិនបាន​លក់តាម​រយៈ​សហគមន៍នោះទេ។

លោកអ៊ុំ ឈុន ក៏បាន​សំណូមពរ ឲ្យ​ខាងអាជ្ញាធរ​គួរតែ​បន្ត​គ្រប់គ្រងការផលិតអំបិល​របស់​កសិករ​ផលិតអំបិល ក្រោយពីសហគមន៍ត្រូវបានរំលាយ ដើម្បីធានាបាននូវគុណភាពអំបិល សម្រាប់សុខភាពពលរដ្ឋ៕ 

None



អត្ថបទបន្ទាប់


ប្រទេសថៃ ទិញអគ្គិសនីពីឡាវកើនដល់ ៦០០០ មេហ្គាវ៉ាត់ម៉ោង

មិនត្រឹមតែកម្ពុជាទេ ដែលកំពុងខ្វះខាតថាមពលអគ្គិសនី ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក នៅប្រទេសថៃឯណោះវិញ ក៏កំពុងខ្វះខាតថាមពលអគ្គិសន…

ផ្អើល​នាំ​គ្នា​ទិញ​ដី​ទុក​ចំណេញ​ពី​ចិន​នៅ​កំពត! អាជ្ញាធរ​ថា​មិន​ទាន់​មាន​ចិន​ច្រើន​ដូច​ផ្អើល​ទេ!

ខណៈ​ដែល​ប្រជាពលរដ្ឋ​ក្នុង​ស្រុក​សម្រុក​ទៅ​ទិញ​ដី​នៅ​ខេត្ត​កំពត​ព្រោះ​គេ​ផ្អើល​តៗ​គ្នា​ថា វិនិយោគិន​ចិន​សម្រុក​អភិវឌ្ឍ​នៅ​ទី​នោះ មន្រ្តី​ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ