កសិកម្ម

ឧបករណ៍​ដាំ​គ្រាប់​ស្រូវ​របស់​កម្ពុជា​ទទួល​បាន​ពាន​រង្វាន់​កំពូល​របស់​អាមេរិក


សហគ្រាស​សង្គម កសិកម្ម​ឈ្លាសវៃ នៅ​ប្រទេស​កម្ពុជា បាន​ទទួល​ពាន​រង្វាន់​កំពូល​របស់​រដ្ឋាភិបាល​អាមេរិក ដែល​មាន​ឈ្មោះ​ថា ប៉ាតង់​សម្រាប់​មនុស្ស​ជាតិ (Patents for Humanity) សម្រាប់​ឧបករណ៍​ដាំ​គ្រាប់​ស្រូវ​ឈ្មោះ អ៊ីឡាយ។ អ៊ីឡាយ គឺ​ជា​ឧបករណ៍​ដាំ​គ្រាប់​ស្រូវ​ដែល​ជួយ​ដល់​កសិករ​កាត់​បន្ថយ​គ្រាប់​ពូជ ជួយ​បង្កើន​ទិន្នផល និង​កាត់​បន្ថយ​កម្លាំង​ពលកម្ម។
ឧបករណ៍​ដាំ​គ្រាប់​ស្រូវ​របស់​កម្ពុជា​ទទួល​បាន​ពាន​រង្វាន់​កំពូល​របស់​អាមេរិក
ដោយ

នេះ​ជា​ពាន​រង្វាន់​កិត្តិយស​កំពូល​របស់​ការិយាល័យ​ប៉ាតង់ (ប្រកាសនីយបត្រ​តក្កកម្ម) និង​ស្លាក​សញ្ញា​របស់​សហរដ្ឋ​អាមេរិក ហើយ​ដែល​ពាន​រង្វាន់​នេះ​នឹង​ត្រូវ​ផ្តល់​ជូន​អ្នក​កែច្នៃ​ណា​ដែល​បាន​ប្រើ​ប្រាស់ ​បច្ចេកវិទ្យា​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​របស់​មនុស្ស​ជាតិ។ 

កសិកម្ម​ឈ្លាស​វៃ រួមជាមួយ​នឹង​បេក្ខភាព​ចំនួន​ប្រាំ​បី​ផ្សេង​ទៀត (ដែល​ត្រូវ​បាន​ជ្រើស​ចេញ​ពី​ស្ថាប័ន​ធំៗ ចំនួន​៦៩ មក​ពី​ជុំវិញ​ពិភពលោក) នឹង​ត្រូវ​ទៅ​ទទួល​រង្វាន់​នេះ​នៅ​សហរដ្ឋ​អាមេរិក​ក្នុង​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ខាង​មុខ​នេះ។ 

ឧបករណ៍​ដាំ​គ្រាប់​ស្រូវ អ៊ីឡាយ នេះ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​គោយន្ត​ដៃ​នៅ​ពេល​ដាំ។ ឧបករណ៍​នេះ​ប្រើ​កម្លាំង​ខ្យល់​ដោយ​រុញ​គ្រាប់​ពូជ​ស្រូវ​ចូល​ទៅ​ក្នុង​ដី​ស្រែ​ដែល​មាន​ទឹក។ អ៊ីឡាយ ជួយ​កសិករ​ក្នុង​ការ​កាត់​បន្ថយ​គ្រាប់​ពូជ​ស្រូវ ដោយ​ប្រើ​ក្នុង​ចន្លោះ​ពី ៣០ ទៅ ១០០​គីឡូក្រាម​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ហិកតា ខណៈ​តាម​ទម្លាប់ កសិករ​ប្រើ​គ្រាប់​ពូជ​ស្រូវ​ពី ២០០ ទៅ ៣៥០​គីឡូក្រាម​ក្នុង​មួយ​ហិកតា។

ឧបករណ៍​អ៊ីឡាយ ក៏​អាច​ជួយ​បង្កើន​ទិន្នផល​រហូត​ដល់ ២០​ភាគរយ ហើយ​ឧបករណ៍​នេះ​ក៏​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ជី និង​ថ្នាំ​កសិកម្ម​ផងដែរ។ ដំណាំ​ស្រូវ​ដាំ​ដោយ​ប្រើ​ឧបករណ៍ អ៊ីឡាយ ដុះ​ចេញ​ជា​ជួរ អាច​ស្រូប​យក​ពន្លឺ​ព្រះអាទិត្យ​បាន​ច្រើន និង​មាន​ខ្យល់​ចេញ​ចូល​បាន​ល្អ ដែល​អាច​ជួយ​ក្នុង​ការ​កាត់​បន្ថយ​បញ្ហា​ជំងឺ និង​កត្តា​ចង្រៃ​ផ្សេងៗ​បាន​ផង​ដែរ។ លើស​ពី​នេះ អ៊ីឡាយ ក៏​ជួយ​ដោះស្រាយ​បញ្ហា​កង្វះ​កម្លាំង​ពលកម្ម​ក្នុង​ការងារ​កសិកម្ម ដោយ​ប្រើ​ពេល​តែ ៤៥​នាទី​ប៉ុណ្ណោះ​ក្នុង​ផ្ទៃ​ដី​ស្រែ​មួយ​ហិកតា រីឯ​ការ​ព្រួស​ដោយ​ដៃ​កសិករ​ប្រើ​ពេល​ប្រហែល​ពីរ​ម៉ោង និង​ចំណាយ​ពេល​រាប់​សប្តាហ៍​បើ​ស្ទូង​ដោយ​ដៃ។ 

លោក សាន ប៊ុននីកា នាយក​គ្រប់គ្រង សហគ្រាស​សង្គម កសិកម្ម​ឈ្លាសវៃ ដែល​បាន​ស្រាវជ្រាវ​និង​ដឹកនាំ​ក្រុម​ការងារ​ផលិត​ឧបករណ៍ អ៊ីឡាយ បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់ ពេល​បាន​ដឹង​ថា ឧបករណ៍ អ៊ីឡាយ នេះ ទទួល​បាន​ពាន​រង្វាន់​ប្រកប​ដោយ​កិត្យានុភាព​នេះ ហើយ​ពេល​ខ្លះ​ខ្ញុំ​សឹង​តែ​មិន​ជឿថា​ ការ​ទទួល​ពាន​រង្វាន់​នេះ​វា​ជា​រឿង​ពិត»។ 

ក្នុង​នាម​ជា​កសិករ​មួយ​រូប​ផង​ដែរ លោក សាន ប៊ុននីកា បាន​មាន​ប្រសាសន៍​ថា ការ​ស្វែងរក​កម្លាំង​ពលកម្ម​ក្នុង​ការងារ​កសិកម្ម គឺ​ជា​ការ​លំបាក​មួយ រួម​ជាមួយ​នឹង​តម្លៃ​ឈ្នួល​កាន់​តែ​ថ្លៃ​ឡើងៗ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ លោក​ក៏​បាន​បន្ថែម​ទៀត​ថា៖ «នេះ​ជា​ភ័ស្តុតាង​មួយ​បង្ហាញ​ថា យើង​ជា​ខ្មែរ​ក៏​អាច​ធ្វើ​អ្វីៗ​បាន​ដែរ ឲ្យ​តែ​មាន​ឱកាស​និង​ធនធាន។ ដូច្នេះ ពាន​រង្វាន់​នេះ គឺ​ជា​សិមិទ្ធ​ផល​មួយ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំង​មូល»។

រដ្ឋាភិបាល​អូស្រ្តាលី តាម​រយៈ​កម្មវិធី​ខ្សែ​សង្វាក់​តម្លៃ​​កសិកម្ម​កម្ពុជា ហៅកាត់ថា កាវ៉ាក់ (CAVAC) បាន​និង​កំពុង​ជួយ​ដល់​កសិកម្ម​ឈ្លាសវៃ ដើម្បី​ផលិត​និង​ផ្សព្វផ្សាយ​ឧបករណ៍ អ៊ីឡាយ នេះ។ នេះ​គឺ​ជាផ្នែក​មួយ​នៃ​កិច្ច​ខំ​ប្រឹងប្រែង​ដ៏​ធំធេង​របស់​រដ្ឋាភិបាល​អូស្រ្តាលី ដើម្បី​ជួយ​វិស័យ​កសិកម្ម​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត ផលិតភាព និង​ភាព​ធន់​នឹង​អាកាស​ធាតុ នៅ​ក្នុង​ប្រទេស​កម្ពុជា។ 

វិទ្យាស្ថាន​ស្រាវជ្រាវ​ដំណាំ​ស្រូវ អន្តរជាតិ ដែល​ហៅ​កាត់​ថា អ៊ីរី (IRRI) នៅ​ប្រទេស​ហ្វីលីពិន ក៏​បាន​និង​កំពុង​ធ្វើការ​សាកល្បង​និង​បង្ហាញ​ពី​ឧបករណ៍ អ៊ីឡាយ នៅ​ក្នុង​កន្លែង​ប្រមូលផ្តុំ​បច្ចេកវិទ្យា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ហ្វីលីពិន ផងដែរ។ អ៊ីរី សង្ឃឹម​ថា ឧបករណ៍ អ៊ីឡាយ នេះ នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅ​ក្នុង​ចំណោម​បណ្តា​ប្រទេស​នៅ​អាស៊ី និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត។

សហគ្រាស​សង្គម កសិកម្ម​ឈ្លាស​វៃ ជា​ផ្នែក​មួយ​របស់ Brooklyn Bridge to Cambodia (BB2C) ដែល​ប្តេជ្ញា​​ស្វែងរក​នូវ​ដំណោះស្រាយ​ប្រក​បដោយ​ភាព​ច្នៃ​ប្រឌិត សម្រាប់​ជួយ​ដល់​កសិករ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ កសិកម្ម​ឈ្លាស​វៃ លក់​ឧបករណ៍​កសិកម្ម​ផ្សេងៗ​ទៀត ដែល​ត្រូវ​បាន​រៀបចំ រចនា និង​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា រួមមាន ស្នប់​បូម​ទឹក ប្រព័ន្ធ​ស្រោច​ស្រព និង​ឧបករណ៍​ដាំ​គ្រាប់​ស្រូវ​ជាដើម៕ 




អត្ថបទបន្ទាប់


ដើម​ទុន​សរុប​ធនាគារ​អេស៊ីលីដា កើន​ដល់​ជិត​៤០០​លាន​ដុល្លារ ក្រោយ​ពី​បន្ថែម​ជាង​៣៦​លាន​ដុល្លារ

ធនាគារ អេស៊ីលីដា បាន​ប្រកាស​បន្ថែម​ទុន​ចំនួន​ជាង ៣៦​លាន​ដុល្លារ ពី​លើ​ដើម​ទុន​របស់​ខ្លួន​ដែល​មាន​នៅ​បច្ចុប្បន្ន ជាង ៣៥០​លាន​ដុល្លារ​…

ម៉ាឡេស៊ីសុខចិត្តបង់ខាត ១៥លានដុល្លារ ដើម្បីផ្អាកគម្រោងផ្លូវរថភ្លើងល្បឿនលឿន ពីទីក្រុងកូឡាឡាំពួរ ទៅសាំងហ្គាពួរ

នៅទីបំផុត គម្រោងផ្លូវរថភ្លើងល្បឿនលឿនពីទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ទៅប្រទេសសាំងហ្គាពួរ ប្រវែងជាង៣០០ គីឡូម៉ែត្រនោះ ត្រូវបានរដ្ឋាភិបា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ