តួយ៉ាង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទើបតែបានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុនចិន SHANGHAI DRINK NOD CO.LTD ដើម្បីនាំផលិតផលស្រាបៀរ និងភេសជ្ជៈ ទៅលក់ចែកចាយក្នុងទីផ្សារប្រទេសចិន ដែលជាទីផ្សារដ៏មានសក្ដានុពល និងមានអ្នកប្រើប្រាស់ច្រើនជាងគេនៅលើពិភពលោក។
អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានគូសបញ្ជាក់ថា ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីស្ដង់ដារគុណភាពគ្រប់គ្រាន់ និងភាពជឿជាក់របស់ក្រុមហ៊ុនចិន មកលើផលិតផលកម្ពុជា ខណៈកន្លងមកភាគច្រើន កម្ពុជាធ្លាប់តែងតែនាំចូលទំនិញពីចិន ប៉ុន្ដែឥឡូវនេះ ផលិតផលរបស់កម្ពុជាកាន់តែច្រើន បាននាំចេញទៅកាន់ប្រទេសចិន និងបណ្ដាប្រទេសផ្សេងៗទៀតជាបន្ដបន្ទាប់។
ជាមួយគ្នានេះ លោក គ្រីស តេ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន សៀងហៃ ទ្រីង ណត់ ខូអិលធីឌី បានគូសបញ្ជាក់ថា ការចាប់ដៃគូជាមួយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសនាពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះឡើយ ប៉ុន្ដែ លោកបានស្គាល់ក្រុមហ៊ុនខ្មែរមួយនេះ យ៉ាងច្បាស់ តាមរយៈការណែនាំពីសំណាក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ លោករំពឹងខ្ពស់ថា កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរ មិនត្រឹមតែជាការធ្វើពាណិជ្ជកម្មនោះទេ ប៉ុន្ដែ នឹងអាចមានការវិនិយោគរួមគ្នានាពេលអនាគតផងដែរ។
លោក គ្រីស តេ មានប្រសាសន៍ថា «អ្វីដែលខ្ញុំរំពឹងពីការចុះអនុស្សរណៈនេះ គឺរំពឹងថា ក្រុមហ៊ុនជីប ម៉ុង នឹងមានការរំពឹងទុកខ្ពស់មកលើខ្ញុំដូចគ្នា ពីព្រោះ យើងនឹងផ្ដល់ទីផ្សារសក្ដានុពល ដែលធំគ្រប់គ្រាន់ សម្រាប់ផលិតផលកម្ពុជា ពិសេសផលិតផលរបស់ ជីប ម៉ុង ដែលជាផលិតផលមោទនភាពរបស់កម្ពុជា។ យើងក៏សង្ឃឹមថា ក្រុមហ៊ុនទាំងពីរ នឹងជួយគាំទ្រគ្នាទៅវិញទៅមក ទាំងនៅពេលល្អ និងពេលមិនល្អ ហើយយើងនឹងធ្វើការជាមួយគ្នាកាន់តែជិតស្និតថែមទៀត»។
ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនខ្មែរដ៏ធំជាងគេមួយ ដែលបានវិនិយោគរាប់រយលានដុល្លារ លើខ្សែច្រវាក់ផលិតកម្មលំដាប់ពិភពលោក ជាមួយនឹងការអនុវត្តយុទ្ធសាស្ត្រប្រកបដោយនិរន្តរភាព។ តាមរយៈកិច្ចខំតខំប្រឹងប្រែងជិត១៥ឆ្នាំមកនេះ បានធ្វើឲ្យ ខ្មែរ ប៊ែវើរីជីស ទទួលបានការវាយតម្លៃខ្ពស់ពីអ្នកជំនាញ និងស្ថាប័នអន្តរជាតិលើស្តង់ដារផលិតផល និងរោងចក្រ រហូតទទួលបាន World-class Operation Management ជាពានរង្វាន់គ្រប់ គ្រងច្រវាក់ផលិតកម្មពិភពលោក, វិញ្ញាបនបត្រអន្តរជាតិធំៗពីរគឺ ISO 9001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងគុណភាព និង ISO14001 បញ្ជាក់ពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន, ព្រមទាំងមេដាយមាស Monde Selection ចំនួន ៣៧គ្រឿង ច្រើនជាងគេនៅកម្ពុជា ដែលបញ្ជាក់ពីការវាយតម្លៃគុណភាពផលិតផល។ ពិសេសជាងនេះទៀត ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏ជាក្រុមហ៊ុនខ្មែរតែមួយគត់ ក្នុងចំណោមក្រុមហ៊ុនទាំង១០ នៃអាស៊ាន ដែលទទួលបានពានរង្វាន់ «ស្ដង់ដារ និងការគ្រប់គ្រងដ៏ល្អឥតខ្ចោះ នៃប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារ» ពីកម្មវិធីពានរង្វាន់ បណ្ដាញសុវត្ថិភាព និងសុខុមាលភាពការងារអាស៊ានឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរីកាលពីពេលថ្មីៗនេះផងដែរ៕