
លោក អុឹម សុធារិទ្ធ បានមានប្រសាសន៍ថា«យើងបាននាំចេញទីក្រៅប្រទេសតែ៥ប្រទេសទេ ទីផ្សាធំរបស់យើងគឺនៅក្នុងស្រុក យើងនាំចេញគឺតិចមែនទែន ។ដូចខ្ញុំនិយាយមិញចឹង យើងផលិតដើម្បីតែក្នុងស្រុកទេ គឺដើម្បីកាត់បន្ថយការនាំចូលឲ្យនៅទាប»។ ចំពោះទីផ្សារនៅក្រៅស្រុកវិញ ត្រូវបាននាយកផ្នែកទំនាក់ទំនងសាធារណៈរូបនេះបញ្ជាក់ថា «សម្រាប់ពេលនេះ យើងអត់មានគម្រោងទេ ប៉ុន្តែមានក្រុមហ៊ុនមួយចំនួន ដូចនៅបារាំង កូរ៉េខាងត្បូង នៅចិន នៅម៉ាឡេស៊ី នៅអាមេរិកអី យើងបាននាំទៅដែរ តែនាំទៅតិច យើងគ្រាន់តែនាំទៅឲ្យតែមានតែប៉ុណ្ណោះ ហើយបើនិយាយឲ្យមែនទែន តម្រូវការរបស់យើងនៅទីនេះ គឺផលិតមិនទាន់ផង»។

តាមការបញ្ជាក់បន្ថែមពីលោក អុឹម សុធារិទ្ធ ក្រុមហ៊ុនខ្មែរប៊ែវើរីជីស ទោះបីកំពុងតែពង្រីកទីផ្សារក្នុងស្រុកក៏ពិតមែន តែមិនទាន់មានគម្រោងនឹងវិនិយោគបន្ថែមលើផលិតថ្មីទៀតទេ ដោយត្រូវពង្រឹងនិងពង្រីកផលិតផលដែលមានស្រាប់សិន។ តួយ៉ាងការរៀបចំកម្មវិធីសិល្បៈស្រុកយើង ដែលនឹងត្រូវមានការសម្តែងពេញមួយឆ្នាំនៅរោងចក្រផលិតនាពេលនេះ ត្រូវបានលោកចាត់ទុកថា ជាយុទ្ធសាស្ត្រមួយសម្រាប់ទាក់ទាញការគាំទ្របន្ថែមពីសាធារណជនទៅលើផលិតផលភេសជ្ជៈរបស់ក្រុមហ៊ុនខ្មែរប៊ែវើរីជីស។

ក្រុមហ៊ុនខ្មែរប៊ែវើរីជីស គឹជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនជីបម៉ុង គ្រុប ដែលមានលោកជំទាវ ភាព ហៀក ជាប្រធានក្រុមប្រឹក្សាភិបាល ហើយកូនប្រុសពៅរបស់លោកជំទាវ គឺ ឧកញ៉ា លាង ពៅ ជាអ្នកមើលការខុសត្រូវក្រុមហ៊ុនខ្មែរប៊ែវើរីជីសនេះដោយផ្ទាល់។ នៅក្នុងកិច្ចសម្ភាសន៍កន្លងទៅជាមួយអ្នកសារព័ត៌មាន ឧកញ៉ា លាង ពៅ ធ្លាប់បានប្រាប់ថា ក្រុមហ៊ុនជីប ម៉ុង គឺជាក្រុមហ៊ុនឈរនៅលំដាប់ទី៣ ក្នុងប្រទេសកម្ពុជា ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុននេះបាននឹងកំពុងពង្រីកសក្តានុពលរបស់ខ្លួនស្ទើរគ្រប់វិស័យ និងមានសន្ទុះយ៉ាងលឿន ដែលហាក់ដូចជាចង់គ្រប់គ្រងតំណែងជាអ្នកគ្រប់គ្រងក្រុមហ៊ុនលេខ ១នៅក្នុងស្រុកតែម្តង៕