នំខ្មែរ-នំបរទេស

នំបរទេសកំពុងវាយលុកទីផ្សារកម្ពុជា ខណៈនំខ្មែរបាត់បង់ជាបណ្តើរៗហើយ


នំខ្មែរ ដែលធ្លាប់តែមានការពេញនិយមច្រើនពីសំណាក់អតិថិជន បែរជាបាននិង​កំពុងបាត់បង់ការគាំទ្របន្តិចម្តងៗ ស្ទើរលែងស្គាល់ឈ្មោះទៅហើយ បន្ទាប់ពីយុវជនខ្មែររវល់តែឈ្លក់វង្វេងនឹងនំប្រ៊េនបរទេស ដែលបានចូលមកវាយលុកក្នុងទីផ្សារកម្ពុជាយ៉ាងសន្ធឹកសន្ធាប់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
នំខ្មែរ មានច្រើនប្រភេទណាស់ (រូបភាព៖ រ៉ឹម ភារី)
ដោយ

អ្នកស្រី រិន សាខុម ដែលជាអ្នកលក់នំផ្លែអាយ និង នំត្រៀបបាយជាង២០ បានត្អួញត្អែរពីបញ្ហាជីវភាព បន្ទាប់ពីនំរបស់អ្នកស្រីដែលធ្លាប់តែមានការគាំទ្រច្រើនកាលពីប៉ុន្មានឆ្នាំមុន បែរជាបាត់បង់ប្រជាប្រិយបន្តិចម្តងៗរហូតមកដល់សព្វថ្ងៃនេះ។

អ្នកស្រីបានប្រាប់ខេមបូណូមីសយ៉ាងដូច្នេះថា៖ «ក្មេងៗមិនសូវទិញទេ ពេលខ្ញុំទៅលក់នៅសាលា ម៉ាសាលាហ្នឹង យ៉ាងច្រើនទិញបួនដប់នាក់ទេ។ ពួកគេ ស្មានថា មួយកន្ទោង ៥០០រៀល តែពេលយើងលក់១ពាន់ វាអត់ទិញយើងទេ។ មិនមែនតែក្មេងស្ទាវទេ មនុស្សធំហ្នឹង ក៏តថ្លៃដែរ។ ថ្ងៃខ្លះ សល់ពេញចង្អេរ។ ចឹងបានថា នំខ្មែរ ថោកណាស់»។

នេះជាអ្នកស្រី រិន សាខុម អ្នកលក់នំផ្លែអាយ និង នំត្រៀបបាយនៅផ្សារទឹកថ្លា (រូបថត៖​ រ៉ឹម ភារី)

នៅកម្ពុជានំខ្មែរ ហាក់មិនសូវមានលក់នៅតាមហាងទំនើបដូចនំបរទេសនោះទេ។ នំខ្មែរ ដែលរួមមាន៖ នំគម នំអាកោ នំអន្សម នំបត់ នំគម នំចាំង នំផ្លែអាយ នំត្រៀបាយ… ច្រើនតែលក់នៅតាមរទេះរុញ រទេះម៉ូតូ កង់ និងដាក់ថាសលក់នៅតាមផ្សារផងដែរ។

តាមពិតទៅ នំខ្មែរ មានរសជាតិឈ្ងុញឆ្ងាញ់ និងមានតម្លៃទាបឆ្ងាយណាស់ បើធៀបជាមួយតម្លៃនំប្រ៊េនបរទេស។ ប៉ុន្តែ ផ្នត់គំនិតយុវជន ដែលយល់ថា ការញ៉ាំនំប្រ៊េនៗ ធ្វើឲ្យពួកគេមានជីវិតស៊ីវិល័យ កំពុងរុញច្រានឲ្យអ្នកលក់នំខ្មែរទាំងឡាយ ស្ទើរតែបាត់បង់អាជីពទៅហើយ។

អ្នកលក់នំអន្សមនៅភ្នំពេញ (រូបភាព៖ រ៉ឹម ភារី)

អ្នកស្រី ពេជ្រ សាមី   ដែលជាអ្នកធ្វើនំអន្សម នំគម នំចាំង និង នំបត់ជាង១០ឆ្នាំហើយ បានបង្ហាញអារម្មណ៍អាក់អន់ចិត្តចំពោះយុវជនខ្មែរ ដោយមិនសូវគាំទ្រនំខ្មែរ ដែលមានអាយុកាលរាប់សតវត្សរ៍មកហើយនោះ។

អ្នកស្រីបញ្ជាក់បែបនេះថា៖ «ភាគច្រើនមានតែចាស់ៗ ដែលទិញនំរបស់ខ្ញុំច្រើន តែក្មេងៗវាទិញតិច។ លក់រាយ មិនសូវប៉ុន្មានទេ តែនំខ្ញុំច្រើនតែមានគេមកកម៉្មង់ការ បុណ្យ ភ្ជាប់ពាក្យ…»។

អ្នកស្រី ពេជ្រ សាមី អ្នកលក់នំអន្សម នំគម នំបត់ និងនំចាំង នៅក្បែរសួនកុមារពោធិ៍ចិនតុង (រូបភាព៖ ហេង ភារម្យ)

អ្នកស្រី ពេជ្រ សាមី និង អ្នកស្រី រិន សាខុម បានសំណូមពរឲ្យសាធារណជន ជាពិសេស យុវវ័យ គួរងាកមកគាំទ្រនំខ្មែរវិញ ដើម្បីឲ្យអ្នកប្រកបអាជីពនេះអាចរស់ទៅមុខទៀត និង អាចជួយថែរក្សាអត្តសញ្ញាណនំខ្មែរឲ្យបានគង់វង្សរាប់ជំនាន់បន្តទៀត៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន​អាកាសចរណ៍​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​កម្ពុជា​-ចិន កើន​ដល់​១៥​ក្រុមហ៊ុន​ហើយ!

ចិន​មិន​ត្រឹម​តែ​ឈរ​លេខ​១ លើ​កា​រ​វិនិយោគ ជា​ប្រទេស​ម្ចាស់​ជំនួយ និង​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​គេ​មក​កម្ពុជា​ប៉ុណ្ណោះ​នោះ​ទេ បច្ចុប្ប…

អាមេរិក​គ្រោង​បោះទុន ៥០០​លាន​ដុល្លារ វិនិយោគ​លើ​វិស័យ​ថាមពល​អគ្គិសនី​នៅ​កម្ពុជា

ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​របស់​កម្ពុជា នា​ពេល​បច្ចុប្បន្ន ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ ខណៈ​ដែល​មាន​ម្ចាស់​រោងចក្រ​និង​សហគ្រាស​ជា​ច្រើន ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ