ថ្មីៗនេះ សារព័ត៌មាន បាងកកប៉ុស្តិ៍ របស់ប្រទេសថៃ បានចុះផ្សាយលើកកោតសរសើរពីភាពល្បីល្បាញនៃម្រេចកំពតខ្មែរ។
ក្នុងអត្ថបទរបស់ខ្លួន ចេញផ្សាយថ្ងៃទី១២ ខែមិថុនា កាសែត បាងកកប៉ុស្តិ៍ ដាក់រូបភាពម្រេច អមដោយចំណងជើងរូបថា «ម្រេចកំពតគុណភាពល្អបំផុតរបស់ខ្មែរ អាចលក់បានតម្លៃរហូតដល់ទៅ ៤២៥ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម នៅអឺរ៉ុប ខណៈដែលម្រេចវៀតណាម លក់ក្នុងតម្លៃតែ ៨ដុល្លារប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម»។
ក្នុងអត្ថបទដដែល កាសែត បាងកកប៉ុស្តិ៍ សរសេរថា ថ្វីត្បិតប្រទេសថៃនាំមុខគេក្នុងការចុះបញ្ជីផលិតផលសម្គាល់ភូមិសាស្ត្រ (GI) ក៏ពិតមែន ប៉ុន្តែ កម្ពុជាគឺជាប្រទេសមួយដែលគេគួរតែក្រឡេកមើល។ ប្រទេសកម្ពុជា ទើបតែចុះបញ្ជី GI សម្រាប់ផលិតផលពីរមុខគត់ គឺម្រេចកំពត និងស្ករត្នោតកំពង់ស្ពឺ ប៉ុន្តែ ប្រទេសនេះមានការចាប់ផ្ដើមមួយដ៏គួរឲ្យចាប់អារម្មណ៍។
ម្រេចកំពតពីប្រទេសកម្ពុជា ត្រូវគេដាក់ឈ្មោះថា «មាសខ្មៅ»។ ចុងភៅមកពីក្រុងញូវយ៉កមួយរូប ថែមទាំងបានធ្វើការ៉េមផ្សំពីម្រេចកំពតទៀតផង និងបានពោលកោតសរសើររសជាតិម្រេចកំពតថា មានរសជាតិសម្បូរបែប និងអស្ចារ្យក្រៃលែង។
ថ្មីៗនេះដែរ សារព័ត៌មាន Associated Press ចុះផ្សាយថា ម្រេចកំពតពណ៌ក្រហម លក់ក្នុងតម្លៃ ៤២៥ដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម នៅប្រទេសអាល្លឺម៉ង់ ខណៈដែលម្រេចនាំចូលពីវៀតណាម តម្លៃតែ ៨ដុល្លារក្នុងមួយគីឡូ។
នៅក្នុងអាស៊ាន ប្រទេសថៃនាំមុខគេលើចំនួនផលិតផលដែលបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ (GI) ដោយមានផលិតផលដល់ទៅ ៨៩មុខ ម៉ាឡេស៊ីនៅលំដាប់លេខ២ មានផលិតផលចុះបញ្ជី GI ចំនួន ៧៣មុខ វៀតណាមមាន ៥៥មុខ ឥណ្ឌូនេស៊ី ៥២មុខ និងកម្ពុជា ២មុខ។ ដោយឡែកប្រទេស ៥ផ្សេងទៀតនៃអាស៊ាន មិនមានផលិតផលសម្គាល់ភូមិសាស្ត្រ GI ឡើយ៕